ពលរដ្ឋខ្មែរបួននាក់ក្នុងចំណោមចំណាប់ខ្មាំងចំនួន ២៦នាក់ដែលត្រូវបានដោះលែងពីការចាប់ជំរិតដោយពួកចោរសមុទ្រសូម៉ាលីនឹងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃសុក្រនេះឆ្លងកាត់តាមប្រទេសហ្វីលីពីន នេះបើយោងតាមលោកស្រី Debra Havins នាយកជាន់ខ្ពស់ផ្នែកកិច្ចការសាធារណៈសកលនៃមូលនិធិ One Earth Future។
ទូកនេសាទរបស់តៃវ៉ាន់មួយគ្រឿងឈ្មោះ Naham 3 ត្រូវបានចោរសមុទ្រសូម៉ាលីប្លន់កាលពីខែមីនា ឆ្នាំ២០១២ ដែលនៅលើនោះមានមនុស្សចំនួន២៩នាក់។ ប៉ុន្តែ សមាជិកម្នាក់បានស្លាប់បាត់បង់ជីវិតនៅពេលដែលនាវានោះត្រូវបានចោរប្លន់ ហើយពីរនាក់ទៀតបានឈឺស្លាប់ក្រោយពេលត្រូវចាប់ជំរិត នេះបើយោងតាមលោក John Steed អ្នកសម្របសម្រួលនៃគម្រោង Hostage Support Partners។
ចំណាប់ខ្មាំងចំនួន២៦នាក់ដែលនៅរស់រានមានជីវិតរួមមានជនជាតិ ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី តៃវ៉ាន់ និងកម្ពុជាចំនួន៤នាក់។ ពួកគេត្រូវបានចាប់ខ្លួនទៅប្រទេសសូម៉ាលី ហើយត្រូវបានដោះលែងក្រោយមានការចរចារយៈពេលជាង៣ឆ្នាំរវាងលោក John Steed អ្នកសម្របសម្រួលនៃគម្រោង Hostage Support Partners ជាមួយនឹងក្រុមចោរសមុទ្រសូម៉ាលីដែលទាមទារប្រាក់លោះរាប់លានដុល្លារ។
អ្នកតំណាងចោរសមុទ្រ Bile Hussein បានអះអាងថា ខ្លួនទទួលបានប្រាក់លោះចំនួន ១លាន ៥សែនដុល្លារជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងទាំងនោះ។ ប៉ុន្តែលោកស្រី Havins បានប្រាប់ VOA ផ្សាយជាខេមរភាសាថា អង្គការ Hostage Support Partners មិនបានបង់ប្រាក់លោះឲ្យចោរសមុទ្រនោះទេ។
«ចោរសមុទ្រសូម៉ាលីបានទាមទារប្រាក់លោះយ៉ាងច្រើន។ ភ្នាក់ងារ Ocean beyond Piracy ឬគម្រោង Hostage Support Partners មិនបានបង់ប្រាក់លោះឲ្យពួកគេនោះទេ។ យើងមិនបានដឹងអំពីប្រាក់លោះនោះទេ។ ផ្ទុយទៅវិញក្រុមចោរសមុទ្របានរាយការណ៍ថាពួកគេទទួលបានប្រាក់លោះ ចំនួន១លាន ៥សែនដុល្លារ»។
ភ្នាក់ងារ Ocean beyond Piracy និងអង្គការ Hostage Support Partnersកំពុងសហការជាមួយនឹងរដ្ឋាភិបាលសូម៉ាលីដើម្បីជួយការពារដែនទឹករបស់សូម៉ាលី និងចាត់វិធានការផ្លូវច្បាប់ចំពោះជនដែលប្រព្រឹត្តអំពើប្លន់តាមសមុទ្រ។ បន្ថែមពីនេះទៅទៀត ពួកគេក៏កំពុងតែខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសសូម៉ាលី ដែលជាមូលហេតុដែលធ្វើឲ្យពួកគេប្រព្រឹត្តនូវអំពើដែលខុសច្បាប់ដើម្បីចិញ្ចឹមជីវិតផងដែរ៕