៤០ឆ្នាំ​បន្ទាប់​ពីមាន​​ប្រក្រតី​ភាព​ឡើង​វិញ ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ​នៅ​មានការវិវឌ្ឍន៍នៅ​ឡើយ

ទង់ជាតិ​របស់​សាធារណ​រដ្ឋ​ប្រជាមានិ​ត​ចិន​និង​ទង់ជាតិ​សហរដ្ឋ​អាមេរិក​បក់​រវិចៗ​នៅ​លើ​ផ្លូវ​ Pennsylvania Avenue ក្បែរ​សេតវិមាន​។

កាល​ពី៤០ឆ្នាំមុន ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក Jimmy Carter ​បាន​ចរចា​និង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​ប្រទេស​ចិន ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ខាង​ការទូតជា​ប្រក្រតីភាព​ឡើង​វិញ​រវាង​ប្រទេស​ទាំង២។ ​ក៏ប៉ុន្តែ ​ក្នុង​រយៈ​ពេល​៤០ឆ្នាំ​កន្លងមកនេះ ការរីក​លូត​លាស់​សេដ្ឋ​កិច្ច​ដ៏​អស្ចារ្យ​របស់​ចិន​ហើយនឹង​ការ​ដាក់​ទណ្ឌកម្ម​ខាង​ពាណិជ្ជ​កម្ម​របស់​សហរដ្ឋ​អា​មេ​រិក​កាល​ពី​ឆ្នាំទៅ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​ធ្វើឲ្យ​ប្រទេស​ទាំង២​ប្រុង​ប្រយ័ត្នទៅ​វិញ​ទៅមក។​

៤ទសវត្សរ៍​បន្ទាប់​ពីការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងដាក់ចំណងទាក់​ទង​ជា​ប្រក្រតី​នោះ ​អតីត​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​លោក Jimmy Carter បានផ្តល់​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​លោក​ស្រី​ Greta Van Susteren នៃ VOA។ លោក Carter និយាយ​យោង​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​១៩៧៩​ថា​ជាការ​ជោគជ័យ​ដ៏យូរ​អង្វែង​មួយ។អតីត​ប្រធានា​ធិបតី​អាមេរិក​លោក Jimmy Carter បាន​ថ្លែងថា៖ «អ្វីដែល​លោក តេង សៀភីង ​ជា​មេដឹកនាំ​ចិន​កាលពីពេល​នោះ​បាន​សន្យា​ចំពោះ​ប្រជាពលរដ្ឋ​ចិន និង​ពិភពលោកនិង​សហរដ្ឋ​អាមេរិក​ហើយ​នឹង​ខ្ញុំផ្ទាល់គឺ ការ​បើក​ចំហរ​និងការ​ធ្វើ​កំណែទម្រង់។ ហើយ​ពួក​គេ​មាន​ការកែទម្រង់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន។ មិនមាន​សហគ្រាស​ឯកជន​ក្នុង​ប្រទេស​ចិន​កាល​ពី​ពេល​មុន​នោះទេ។ ហើយ​បន្ទាប់មក ​ចិន​បាន​ក្លាយ​ជាប្រទេស​ដ៏​ខ្លាំង​និងសង្គមបើក​ចំហរ​មួយ ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​ជំនួញ»។

លោក​មិនយល់​ស្រប​ជាមួយ​ការ​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋបាល​ត្រាំ​ប្រឆាំង​នឹង​រដ្ឋាភិ​បាល​ក្រុង​ប៉េកាំង​ទេ​ហើយបាន​ចង្អុលបង្ហាញ​ដល់​ការ​ធ្វើ​សម្បទាន​របស់​ចិន​ដល់​សហរដ្ឋ​អាមេរិក​ចាប់តាំង​ពី​សន្និសីទ​កំពូល G-20 ​កាល​ពី​ឆ្នាំ​ទៅ​ក្នុង​ប្រទេស​អា​ហ្សង់​ទីន​មក។អតីត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក Jimmy Carter បាន​ថ្លែងបន្ត​ទៀត​ថា៖ «ចិន​បាន​យល់​ព្រម​ធ្វើ២ឬ៣ចំណុច។​ ទី​មួយគឺ​ព្រមទិញ​សណ្តែកសៀង​កាន់​តែ​ច្រើន​ឡើង។ចិន​បាន​ទិញ​សណ្តែក​សៀង​អាមេរិកាំង​២ដង​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត។ ចិន​ក៏​បាន​សន្យា​បើក​ចំកាស​ឱកាស​ខាង​វិនិយោគទុន​សម្រាប់​ក្រុម​ហ៊ុន​អាមេរិកាំង​ក្នុង​ប្រទេស​ចិនដែរ។ ​នៅពេល​ដែល​យើងមិន​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​ចិន ការណ៍​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យើងទាំង២ ​មិន​មែន​ត្រឹម​តែ​យើងនិង​ប្រទេស​ចិន​ទេ ​ក៏ប៉ុន្តែ វាក៏​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេ​រិក​ដែរ»។

ក៏​ប៉ុន្តែ ​លោក Christopher Johnson ​អ្នកជំនាញ​ខាង​ប្រទេស​ចិន ​គិតថា ​ប្រធា​នា​ធិបតី ដូណាល់ ​ត្រាំ ​បាន​ធ្វើ​កំហុសដោយ​ដកសហរដ្ឋ​អាមេរិក​ចេញ​ពីកិច្ច​ព្រម​ព្រៀងភាព​ជាដៃគូឆ្លងកាត់​មហាសមុទ្រប៉ាស៊ីហ្វិកឬ TPP ។ លោក​ Christopher Johnson នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សាយុត្តិសាស្រ្ត​និង​អន្តរជាតិ​និយាយ​ថា៖ «ជាគោល​ការណ៍​ បញ្ហា​ប្រឈម​ភាគ​ច្រើន​ដែលយើង​កំពុង​ប្រឈម​នៅ​ក្នុង​ទំនាក់​ទំនងសេដ្ឋ​កិច្ច​និង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយចិននៅពេល​ឥឡូវនេះ​ត្រូវ​បាន​ដោះ​ស្រាយក្នុង​កិច្ច​ព្រម​ព្រៀងភាព​ជា​ដៃគូ​ឆ្លងកាត់​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​ឬ TPP។ ជាពិសេស ​បញ្ហា​សំ​ខាន់​ៗ​ពាក់​ព័ន្ធ​នឹងការ​ឧបត្ថម្ភប្រាក់​ដល់​សហគ្រាសដែល​គ្រប់​គ្រង​ដោយ​រដ្ឋ បញ្ហា​នានា​ដូច​ជា​ការ​បង្ខំ​ឲ្យ​ផ្ទេរបច្ចេក​វិទ្យា ​បញ្ហា​ពាក់​ព័ន្ធនឹង​ការការពារ​សិទ្ធិ​កម្មសិទ្ធិ​បញ្ញា កិច្ច​ព្រម​ព្រៀងភាព​ជាដៃគូឆ្លងកាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិកឬ TPP បាន​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ជា​ច្រើនដែរហើយ​ថា ជានិច្ច​កាល​មាន​ទំនោ​ធ្វើ​ការ​ល្អជាមួយ​ចិន​នៅ​ពេល​ដែល​ក្រុម​ប្រទេស​ទាំង​នេះ ​មាន​បញ្ហា​ដោះ​ស្រាយ​ជាមួយ​ចិន»។

តើ​ទំនាក់​ទំនង​នៅ​ពេល​អនាគត​ឆាប់​ៗរវាង​អាមេរិក​និង​ចិន​យ៉ាង​ដូចម្តេចដែរ? ។លោក Christopher Johnson បាន​និយាយ​ទៀត​ថា៖ «ក្នុង​រយៈ​ពេល​ខ្លី ​ខ្ញុំ​មានការ​ព្រួយ​កង្វល់។យើង​កំពុង​ឃើញភាព​កាន់តែយ៉ាប់​យ៉ឺនឡើង​នៅ​ក្នុង​ទំនាក់​ទំនង​យុទ្ធ សាស្រ្ត​ទាំង​មូល ​ជាទំនាក់​ទំនង​ដ៏​អាក្រក់បំផុត​ដែល​យើ​ងបាន​ឃើញ​ជា​យូរយា​ណាស់​មក​ហើយ។ ការរង្កៀស​ចិត្ត​ខាង​សេដ្ឋ​កិច្ច​និង​ពាណិជ្ជកម្ម ​គ្រាន់​តែ​ជា​រោគសញ្ញា​នៃ​ជំងឺ​កាន់​តែខ្លាំង​ឡើង​ដែល​តម្រូវ​ឲ្យ​យើងរកវិធីសម្រាប់ធ្វើ​ឲ្យ​មហាអំណាច​ធំ​២​នេះ​ត្រូវរ៉ូវ​គ្នា​វិញ»។

​លោក Johnson ​និយាយ​បន្ថែម​ទៀត​ថា ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាការ​សំខាន់ដល់​សហរដ្ឋ​អាមេរិក​ដើម្បី​ជំរុញ​ឲ្យ​កូរ៉េខាង​ជើងលប់​បំបាត់​អាវុធ​នុយក្លែអ៊ែ៕

ប្រែសម្រួល​ដោយ​ជឹង ​ប៉ូជីន