អតីត​ប្រធានាធិបតី​អាមេរិក​ លោក HW Bush និង​លោកស្រី Barbara​ ដែល​ជា​ភរិយា​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចាកចេញ​ពី​កន្លែង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​កាសែត​ចុងក្រោយ​របស់​លោក កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ក្នុង​សេតវិមាន។

អតីត​ប្រធានាធិបតី​អាមេរិក លោក George H.W. Bush ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Houston រដ្ឋ​ Texas។ ឥឡូវ​នេះ​លោក​កំពុង​តែ​សម្រាក ក្រោយ​ពី​គ្រូពេទ្យ​បាន​ធ្វើ​ប្រតិបត្តិការ​ការពារ​និង​សម្អាត​ផ្លូវ​ដង្ហើម​របស់​លោក។ នេះ​បើ​យោង​តាម​លោក Jim McGrath ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រុម​គ្រួសារ​លោក Bush។ អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​បាន​និយាយ​ថា ស្ថានភាព​សុខភាព​របស់​លោក Bush មាន​ភាព​នឹង​នរ ហើយ​លោក​ត្រូវ​ស្ថិត​ក្នុង​បន្ទប់ ICU ដើម្បី​ឲ្យ​គ្រូពេទ្យ​តាមដាន​ត​ទៅ​ទៀត។​

លោក McGrath ក៏​បាននិយាយ​ថា ភរិយា​របស់​លោក Bush លោកស្រី Barbara Bush ក៏​ត្រូវ​ទៅ​កាន់​មន្ទីរពេទ្យ​ដូចគ្នា​នេះ​ដែរ​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ពិនិត្យ​សុខភាព បន្ទាប់​ពី​លោក​ស្រី​មាន​អាការៈ​អស់​កម្លាំង ​និង​ក្អក។

ប្រធានាធិបតី​ទី​៤១​របស់​អាមេរិក​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​សៅរ៍​ដោយសារ​បញ្ហា​ពិបាក​ដក​ដង្ហើម។

លោក McGrath បាន​និយាយ​ថា លោក Bush ក្នុង​វ័យ​៩២​ឆ្នាំ​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ ដោយសារ​តែ​ជំងឺ​សួត ហើយ​ដំណើរ​ការវះកាត់​ដែល​លោក Bush បាន​ឆ្លង​កាត់​តម្រូវ​ឲ្យ​ការ​ដាក់​ថ្នាំ​សណ្តំ​ផង​ដែរ។​

នៅ​ក្នុង​សន្និសីទ​កាសែត​ចុង​ក្រោយ​បង្អស់​កាល​ពី​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែល​នឹង​ត្រូវ​ចប់​អាណត្តិ​ក៏​បាន​និយាយ​ថា សេតវិមាន​បាន​ទាក់ទង​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​លោក Bush ជាប់​រហូត។

លោក George H.W. Bush មាន​ជំងឺ Parkinson's និង​ត្រូវ​ប្រើ​រទេះ​ជន​ពិការ​ដើម្បី​ធ្វើ​ដំណើរ៕