បុគ្គលិកនៃគណៈកម្មាធិការរដ្ឋសភាសហរដ្ឋអាមេរិកចំនួន ៣ ដែលកំពុងផ្ដោតលើការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង គ្រោងនឹងរៀបចំសវនាការបិទទ្វារនៅថ្ងៃព្រហស្បតិ៍នេះសម្រាប់ការផ្ដល់សក្ខីកម្មរបស់លោក Kurt Volker អតីតបេសកជនសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែនដែលទើបលាលែងពីតំណែងកាលពីពេលថ្មីៗនេះ។
សំណួរដែលនឹងចោទសួរលោក Volker ទំនងជាផ្ដោតលើកិច្ចសន្ទនាតាមទូរស័ព្ទកាលពីខែកក្កដារវាងលោក Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky សកម្មភាពរបស់លោក Volker បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទនេះ និងសកម្មភាពរបស់លោក Rudy Giuliani ដែលជាមេធាវីផ្ទាល់ខ្លួនរបស់លោក Trump ពាក់ព័ន្ធនឹងការចោទប្រកាន់ដែលថាលោក Trump បានដាក់សម្ពាធលើលោក Zelensky ឲ្យស៊ើបអង្កេតលើអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden។
ការចោទប្រកាន់ទាំងនេះបានធ្វើឡើងនៅក្នុងពាក្យបណ្ដឹងរបស់អ្នកលួចបញ្ចេញព័ត៌មានសម្ងាត់ ដែលត្រូវបានបញ្ចេញជាសាធារណៈកាលពីសប្ដាហ៍មុន។ ពាក្យបណ្ដឹងនោះបានបញ្ជាក់ថា យោងទៅតាមមន្ត្រីសេតវិមានជាច្រើននាក់ លោក Trump បានដាក់សម្ពាធលើលោក Zelensky ឲ្យ «ជួប ឬក៏និយាយជាមួយនឹងមនុស្សពីរនាក់ដែលលោកប្រធានាធិបតី Trump បានតែងតាំងយ៉ាងច្បាស់ជាបេសកជនផ្ទាល់ខ្លួនរបស់លោកនៅក្នុងរឿងនេះ» ដែលនោះគឺលោក Giuliani និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក William Barr។
លោក Volker បានលាលែងពីតំណែងមួយថ្ងៃក្រោយមក បន្ទាប់ពីពាក្យបណ្ដឹងរបស់អ្នកលួចបញ្ចេញព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
លោក Volker បានជួយព្យាយាមរៀបចំឲ្យមានការជួបពិភាក្សាគ្នារវាងលោក Giuliani និងលោក Zelensky។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ឆ្លើយតបទៅនឹងសំណើរបស់ទីប្រឹក្សារបស់លោក Zelensky លោក Volker បានរៀបចំឲ្យទីប្រឹក្សានោះទាក់ទងជាមួយនឹងលោក Giuliani។
ពាក្យបណ្ដឹងរបស់អ្នកលួចបញ្ចេញព័ត៌មាននោះបានបញ្ជាក់ថា មួយថ្ងៃក្រោយមកបន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងលោក Trump និងលោក Zelensky លោក Volker និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហភាពអឺរ៉ុបលោក Gordon Sondland បានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន និងបុគ្គលនយោបាយផ្សេងទៀត៕