កាលពីថ្ងៃពុធ លោកអគ្គលេខាធិការអ.ស.ប.បានតែងតាំងអតីតអ្នកការទូតស.រ.អា.ប្រចាំអាជីពម្នាក់ឱ្យកាន់តំណែងជាប្រធានផ្នែកនយោបាយនៃអង្គការនេះ។
លោក Antonio Guterres បានតែងតាំងលោកស្រី Rosemary DiCarlo ឱ្យកាន់តំណែងជាអគ្គលេខាធិការរងនៃអ.ស.ប.ខាងកិច្ចការនយោបាយ។លោកស្រីជាស្ត្រីទីមួយដែលកាន់តំណែងនេះ។
ចាប់តាំងពីខែសីហាឆ្នាំ២០១៥មកលោកស្រី DiCarlo ជាប្រធាននៃគណៈកម្មាធិការជាតិអំពីគោលនយោបាយការបរទេសអាមេរិកាំងនិងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯសាកលវិទ្យាល័យ Yale។
នៅមុនកាន់តំណែងទាំងនេះ លោកស្រីបានបម្រើការជាឯកអគ្គរដ្ឋទូតរងរបស់ស.រ.អា.ប្រចាំអ.ស.ប.ពីឆ្នាំ២០១០ដល់ឆ្នា២០១៥។ នៅក្នុងអាជីពរបស់លោកស្រីក្នុងក្រសួងការបរទេសស.រ.អា.លោកស្រីបានកាន់តំណែងនៅក្នុងស្ថានទូតស.រ.អា.ប្រចាំក្រុងម៉ូស្គូនិងក្រុង Oslo។
លោកស្រី DiCarlo បានត្រូវគោរពច្រើនហើយពួកអ្នកការទូតឯទៀតៗបានស្វាគមន៍ជាបន្ទាន់ដល់ការប្រកាសតែងតាំងលោកស្រីក្នុងតំណែងថ្មីនេះតាមបណ្តាញសង្គម។
លោក Gerard Araud ឯកអគ្គរដ្ឋទូតបារាំងប្រចាំរដ្ឋធានី Washington ដែលបានបម្រើការកាលពីពេលមុនជាឯកអគ្គរដ្ឋទូតបារាំងប្រចាំអ.ស.ប.នៅពេលដែលលោកស្រី DiCarlo កាន់ការក្នុងអ.ស.ប. បានសម្តែងការសរសើររបស់លោកហើយលោកបាននិយាយបន្ថែមថាលោកស្រីជា «អ្នកការទូតដ៏ឆ្នើមម្នាក់»៕