អតីត​សកម្មជន​សហជីព​ម្នាក់​បដិសេធ​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ផែនការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ទេ

រូបឯកសារ៖ មនុស្ស​ម្នា​ ​ដើរ​កាត់​មុខ​​អគារ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

អតីត​សកម្មជន​សហជីព​មួយរូប​ លោក ​ឡេង សេងហុង​ បាន​បង្ហាញ​ខ្លួន​ក្នុង​សាល​សវនាការ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ផ្តល់​ចម្លើយ​ដល់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនង​របស់​លោក​ក្នុង​ចលនា​ឲ្យ​មាន​ការ​គាំទ្រ​ពី​មហាជន​ អនុវត្ត​ផែនការ​វិល​ត្រឡប់​ចូល​ប្រទេស​របស់​លោក ​សម​ រង្ស៊ី​ កាលពី​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩។​

មិន​ខុស​ពី​ជន​ជាប់​ចោទ​មុនៗ​ លោក ​ឡេង​ សេងហុង​ ដែល​ត្រូវ​បាន​ចោទ​ពី​បទ​រួម​«គំនិត​ក្បត់​ និង​ញុះញង់»​ ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សួរ​អំពី​ការ​ទទួល​ផែនការ​ពី​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​ខ្លះ​រស់​នៅ​ប្រទេស​កាណាដា​ នៅ​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​កៀរគរ​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​បើក​ផ្លូវ​ឲ្យ​លោក ​សម​ រង្ស៊ី​ បាន​ចូល​មក​ប្រទេស​កម្ពុជា។​

ក្នុង​ការ​សួរ​ដេញ​ដោល​នៅ​ក្នុង​សវនាការ​នា​ព្រឹកថ្ងៃ​អង្គារ​នេះ ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​សួរ​ឲ្យ​លោក ​ឡេង សេងហុង​ ឆ្លើយ​បំភ្លឺ​គោល​បំណង​ចូលរួម​សិក្ខា​សាលា​នៅ​ប្រទេស​ម៉ាឡេស៊ី ​និង​ប្រទេស​ថៃ​ កាលពី​អំឡុង​ឆ្នាំ​២០១៩​ ជា​ទី​ដែល​ត្រូវ​តុលាការ​សង្ស័យ​ថា ​មាន​ការ​ជួបជុំ​ក្រុម​ថ្នាក់​ដឹកនាំ​ មន្ត្រី​ និង​សកម្មជន​របស់​អតីតគណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​អនុវត្ត​ទម្រង់​បាតុកម្ម​ដូច​នៅ​ទីក្រុង​ហុងកុង​ និង​ប្រមូល​ក្រុម​ពលករ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ឲ្យ​មក​ចូល​រួម​ដំណើរ​វិល​ត្រឡប់របស់​អតីត​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី​ ចូល​ប្រទេស​កំណើត​វិញ។ ​

ប៉ុន្តែ​លោក​ ឡេង សេងហុង​ អាយុ​៣៤​ឆ្នាំ​ បាន​ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា​ លោក​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​មាតុភូមិ​និវត្តន៍​របស់​លោក​ សម រង្ស៊ី​ ក្រោម​ហេតុផល​ថា ​ផែនការ​ដែល​ទាមទារ​ឲ្យ​មហាជន​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ក្រោក​ឈរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ អាច​បង្ក​អសន្តិសុខ​ដល់​សង្គម។​

តំណាង​អយ្យការ​លោក ​សេង ហៀង ​បាន​តាំង​សំណួរ​ថា៖ ​«ក្នុង​នាម​លោក​ជា​ពលរដ្ឋ​លោក​យល់​ថា ​ផែន​ការ​វិល​ត្រឡប់​[នោះ]​ត្រឹមត្រូវ​ទេ?»​ លោក​ ឡេង​ សេងហុង ​តប​ភ្លាមៗ​ថា៖​ «ខ្ញុំ​គិត​ថា​ មិន​ត្រឹមត្រូវ​តាម​ច្បាប់»។​

តំណាង​អយ្យការ​បន្ត​សំណួរ​ថា៖​ «ហេតុអ្វី​ខុស​ច្បាប់?»​ លោក​ ឡេង​ សេងហុង ​ដែល​ជា​អតីត​ប្រធាន​សមាគម​ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ផង​នោះ​លើក​ឡើង​ដោយ​សំដៅ​ទៅ​លោក​ សម រង្ស៊ី​ ថា៖​ «ព្រោះ​គាត់​និយាយ​មក​ឲ្យ​ធ្វើ​សកម្ម​ភាព​ប្រមែប្រមូល​[ពលរដ្ឋ] ​ខ្ញុំ​គិត​ថា​ ជា​រឿង​នាំ​ឲ្យ​មាន​អសន្តិសុខ​សង្គម»។​

អំឡុង​ពេល​សួរ​ដេញដោល​ក្នុង​សវនាការ​ជាង​១​ម៉ោង តំណាង​អយ្យការ​លោក​ សេង ហៀង​ និង​មេធាវី​ការពារ​ជន​ជាប់​ចោទ​លោក​ សំ សុគង់​ បាន​ជជីក​សួរ​អំពី​ទំនាក់​ទំនង​របស់​លោក​ ឡេង សេងហុង ​ជាមួយ​នឹង​លោក ​ឃាន វិសេស​ ទាក់ទិន​ការ​ទៅ​ចូល​រួម​សិក្ខាសាលា​នៅ​ប្រទេស​ម៉ាឡេស៊ី ​និង​រយៈ​ពេល​នៃ​ការ​ស្គាល់​គ្នា​រវាង​លោក ​ឡេង សេងហុង​ និង​លោក ​ឃាន វិសេស។​

ប៉ុន្តែ​លោក​ ឡេង សេងហុង ​លើក​ឡើង​ក្នុង​សវនាការ​ថា​ ទំនាក់​ទំនង​របស់​លោក​ជាមួយ​លោក ​ឃាន វិសេស​ ដែល​ជា​អតីត​មន្ត្រី​ផ្នែក​រដ្ឋបាល​នៅ​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ ​គឺ​ជា​ទំនាក់​ទំនង​រាប់អាន​ជា​មិត្ត​ធម្មតា​ប៉ុណ្ណោះ។​ ហើយ​នៅ​ពេល​លោក​ស្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី ​អំឡុង​ឆ្នាំ​២០១៩​នោះ​ លោក​ក៏​មិន​បាន​ចូល​រួម​សិក្ខា​សាលា​រៀបចំ​ដោយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ ដោយសារ​លោក​ឃើញ​មាន​ឈ្មោះ​លោក ​សម រង្ស៊ី​ ក្នុង​បញ្ជី​នៃ​អ្នក​ចូលរួម។​

លោក​ ឡេង សេងហុង​ ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា​ ដោយហេតុ​លោក​ សម​ រង្ស៊ី ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ទោស​នៅ​តុលាការ​កម្ពុជា ដូច្នេះ​លោក​ខ្លាច​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​កំហុស​ឆ្គង​ណា​មួយ​ ទើប​បាន​ជា​លោក​មិន​ចូលរួម​សិក្ខាសាលា​នោះ។​

នៅ​ក្នុង​សំណុំ​រឿង​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​វិល​ត្រឡប់​របស់​លោក ​សម​ រង្ស៊ី ​កាលពី​ថ្ងៃ​ទី​៩ ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ​មាន​អ្នក​គាំទ្រ​ សកម្ម​ជន​ មន្ត្រី​គណបក្ស​តាម​បណ្តា​ខេត្ត ​និង​រាជធានី​ និង​ថ្នាក់​ដឹកនាំ​របស់​បក្ស​នេះ​យ៉ាង​ហោច​ណាស់​ជិត​១៤០​នាក់ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ​ឬ​រង​ការ​ចាប់​ខ្លួន​ទាក់​ទង​នឹង​បទ​«ក្បត់​ជាតិ» ​បទ ​«រួម​គំនិត​ក្បត់» ​ឬ​បទ​«ញុះ​ញង់​ឲ្យ​ប្រពឹត្ត​បទ​ឧក្រិដ្ឋ»​ជាដើម។ ​នេះ​បើ​យោង​តាម​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក ​អំ សំអាត ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​សំណុំ​រឿង​ចាក់​ស្រេះ​ខាង​លើ​ មិន​អាច​នឹង​បញ្ចប់​បាន​លឿន​នៅ​តុលាការ​ទេ​ ព្រោះ​ថា ​ជា​សំណុំ​រឿង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ។​លោក​ជឿ​ថា​ មាន​តែការ​ស្រុះស្រួល​ខាង​នយោ​បាយ​ប៉ុណ្ណោះ ​ទើប​អាច​បញ្ចប់​សំណុំ​រឿង​នេះ​បាន។​

«វា​ជា​បទ​ពិសោធន៍​កន្លង​មក​ បើ​សិន​ជា​ ការ​ចរចា​ផ្នែក​នយោបាយ​ ធ្វើ​ទៅ​បាន​ហើយ​មាន​ការ​ស្រុះ​ស្រួល​គ្នា​ទៅ​បាន​ អ៊ីចឹង​រឿង​ទាំង​អស់​ហ្នឹង​វា​...​រឿង​ទាំង​អស់​ហ្នឹង​ការ​បញ្ចប់​ វា​អាច​នឹង​ឆាប់​ទៅ​បាន​ ហើយ​វា​ជា​រឿង​មួយ​អាច​នឹង​ត្រូវ​បាន​ដោះស្រាយ​តាម​ផ្នែក​នយោបាយ​នោះ»។​

នៅ​ចុង​បញ្ចប់​សវនាការ​នៅ​ថ្ងៃ​អង្គារ​នេះ​ លោក​ចៅក្រម​ រស់​ ពិសិដ្ឋ ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ប្រកាស​បន្ត​សវនាការ​នៅ​ថ្ងៃ​ទី​២១​ ខែ​ធ្នូ​ ឆ្នាំ​២០២១ ​ខាង​មុខ៕