លោកស្រី Fiona Hill អតីតអ្នកជំនួយការកំពូលស្តីពីប្រទេសរុស្ស៊ីនិងតំបន់អឺរ៉ុបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានផ្តល់កសិណសាក្សីកាលពីថ្ងៃច័ន្ទថា លោកស្រីជំទាស់ប្រឆាំងនឹងការបណ្តេញលោកស្រី Marie Yovanovitch អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ុយក្រែន ហើយថា លោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិបានបញ្ជាឲ្យលោកស្រី Hill លើកឡើងនូវការព្រួយកង្វល់អំពីការខំប្រឹងប្រែងគាបសង្កត់ប្រទេសអ៊ុយក្រែនជាមួយពួកមេធាវីរបស់សេតវិមាន។
ការផ្តល់កសិណសាក្សីរបស់លោកស្រី Hill បានធ្វើឡើងសម្ងាត់ ក៏ប៉ុន្តែសេចក្តីលម្អិតបានត្រូវរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Associated Press កាសែត New York Times និងកាសែត Washington Post ដោយបានដកស្រង់សម្តីមនុស្សដែលបានដឹងពីការផ្តល់កសិណសាក្សីរបស់លោកស្រីមកចុះផ្សាយ។
លោក Goorge Kent ឧបការីរងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ផ្តល់កសិណសាក្សីកាលពីថ្ងៃអង្គារ។
កាលពីសប្តាហ៍មុន លោកស្រី Yovanovitch ជាអ្នកការទូតប្រចាំអាជីពរបស់ក្រសួង ការបរទេសសហរដ្ឋអាមេរិក បានប្រាប់សមាជិកសភាថា ប្រធានាធិបតីត្រាំបានបណ្តេញលោកស្រីចេញពីតំណែងដោយផ្អែកលើការអះអាងគ្មានមូលដ្ឋាននិងគ្មានការពិត បន្ទាប់ពីលោក Rudy Guiliani មេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីត្រាំគាបសង្កត់អំពីការបំពេញការងាររបស់លោកស្រីនៅក្នុងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន។
លោក Giuliani បានស្វះស្វែងធ្វើឲ្យអ៊ុយក្រែនស៊ើបអង្កេតលោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកនិងជាគូប្រជែងខាងនយោបាយរបស់ប្រធានាធិបតីត្រាំ និងតួនាទីដែលលោក Biden មានកាលពីប៉ុន្មានឆ្នាំមុននៅក្នុងការបណ្តេញរដ្ឋអាជ្ញាអ៊ុយក្រែននិងការជាប់ទាក់ទិនណាមួយដែលអាចមានទៅនឹងលោក Hunter Biden ដែលជាកូនប្រុសរបស់លោក Biden នៅក្នុងក្រុមប្រឹក្សានាយកក្រុមហ៊ុនប្រេង Burisma របស់អ៊ុយក្រែន។ ទាំងលោក Biden និងកូនប្រុសរបស់លោក បានបដិសេធថា ពួកលោកមិនបានធ្វើអ្វីខុសទេ ហើយកូនប្រុសរបស់លោក Biden បានចាកចេញពីសមាជិកក្រុមប្រឹក្សានាយកអស់ជាច្រើនខែមកហើយ៕