អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ដែលបានរក្សាការមិនចេញមុខមាត់ជាសាធារណៈចាប់តាំងពីការចាកចេញពីតំណែងមក បានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃសុក្រដោយមានសារសាមញ្ញមួយគឺថា «លោក អ្នក ចាំបាច់បោះឆ្នោតពីព្រោះលទ្ធិប្រជាធិបតេយ្យរបស់យើងពឹងផ្អែកលើការបោះឆ្នោតនេះ»។
លោក អូបាម៉ា បានប្រាប់ពួកនិស្សិតនៅឯសាកលវិទ្យាល័យ Illinois – Urbana Champaign ដែលនៅទីនោះលោក អូបាម៉ា បានសុខចិត្តទទួលយករង្វាន់ក្រមសីលធម៌ក្នុងអភិបាលកិច្ចល្អថា «បើក្រឡេកមើលចំណងជើងកាសែតកាលពីពេលថ្មីៗនេះនឹងប្រាប់អស់លោក អ្នក ថា នៅពេលនេះមានការខុសប្លែកយ៉ាងខ្លាំង។ ការប្រកួតប្រជែងការបោះឆ្នោតនេះមានកម្រិតខ្ពស់ខ្លាំងឡើង។ ផលវិបាកចំពោះយើងទាំងអស់គ្នាអង្គុយនៅខាងក្រៅសៃវៀនមានភាពកាន់តែធ្ងន់ធ្ងឡើង»។
ដោយធ្វើទៅតាមប្រពៃណី លោក អូបាម៉ា មានការស្ទាក់ស្ទើរក្នុងការធ្វើអត្ថាធិប្បាយជាសាធារណៈអំពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ អ្នកស្នងតំណែងពីលោក ថ្វីបើ តាមការពិត ប្រធានាធិបតី ត្រាំ បានរិះគន់លោក អូបាម៉ា ជារឿយៗ។
អតីតប្រធានាធិបតី អូបាម៉ា បាននិយាយថា ស្ថានភាពនយោបាយនៅពេលបច្ចុប្បន្នក្នុងរដ្ឋធានីវ៉ាស៊ីនតោនមិនបានចាប់ផ្តើមជាមួយលោក ដូណាល់ ត្រាំទេ។ លោកជារោគសញ្ញា មិនមានជាមូលហេតុទេ។ លោកគ្រាន់តែបានផ្តោតការយកចិត្តទុកដាក់លើភាពទោមនស្សដែលអ្នកនយោបាយបានលើកមកនិយាយជាច្រើនឆ្នាំមកហើយ៕