អតីតសមាជិក និងសកម្មជនគណបក្សសង្រ្គោះជាតិចំនួន ៩នាក់ ដែលកំពុងជាប់ឃុំ បានចេញលិខិតចំហមួយ ដោយបានអំពាវនាវឱ្យពលរដ្ឋបោះឆ្នោតឱ្យគណបក្សណាមួយដែលជាបក្សជំទាស់ និងដែលមានជំហរគាំទ្រប្រជាធិបតេយ្យ ដូចយ៉ាងគណបក្សភ្លើងទៀន ដែលទើបនឹងដំណើរការជាថ្មី ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនាខាងមុខ។
បើតាមលិខិតចំហសរសេរដោយដៃចេញពីពន្ធនាគារ ដែលវីអូអេទទួលបានកាលពីពេលថ្មីៗនេះ ក្រុមអតីតមន្ត្រីបក្សជំទាស់កំពុងជាប់ឃុំបានលើកឡើងក្នុងន័យដើមថា៖ «ក្នុងនាមជាអ្នកជាប់ឃុំ ក្រោមការចោទប្រកាន់ជាលេសនយោបាយយ៉ាងអយុត្តិធម៌ស្នើសុំឱ្យបងប្អូនជនរួមជាតិខ្មែរ កុំចាញ់កលល្បិច អ្នកនយោបាយណាមួយឱ្យសោះ ហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតតាមឆន្ទៈ និងសម្បជញ្ញៈរបស់ខ្លួន»។
លិខិតចំហដែលត្រូវបានចុះហត្ថលេខាដោយអតីតមន្រ្តី និងសកម្មជនគណបក្សសង្រ្គោះជាតិទាំង ៩នាក់រួមមាន លោក គង់ សំអាន លោក គង់ ប៊ុនថន លោក កែវ ថៃ លោក ពាត ម៉ាប់ លោក ជុំ ចាន់ លោក រឿង សំណាង លោក ស៊ុន ធន់ លោក ខាន់ ប៊ុនផេង និងលោក ហេង ច័ន្ទសុទ្ធី។
លោក កែវ សួរ កូនប្រុសរបស់លោក កែវ ថៃ ដែលជាអ្នកចុះហត្ថលេខាមួយរូបនៅក្នុងលិខិតចំហខាងលើនោះ យល់ថា លិខិតចំហនេះគឺមិនផ្ទុយនឹងច្បាប់ដែលមានជាធរមានណាមួយនោះទេ។
លោកបានថ្លែងថា៖ «ទាក់ទងនឹងសេចក្តីអំពាវនាវរបស់ពួកគាត់ ខ្ញុំយល់ឃើញថា ជាឆន្ទៈ ជាសិទ្ធិបញ្ចេញមតិ អ្នកជាប់ឃុំ»។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថានិកហ្វិច (NICFEC) លោកសំ គន្ធាមី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា មិនមានច្បាប់ណាមួយរារាំងទណ្ឌិតមិនឱ្យចេញលិខិត ដែលឆ្លុះបញ្ចាំងពីមតិរបស់ពួកគេពាក់ព័ន្ធនឹងគណបក្សណាមួយ ឬការបោះឆ្នោតនោះទេ។
លោកបាននិយាយថា៖ «បាទ អាហ្នឹងច្បាប់អត់មានហាមទេ។ អាហ្នឹងជាសេចក្តីបញ្ចេញមតិ ការបញ្ចេញមតិរបស់ពួកគាត់ទេណា។ គ្រាន់តែថា វាអត់មានហាមឃាត់គាត់ថា មិនឱ្យបញ្ចេញមតិទេ។ គាត់អាចបញ្ចេញមតិបាន»។
បើតាមលោកសំ គន្ធាមី ក្នុងករណីមានលិខិតចំហដូចខាងលើ គណបក្សដែលត្រូវបានគេអំពាវនាវឱ្យមានការបោះឆ្នោតគាំទ្រនោះ អាចយកលិខិតចំហនេះទៅផ្សព្វផ្សាយ ដើម្បីកៀរគររកសំឡេងគាំទ្រក្នុងថ្ងៃបោះឆ្នោត។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានគណបក្សនយោបាយចំនួន ១៧ បានចុះឈ្មោះជាផ្លូវការដើម្បីប្រកួតប្រជែងដណ្តើមយកអាសនៈក្រុមប្រឹក្សា ជាង ១១.០០០ អាសនៈ ដែលពេលនេះស្ថិតក្រោមការគ្រប់គ្រងស្ទើរតែទាំងអស់ដោយគណបក្សគ្រប់គ្រងប្រទេសគឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានប្រាប់វីអូអេតាមប្រព័ន្ធផ្ញើសារតេឡក្រាមថា បើទោះបីទណ្ឌិតអាចដាក់ចេញជាលិខិតចំហជំរុញឱ្យមានការគាំទ្រគណបក្សណាមួយក៏ដោយ សមត្ថកិច្ចពាក់ព័ន្ធនឹងស៊ើបអង្កេតថាតើមានការបំពានច្បាប់ស្តីពីគណបក្សនយោបាយឬទេ។
លោកបាននិយាយថា៖ «បាទ ការស្នើសុំហ្នឹង វាជាសិទ្ធិរបស់គាត់ទេ។ ប៉ុន្តែផ្លូវច្បាប់គេនឹងពិនិត្យមើលថែមទៀតថាតើគណបក្សនយោបាយហ្នឹងមានការពាក់ព័ន្ធយ៉ាងម៉េចខ្លះជាមួយទណ្ឌិត ព្រោះអីច្បាប់ស្តីពីគណបក្សនយោបាយគេហាម។ អ៊ីចឹងទិដ្ឋភាពផ្លូវច្បាប់គេនឹងពិនិត្យមើលថែមទៀតករណីហ្នឹង»។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បាននោះទេ គិតត្រឹមពេលបញ្ចប់របាយការណ៍នេះ។
គួរបញ្ជាក់ថា សកម្មជននយោបាយរបស់អតីតគណបក្សជំទាស់ខាងលើកំពុងស្ថិតក្នុងពន្ធនាគារក្រោមបទចោទ ដែលពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលប្រទេសមិនបានសម្រេចរបស់អតីតប្រធានគណបក្សសង្រ្គោះ ជាតិគឺ លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ និងការធ្វើអត្ថាធិប្បាយលើបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ពាក់ព័ន្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ និងសេដ្ឋកិច្ចរបស់ប្រទេស៕