អតីត​សកម្មជន​បក្ស​ជំទាស់ លោក គង់ រ៉ៃយ៉ា ចាក​ចេញ​ពី​បក្ស​កាន់​អំណាច ដោយសារ​ភាព​ពី​ការ​ចុះចូល​ក្លែងក្លាយ

អតីតសកម្មជនបក្សជំទាស់លោក គង់ រ៉ៃយ៉ា ឈរថតរូបជាមួយ​នាយករដ្ឋមន្ត្រីកម្ពុជានិង​មេដឹកនាំបក្សកាន់អំណាច​ លោក​​ហ៊ុន សែន។ (Facebook/Kung Raiya)

អតីត​សកម្មជន​គណបក្ស​ភ្លើងទៀន លោក គង់ រ៉ៃយ៉ា ដែល​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​សម្រេច​ចាក​ចេញ​ពី​គណបក្ស​កាន់​អំណាច ដោយ​សារភាព​ថា​លោក​ចុះ​ចូល កាល​ពី​ខែ​មិថុនា ដើម្បី​រក្សា​សុវត្ថិភាព​របស់​លោក​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ពេញ​ចិត្ត​ឡើយ។

នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក​ចុះ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ ដែល​វីអូអេ​ទទួល​បាន និង​ការ​ផ្តល់​បទ​សម្ភាសន៍​របស់​លោក​ទៅ​កាន់​អ្នក​សារព័ត៌មាន។

លោក គង់ រ៉ៃយ៉ា បញ្ជាក់​ក្នុង​លិខិត​លាលែង​ជា​សមាជិក​គណបក្ស​កាន់​អំណាច​នោះ​ថា​ លោក​លា​ឈប់​ពី​តួនាទី ដោយ​សារ​«មាន​ធុរៈ​ផ្ទាល់​ខ្លួន​មិន​អាច​បំពេញ​ការងារ​ជូន​គណបក្ស​តទៅ​ទៀត​បាន»។

ប៉ុន្តែ​តាម​ពិត លោក គង់ រ៉ៃយ៉ា បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ពុធ លោក គង់ រ៉ៃយ៉ា ថ្លែង​ថា​ ការ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​កន្លង​ទៅ គឺ​ដើម្បី​រក្សា​សុវត្ថិភាព​តែ​ប៉ុណ្ណោះ ដែល​ពេល​នោះ​លោក​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ភ្លើងទៀន ដែល​មាន​គម្រោង​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​មិន​ចុះ​បញ្ជី​គណបក្ស​សម្រាប់​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត។ លោក​បញ្ជាក់​ថា​លោក​ឃើញ​មាន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ជំទាស់​ផ្សេង​ទៀត ទើប​លោក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កុំឱ្យមាន​ការ​ចាប់​ខ្លួន។

លោកថ្លែង​ក្នុង​បទ​សម្ភាសន៍​នោះ​ថា៖ «​ថា​ហេតុ​អី​ចូល​ហើយ ចេញ​វិញ ជា​ការ​ពិត​ណាស់ គោល​បំណង​ដែល​ចូល ដើម្បី​សុវត្ថិភាព មិន​មែន​ចូល​ដើម្បី​បម្រើ​ការងារឱ្យគណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ»។

លោក គង់ រ៉ៃយ៉ា ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ពីរ​ដងបន្ថែម​ថា ​ក្រុម​ការងារ​របស់​គណបក្ស​កាន់​អំណាច​តែង​តែ​ប្រាប់ឱ្យលោក​វាយ​ប្រហារ​គណបក្ស​ជំទាស់ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ជំទាស់។

លោក​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា៖ «ដូច​ដែល​បង​ប្អូន​បាន​ឃើញ​ទៅ​លើ​សកម្មជន​មួយ​ចំនួន​ដែល​គាត់​បាន​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ហ្នឹង គឺ​ត្រូវ​តែ​ចេញ​វីដេអូនិយាយ​វាយ​ប្រហារ​គណបក្ស​ប្រឆាំង​»។

បន្ថែម​ពី​នេះ លោក គង់ រ៉ៃយ៉ា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មូល​ហេតុ​ដែល​លោក​ទើប​តែ​ចាក​ចេញ​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា ​ក្នុង​ពេល​ថ្មីៗនេះ​ គឺ​មិន​មែន​ជា​លេស ឬ​ក៏​ជា​ល្បិច​នយោ​បាយ​អ្វី​ឡើយ។

លោក​ថ្លែង​ថា​៖ «មូល​ហេតុ​ដែល​ខ្ញុំ​ទើប​តែ​ចាក​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ហ្នឹង​ ដោយ​សារ​តែ​ខ្ញុំ​បាន​ភៀស​ខ្លួន​មក​ក្រៅ​ប្រទេស។ ពេល​នេះ​គឺ​ខ្ញុំ​អត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​យល់​ថា ​ខ្លួន​រៀង​មាន​សុវត្ថិភាព​បន្តិច ទើប​ខ្ញុំ​អាច​ហ៊ាន​ប្រកាស​ជា​សាធារណៈថា ​ខ្ញុំ​បាន​ចាក​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា»។

លោក​បន្ត​ថា​ នៅ​ពេល​ដែល​លោក​ចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក​តែងតែរង​សម្ពាធ​ពី​ការបញ្ជា​ឱ្យ​វាយ​ប្រហារ​គណបក្ស​ជំទាស់។

លោក​បញ្ជាក់​ថា​៖ «នៅ​ពេល​ដែល​ខ្ញុំ​ចូលរួម​ជា​មួយ​នឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​ ខ្ញុំ​តែង​តែ​ត្រូវ​បាន​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​ហ្នឹង​ គាត់​ជំរុញ​ឱ្យ​ខ្ញុំ​វាយ​ប្រហា​រ​ទៅ​លើ​គណបក្ស​ប្រឆាំង​ ជំរុញ​ឱ្យ​ខ្ញុំ​និយាយ​ពី​អ្វី​ដែល​អាក្រក់ៗ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ប៉ុន្តែ​ចំណុច​ហ្នឹង​ ខ្ញុំ​តែង​តែ​រក​លេស​បដិសេធ»។

លោក គង់ រ៉ៃយ៉ា បន្ត​ថា​ លោក​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​ដែល​លោក​គិតថាលោក​មាន​សមត្ថភាព​គ្រប់​គ្រាន់ និងថា​លោក​នឹង​មិន​ចូល​រួម​ជា​មួយ​គណបក្ស​នយោបាយ​ណា​ទាំង​អស់​ ទោះ​បីជា​គណបក្ស​ភ្លើងទៀន​ក៏​ដោយ។

ក្រោយ​ចាក​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក គង់ រ៉ៃយ៉ា ក៏​បាន​លាលែង​ពីតួនាទី​ជា​ទីប្រឹក្សា​ក្រសួង​អប់រំ ដែល​លោក​ទទួល​បាន ក្រោយ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។

ព័ត៌មាន​ទាក់ទង៖ អ្នក​តាម​ដាន​ចោទ​សួរ​​ពី​សមត្ថ​ភាព​អ្នក​ចុះ​ចូល​ជាមួយ​គណ​បក្ស​កាន់​អំណាចហើយ​ទទួល​បាន​តំណែង​រដ្ឋាភិបាល

នៅ​ក្នុង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត ដែល​ដាក់​ទៅ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ លោក គង់ រ៉ៃយ៉ា បញ្ជាក់​ថា​លោក«មិន​ទាន់​មាន​សមត្ថភាព​អាច​បំពេញ​តួនាទី​នេះ​បាន ហើយ​លោក​សុំ​លា​ឈប់»។

ក្រោយ​ការ​ចាក​ចេញ​ពី​គណបក្ស​ភ្លើងទៀន​ដែល​លោក​ធ្លាប់​មាន​តំណែង​ជា​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម លោក គង់ រ៉ៃយ៉ា បាន​ទទួល​តំណែង​ជា​ទីប្រឹក្សា​អម​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មាន​ឋានៈស្មើ​ប្រធាន​នាយកដ្ឋាន។

លោក គង់ រ៉ៃយ៉ា ក៏​បាន​ទៅ​ជួប​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​លោក គង់ រ៉ៃយ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ លោក​ក៏​ទទួល​បាន​ថវិកា​មួយ​ចំនួន ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ចំនួន​នោះ​ទេ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន​ ប្រាប់​វីអូអេ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​បិទ​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ​ឡើយ។ លោក​បន្ថែមថា​ការចាកចេញរបស់​ លោក​ គង់ រ៉ៃយ៉ា ពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជា​សិទ្ធិ​របស់​បុគ្គល។

លោក​ថ្លែង​ថា៖ «បើ​គេ​យល់​ថា[កម្មវិធី​គណបក្ស​ប្រជាជន​កម្ពុជា​]​មិន​ល្អមិន​ពេញ​ចិត្ត​គេ​ គេ​ចេញ​ទៅ​វិញ អាហ្នឹង​ជា​សិទ្ធិ​របស់​គេ​សម្រេច​ទេ អត់​មាន​អ្នក​ណា​ចាប់​ចង​ឬ​បង្ខិត​បង្ខំ​ដោយ​ប្រការ​ណា​មួយ​ទេ មិន​ដូច​ការ​ផ្សាយ​ពី​មជ្ឈដ្ឋាន​ប្រឆាំង​ថា​សុទ្ធ​តែ​មាន​ការ​គំរាម​កំហែង​ ការ​ប្រឆាំង​ ការ​សម្លុត​គំរាម​កំហែង និង​ភាព​សង្កត់​ដោយ​ប្រការ​ណា​មួយ​ទេ។ នយោបាយ​របស់​គណបក្ស​ប្រជាជន​ជានយោ​បាយ​ត្រជាក់​ គឺ​ជា​នយោបាយ​ទេវតា​មិន​មាន​យក​អ្នក​ជា​សត្រូវ​ទេ​បាទ»។

ទាក់ទង​នឹងការ​ផ្តល់​លុយ​ទៅ​ លោក គង់ រ៉ៃយ៉ា នៅ​ពេល​ជួប​ជា​មួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន លោក សុខ ឥសាន ថ្លែង​ថា ​លោក​មិន​បាន​ដឹង​នោះ​ទេ ព្រោះ​មិន​បាន​នៅ​ក្នុង​ហេតុការណ៍​នោះ។

អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ លោក គីមសួរ ភិរិទ្ធ ប្រាប់​វីអូអេ​ថា ​ការ​ចាកចេញ​របស់​ លោក​ គង់ រ៉ៃយ៉ា ពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់ ​លោក​ គង់ រ៉ៃយ៉ា ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ មិន​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ភ្លើងទៀន​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា​ វា​អត់​មាន​អី​ប៉ះពាល់​នឹង​ភ្លើងទៀន​ទេ ពីព្រោះ​អី​លោក គង់ រ៉ៃយ៉ា គាត់​លែង​ជា​សមាជិក​ភ្លើងទៀន​ហើយ។ គាត់​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន អ៊ីចឹង​រឿង​គាត់​ចាក​ចេញ​វា​ពាក់ព័ន្ធ​តែ​ជា​មួយ​គណបក្ស​របស់​គាត់​ហ្នឹង​ទេ យោង​តាម​ច្បាប់​គណបក្ស​នយោបាយ»។

គួរ​បញ្ជាក់​ថា​ លោក គង់ រ៉ៃយ៉ា ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ដង ដែល​ម្តង​កាល​ពី​ឆ្នាំ​២០១៥ ពី​បទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» ក្រោយ​ពី​លោក​បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​អំពាវនាវ​ឱ្យ​មហាជន​ចូលរួម​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​នឹង​រូប​លោក។ ចំណែក​កាល​ពី​ឆ្នាំ​២០១៩ លោក​ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​ទៀត ពី​បទ​«ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍» ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​របស់​លោក​ ក្នុង​ការ​លក់​អាវ​យឺត​ដែល​មាន​រូប​ និង​សម្តី​របស់​ លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ម្នាក់ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ កាល​ពី​ឆ្នាំ​២០១៦៕