លោក ឆាំង សុង អតីតរដ្ឋមន្ត្រីឃោសនាការនៃរបបសាធារណរដ្ឋខ្មែរដែលគ្រប់គ្រងដោយ លន់ នល់ នៅមានជីវិតនៅឡើយ ប៉ុន្តែកំពុងទទួលការសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ នេះជាការបញ្ជាក់របស់ភរិយាលោកគឺអ្នកស្រី ស៊ុម សារុន។
ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីដំណឹងអំពីមរណភាពរបស់លោក ឆាំង សុង ត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក តាំងពីព្រឹកថ្ងៃពុធមក។
លោក ឆាំង សុង អាយុ៨២ឆ្នាំ ជាសាក្សីរស់ដែលផ្ដល់ព័ត៌មានចងក្រងអំពីរបបសាធារណរដ្ឋខ្មែរ ដែលគ្រប់គ្រងដោយ លន់ នល់ និងគាំទ្រដោយសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ មុនប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយរបបខ្មែរក្រហម ដែលសម្លាប់មនុស្សយ៉ាងតិច ១លាន ៧សែននាក់។
អ្នកស្រី ស៊ុម សារុន ជាភរិយា បានបញ្ជាក់ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោក ឆាំង សុង នៅមានដង្ហើមនៅឡើយ គិតមកដល់ល្ងាចថ្ងៃសុក្រនេះ។ អ្នកស្រីបន្ថែមថា លោកត្រូវបានប្រកាសថា «គ្មានសង្ឃឹមរស់» មួយរយៈខ្លី កាលពីថ្ងៃអង្គារ មុននឹងគ្រូពេទ្យព្យាយាមជួយលោកជាចុងក្រោយ ដោយបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់កម្រិតធ្ងន់។
«បើសិនជាគាត់មិនមានម៉ាស៊ីន ឬគាត់មិនមានថ្នាំក៏គាត់មិនបានរស់ដែរអូន ប៉ុន្តែឥឡូវគេធ្វើឱ្យអស់ចិត្ត។ ឥឡូវទៅឬនៅស្មើគ្នា។ មិនដឹងជាស្ថានការណ៍យ៉ាងម៉េចទៅមុខទេ អូនអើយ ប៉ុន្តែបន់ស្រន់ទេព្ដាឱ្យជួយគាត់ កុំឱ្យគាត់ទៅ ឱ្យគាត់ចេះតែដាក់ថ្នាំបានមកវិញទៅ ខ្ញុំពិបាកចិត្តណាស់ក្មួយអើយ មានតែពីរនាក់គាត់»។
លោក ឆាំង សុង កំពុងប្រឈមនឹងជំងឺបេះដូង រលាកតម្រងនោមនិងលើសឈាម និងបានចេញចូលសម្រាកនៅមន្ទីរពេទ្យ តាំងតែពីថ្ងៃទី២៦ ខែមេសាមក។ នេះបើយោងតាមភរិយារបស់លោក។
លោកបានជួបឧប្បទ្ទវហេតុគាំងបេះដូង និងត្រូវបានបញ្ជូនពីមណ្ឌលចាស់ជរា (Nursing Home) មកសម្រាកនៅមន្ទីរពេទ្យ Long Beach Memorial ចាប់តាំងតែពីថ្ងៃទី ១៣ ខែឧសភាមក។
ក្នុងការផ្សាយផ្ទាល់មួយលើទំព័រហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃសុក្រ លោក ឆាំង សុង ត្រូវបានឃើញថានៅមានដង្ហើម ដោយមាត់និងច្រមុះរបស់លោកបំពាក់ដោយបំពង់ឧបករណ៍ជំនួយដង្ហើម។ យូរៗម្ដងគេឃើញដៃនិងខ្លួនប្រាណរបស់លោកកម្រើកសន្សឹមៗ ប៉ុន្តែភ្នែកទាំងពីរបិទជិត។
លោក ឆាំង សុង ធ្លាប់ជាមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ ដែលបំពេញតួនាទីទាំងជាអ្នកនាំពាក្យយោធាផងរដ្ឋមន្ត្រីព័ត៌មានផង និងជាមនុស្សជំនិតនឹងលោកសេនាប្រមុខ លន់ នល់ ផង។ លោកបានចាកចេញពីប្រទេសកម្ពុជាជាមួយលោក លន់ នល់ នៅដើមខែមេសា ឆ្នាំ ១៩៧៥។
អ្នកនយោបាយរូបនេះបានវិលត្រឡប់មកកម្ពុជានៅអំឡុងទសវត្សរ៍ ១៩៩០ ហើយក្រោយមកបានក្លាយជាទីប្រឹក្សាលោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាពកាលពីឆ្នាំ ២០១៥ ហើយលោកមួយរយៈខ្លីបានក្លាយជាសមាជិកព្រឹទ្ធសភាផងដែរ៕