អតីត​កម្មាភិបាល​ខ្មែរក្រហម​ស្នើ​ឲ្យ​តុលាការ​បញ្ចប់​សំណុំ​រឿង​សេសសល់​ ពេល​ចៅក្រម​ខ្វែង​គំនិត​គ្នា

កម្រងរូបភាព VOA​៖ «អតីត​មន្ត្រី​ខ្មែរក្រហម​ដែល​រួច​ពីក្តីក្តាំ និង​បន្តនៅ​ជាប់​បទប្រកាន់​នៅ​សាលាក្តី​ខ្មែរ​ក្រហម​» រូបថត​មុខ៖ លោក​សុខ ខេមរា VOA កំពុង​សម្ភាស​លោក​អោ អាន​ដែល​រឿង​ក្តី​របស់​លោក​កំពុងជាប់​គាំង​នៅសាលាក្តីខ្មែរ​ក្រហម​។ (ហ៊ុល រស្មី​/VOA)

ក្រុម​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម ​ដែល​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​នានា​ ក្នុង​សំណុំ​រឿងចុង​ក្រោយ ​០០៣ ​និង​ ០០៤ ​បាន​ស្នើសុំ​តុលាការ​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការសហ​ប្រជាជាតិ​ ឲ្យ​ទម្លាក់​បទ​ចោទ ខណៈ​ដែល​តុលាការ​កំពុង​មាន​ការ​ខ្វែង​យោបល់​គ្នា​ក្រោយ​ពេល​អង្គ​បុរេ​ជំនុំជម្រះ​នៃ​សាលាក្ដី​កូន​កាត់​នេះ ​មិន​អាច​រក​សំឡេង​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​ថា ​តើ​ត្រូវ​បញ្ជូន​ជន​ត្រូវ​ចោទ​ក្នុង​សំណុំ​រឿង​០០៤​ វគ្គ២​ ទៅ​ជម្រះ​ទោស​ឬ​ត្រូវ​លើកលែង​ការ​ចោទប្រកាន់។

ថ្លែង​ប្រាប់ ​VOA ​នៅ​ពេល​លោក​កំពុង​ធ្វើ​ការសម្អាត​ដី​ចម្ការ​ក្រោយ​ផ្ទះ​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​០០៤ ​វគ្គ​២ ​គឺ​លោក ​អោ អាន​ បាន​ស្នើ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទប្រកាន់លើ​រូប​លោក​ ដោយ​លោក​អះអាង​ថា​ លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹងឧក្រិដ្ឋកម្មណាមួយ​នោះ​ទេ។

លោក អោ អាន ចាត់​ទុក​ថា ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​គឺជា​រឿង​មិន​ត្រឹម​ត្រូវ។

«ខ្ញុំ​មាន​តែ​សុំ​ឲ្យ​អស់​លោក​ទាំងអស់​នោះ​ លើក​លែង​ទៅ ​លើក​លែង​ទោស​ទៅ​ព្រោះ​អំពើ​ទាំងឡាយ​នោះ​ ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ទេ»។

Your browser doesn’t support HTML5

អតីត​កម្មាភិបាល​ខ្មែរក្រហម​ស្នើ​ឲ្យ​តុលាការ​បញ្ចប់​សំណុំ​រឿង​សេសសល់​ ពេល​ចៅក្រម​ខ្វែង​គំនិត​គ្នា

ថ្លែង​ប្រាប់​ VOA ​បន្ថែម​តាម​ទូរស័ព្ទ​ពី​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ក្រោយ​ពេល​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា​បញ្ជូន​សំណុំ​រឿង ០០៤ ​វគ្គ២ ​ទៅ​ជម្រះ​ទោស​កាលពី​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ​នោះ ​អតីត​មេបញ្ជាការ​រង​ភូមិ​ភាគ​មជ្ឈិម​ក្នុង​របប​ខ្មែរក្រហម​រូប​នេះ​ បាន​បញ្ជាក់​ថា​ ភាគី​អន្តរជាតិ​ គួរ​ធ្វើ​តាម​ភាគី​ជាតិ។

«ខ្ញុំ​ចង់​សំណូម​ពរ​ឲ្យ​អស់​លោក​ទាំងអស់​ហ្នុង​ឯកភាព​តាម​ខាង​ភាគី​ជាតិ​ដែល​បាន សម្រេច​ថា ​បញ្ចប់​រឿង​ខ្ញុំ។ ខ្ញុំ​ចង់​ឲ្យ​បាន​សម្រេច​ដូច្នោះ​ព្រោះ​ខ្ញុំ​ចាស់​ហើយ។​ នេះ​ម្យ៉ាង ហើយ​ម្យ៉ាង​អំពើ​ប្រព្រឹត្ត​របស់​ខ្ញុំ ខ្ញុំ​បាន​បញ្ជាក់​អស់​ហើយ​ថា ​ខ្ញុំ​នៅ​ក្នុង​សង្គ្រាម​ខ្ញុំ​មិន ធានា​ទេ​ក្នុង​ការ​ខុសត្រូវ​នោះ​ តែ​ឯ​ចប់​សង្គ្រាម​ហើយ​នោះ ​អំពើ​ប្រព្រឹត្តិ​ខុស​ចាក​ក្នុង​ផ្លូវ​ច្បាប់​នោះ​ ខ្ញុំ​មិន​មាន​ឡើយ»។

​ចៅ​ក្រម​ខាង​ភាគី​ជាតិ​ចំនួន​៣​រូប​ បាន​សម្រេច​លើកលែង​ការ​ចោទប្រកាន់​លើ​លោក អោ អាន ខណៈ​ចៅក្រម​ខាង​ភាគី​អន្តរជាតិ​២​រូប បាន​សម្រេច​ថា​ ត្រូវ​តែ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំជម្រះ ប៉ុន្តែ​អង្គ​បុរេ​ជំនុំជម្រះ ត្រូវ​ការ​សំឡេងយ៉ាង​តិច​៤ក្នុង​ចំណោម​ចៅក្រម​ទាំង​៥​រូប ដើម្បី​អាច​សម្រេច​នីតិវិធី​បន្ទាប់​លើ​សំណុំ​រឿង ០០៤ ​វគ្គ២។​

លោក​ អោ អាន ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ពី​បទ​មនុស្សឃាត និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​ចាម​ផង​ដែរ។​

ថ្លែងប្រាប់ ​VOA ​យ៉ាង​ខ្លី​នៅផ្ទះ​របស់​លោក​កាលពី​សប្ដាហ៍​មុន​នោះ​ ជន​ជន​ជាប់​ចោទ មួយ​រូប​ទៀត​គឺ​លោក ​មាស មុត ​ដែល​ស្ថិត​នៅ​ក្នុង​សំណុំ​រឿង ​០០៣ ​បាន​បញ្ជាក់ ដោយ​បន្ទរ​តាម​ការ​លើក​ឡើង​របស់​ចៅក្រម​ជាតិ។

«បើ​ថា ​(ខ្ញុំ) ​មិន​ស្ថិត​ក្នុង​យុត្តាធិការ​របស់​សាលា​ក្តី​ទេ ​ដោយសារ​ថា​មិនមែន​ជា​មេដឹក នាំ​ជាន់ខ្ពស់​បំផុត ​និង ​ជា​ជន​ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត ​ដែល​ច្បាប់​បាន​កំណត់ ហេតុ​អី​បាន​ជា​ចៅក្រម​អន្តរជាតិ​នៅតែ​ចង់​កាត់​ទោស?»។

លោក ​មាស មុត ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នានា​ក្នុង​សម័យ​ខ្មែរ​ក្រហម ហើយ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​លើស​ពី​នេះ​ទេ​ ដោយ​សំអាង​ថា​មេធាវី​របស់​លោក ហាម​មិន​ឲ្យ​និយាយ​ក្នុង​ពេល​ដំណើរការ​ក្ដី​នេះ។

លោក​ មាស មុត​ អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​របស់​របប​ខ្មែរក្រហម​ ដែល​រឿងក្តី​របស់​លោកកំពុង​បន្តទៅមុខ​ទាំង​ភាព​មិន​ច្បាស់​លាស់នៅសាលាក្តី​ខ្មែរក្រហម​ អង្គុយនៅក្នុង​គេហដ្ឋាន​របស់លោក​នៅស្រុក​សំឡូត ខេត្តបាត់​ដំបង ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០១៩​។ (សុខ ខេមរា/VOA)

ក្រោយ​សវនាការ​៣ថ្ងៃ​ ដើម្បី​ស្ដាប់​ទឡ្ហីករណ៍​ពី​ភាគី​នៅ​ក្នុង​សំណុំ​រឿង​០០៣​នៅ សប្ដាហ៍​ថ្មីៗនេះ​ សាលាក្ដី​ខ្មែរ​ក្រហម​បញ្ជាក់​ថា«អង្គ​បុរេ​ជំនុំជម្រះ​នឹង​ធ្វើការ​សម្រេច​ថា​តើ​ មាស មុត ​ត្រូវ​តាម​លក្ខ ខណ្ឌ​តម្រូវ​នៃ​យុត្តាធិការ​របស់​តុលាការ​ដែរ​ឬ​អត់ ​និង​ថា​តើ​មាន​បទ​ចោទ​គ្រប់​គ្រាន់ ដើម្បី​បញ្ជូន​គាត់​ទៅ​ជំនុំជម្រះ​ចំពោះ​ឧក្រិដ្ឋកម្ម​តាម​ការ​ចោទប្រកាន់​ ឬ​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​គាត់​នឹង​ត្រូវ​លើក​លែង​ចោទ»។

លោក ​ឡុង បញ្ញាវុធ ​អ្នក​ឃ្លាំ​មើល​សាលាក្ដី​ខ្មែរក្រហម​ម្នាក់​ បាន​អះអាង​ថា​សំណុំ​រឿង​០០៣ ​និង ​០០៤​ នេះ ​នឹង​ប្រឈម​ជាមួយ​បញ្ហា​ជាច្រើន​ពេលនេះ​រាប់ទាំង​បញ្ហា​ថវិកា បញ្ហា​បុគ្គលិក ​និង​ចៅក្រម​សាលា​ដំបូង​ដែល​ត្រូវ​រំសាយ​ បញ្ហា​កិច្ច​សហ​ប្រតិបត្តិការ ដើម្បី​អនុវត្ត​ដីកា​សាលា​ដំបូង​ក្នុង​ការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ជាដើម​ថា​តើ​អាជ្ញាធរ​រដ្ឋា ភិបាល​នឹង​អនុវត្ត​ទេ ​តើ​រដ្ឋាភិបាល​និង​ម្ចាស់​ជំនួយ​នឹង​នៅតែ​បរិច្ចាគ​ថវិកា​សម្រាប់ ដំណើរការ​សំណុំ​រឿង​០០៤ ​វគ្គ២​ដែរ​ឬ​ទេ។

«ចំណុច​មួយទៀត​ថា​តើ​សាលា​ដំបូង ​នៅ​ពេល​ដែល​ចំណាយ​ពេល​វេលា​ ចំណាយ ធនធាន​បន្ថែម​ទៀត ​ថា​តើ​សាលា​ដំបូង​នឹង​អាច​រក​សំឡេង​គាំទ្រ​លើស​លុប​ដើម្បី​ដាក់ ទោស​ទៅលើ​ជន​ជាប់​ចោទ​នៅ​ក្នុង​សំណុំរឿង​០០៤ ​ដែរ​ឬ​ក៏​អត់ ​នៅ​ពេល​ដែល​សំណុំ​រឿង ​០០៣​ និង​០០៤​ តែងតែ​បង្ក​ជា​មន្ទិល​សង្ស័យ»។

លោក​បាន​បន្ត​ថា ​អ្វីៗ​គឺ​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ។

សហ​ចៅក្រម​និង​សហ​ព្រះរាជ​អាជ្ញា​ជាតិ​បាន​បញ្ជាក់​ជាច្រើន​លើក​មក​ហើយ​ថា​ទាំង​លោក ​អា អាន ​និង ​លោក​មាស មុត​ និង ​ជន​ជាប់​ចោទ​ដទៃ​ទៀត​មិន​ស្ថិត​ក្នុង​យុត្តាធិការ​របស់​សាលា​ក្តី​ទេ​ដោយសារ​ថា​ជន​ត្រូវ​ចោទ​ទាំងនេះ ​មិនមែន​ជា​មេដឹកនាំ​ជាន់​ខ្ពស់​បំផុត ​និង​ ជា​ជន​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ ដែល​ច្បាប់​បាន​កំណត់​ទេ។​ ការ​សន្និដ្ឋាន​ដូច្នេះ​គឺ​ផ្ទុយ​ពី​សហ​ព្រះរាជ​អាជ្ញា​និង​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ដែល​ទាមទារ​ឲ្យ​មាន​ការ​ជំនុំ​ជម្រះ​ទោស​លើ​បទ​ឧក្រិដ្ឋកម្ម​ដូចជា​ឧក្រិដ្ឋកម្ម​ប្រឆាំង មនុស្សជាតិ ​និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជាដើម។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បាន​បន្ថែម​ថា៖ ​«សម្រាប់​ពេល​ឥឡូវនេះ ​អង្គ​បុរេ​ជំនុំជម្រះ​នឹង​ធ្វើការ​ពិចារណា​ដើម្បី​ចេញ​សាល​ដីកា​សម្រេច។ ​សាល​ដីកា​សម្រេច​នេះ គឺជា​សាល​ដីកា​ស្ថាពរ ​មិន​មាន​បណ្ដឹង​ឧទ្ធរណ៍​បន្ថែម​ទៀត​ទេ»។

បន្ថែម​ពី​លើ​នេះ ​លោក ​នេត្រ ភក្ត្រា​ អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម ​បាន​បញ្ជាក់​ពី ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​ចៅក្រម​អង្គ​បុរេ​ទាំង​៥រូប។

«ខ្វែង​យោបល់​គ្នា​នៅត្រង់​ទី១​សម្រាប់​ចៅក្រម​ជាតិ​គឺ​ ចៅក្រម​ជាតិ ​បាន​ចាត់​ទុក​ដីកា ដំណោះ​ស្រាយ​ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ ​គឺ​លោក​ចៅក្រម ​យូ ប៊ុនឡេង​នេះ​ មាន​ភាព​ត្រឹមត្រូវ ​ហើយ​មាន​សុពលភាព​ក្នុង​ការ​លើកលែង​ការ​ចោទ ប្រកាន់​ចំពោះ​លោក​អោ អាន‍»។

លោក ​នេត្រ ភត្រា ​បាន​បន្ថែម​ថា​ចៅក្រម​អន្តរជាតិ​២រូប​ ក៏បាន​បង្ហាញ​ការ​យល់ឃើញ​របស់​ពួកគេ​ថា‍៖ ​«ដីកា​ដំណោះ​ស្រាយ​ដែល​ចេញ​ដោយ​សហ​ចៅក្រម​អន្តរជាតិ​គឺ លោក ​Michael Bohlander ​ដែល​បាន​ចោទ​ប្រកាន់​លោក ​អា អាន​ ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ហ្នឹង​គឺ​មាន​សុពល ភាព​ដែល​ត្រូវ​បញ្ជូន​ទៅ​ជំនុំជម្រះ​ទោស»។

អ្នក​នាំ​ពាក្យ​ដដែល​បាន​បញ្ជាក់​ថា​ការ​យល់​ឃើញ​ផ្សេងគ្នា​បាន​ធ្វើ​ឲ្យ​មាន​ការ​ខ្វែង គំនិត​គ្នា​ហើយ​មិន​អាច​រក​សំឡេង​រួម​បាន។

ទោះជា​យ៉ាងណា​ក៏ដោយ ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មានរបស់​អង្គការ​មួយ​ដែល​ជួយ ជន​រងគ្រោះ​ខ្មែរ​អាមេរិកាំង​ដើម្បី​ដាក់​ពាក្យ​ប្ដឹង​តទល់​នឹង​ជន​ជាប់​ចោទ​ក្នុង​សាលាក្ដី ខ្មែរក្រហម​ហៅថា​មជ្ឈមណ្ឌល​សម្រាប់​យុត្តិធម៌​និង​ការ​ទទួល​ខុសត្រូវ ​ឬ ​The Center for ​Justice ​and ​Accountability​ (CJA)​ មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ​បាន ប្រតិកម្ម​ចំពោះ​ការ​សម្រេច​របស់​អង្គ​បុរេ​រឿង​សំណុំ​រឿង​០០៤​ វគ្គ២ ​របស់​លោក​ អោ អាន ​ដោយ​ចាត់​ទុក​ថា ​ការ​សម្រេច​របស់​អង្គ​បុរេ ​នឹង​មិន​ធ្វើ​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ក្នុង​សំណុំ​រឿង​នេះ​ទេ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​នេះ ​បាន​ដកស្រង់​សំដី​របស់​ជន​រងគ្រោះ​ម្នាក់​គឺ​លោក​ Bryant Ben ដែល​កំពុង​រស់​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច ​រដ្ឋ​កាលីហ្វ័រញ៉ា​មក​បញ្ជាក់​ជាមួយ​នឹង​ការ​អំពាវនាវ​របស់​លោក​ដែល​សុំ​ឲ្យ​តុលាការខ្មែរក្រហម ​ចងចាំ​ជន​រងគ្រោះ​ក្នុង​ពេល​ដែល​តុលាការ​នេះ​ព្យាយាម​ដោះស្រាយ​ការ​ជាប់​គាំង​ផ្នែក​នីតិវិធី។

លោក​ថ្លែង​ថា៖ «មិនថា​ឡើយ​ការ​ជំនុំជម្រះ​ធ្វើឡើង​ឆាប់​ឬ​យូរប៉ុណ្ណា​ទេ ​តែ​សម្រាប់​ខ្ញុំ​ដែល​ជា​ជន​រង គ្រោះ​ម្នាក់​ ខ្ញុំ​មិន​អាច​បំភ្លេច​បានទេ។ ​ការ​ជំនុំ​ជម្រះ​ទោស​គឺជា​រឿង​សំខាន់​ណាស់ ដែល​តុលាការ​ត្រូវ​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ដែល​មិន​អាច​ឈរ​តតាំង​នឹង​សំណុំ រឿង​ដោយ​ផ្ទាល់​ក្នុង​តុលាការ​នោះ»។

អ្នកស្រី អ៊ឹម ចែម អតីតកម្មាភិបាលខ្មែរក្រហម ផ្តល់បទសម្ភាសន៍ដល់វីអូអេ អំពីការសាងសង់ព្រះវិហារគ្រិស្តនៅក្បែរគេហដ្ឋានរបស់អ្នកស្រី ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។ (សុខ ​ខេមរា/​VOA)

ចៅក្រម​នៃ​តុលាការ​ខ្មែរក្រហម​ បាន​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​មួយ​រូប​គឺ​អ្នក​ស្រី ​អ៊ឹម ចែម​ អតីត​អភិបាល​ស្រុក​ព្រះនេត្រព្រះ ​កាលពី​ឆ្នាំ​២០១៧ ​ឲ្យ​មាន សេរីភាព​ឡើង​វិញ។

ថ្លែង​ប្រាប់ ​VOA ​នៅ​ក្នុង​ព្រះវិហារ​គ្រិស្ត​នៅ​ជាប់​ផ្ទះ​អ្នកស្រី​ក្នុង​ស្រុក​អន្លង់​វែង ​ខេត្ត​ឧត្តរមានជ័យ​ អ្នកស្រី ​អ៊ឹម ចែម ​បាន​ទទូច​ដល់​សាលាក្ដី​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែល​នៅ​សេស​សល់​ក្នុង​សំណុំ​រឿង​០០៣ ​និង ​០០៤។ ​លោក​ស្រី ​បាន​អះអាង​ថា​ជន​ជាប់​ចោទ​ទាំង​បី​គឺ​លោក​ មាស មុត​ លោក ​អោ អាន​ និង លោក​ យឹម ទិត្យ ​ដែល​អ្នកស្រី​បាន​ស្គាល់​តាំងពី​ដើម​មក​គឺជា​មនុស្ស​ល្អ​ត្រឹមត្រូវ ​ដែល​អ្នកស្រី​មិន​ជឿ​ថា​ពួកគេ​មាន​ជាប់​ទាក់​ទង​នឹង​ការ​កាប់​សម្លាប់​មនុស្ស​នោះ​ទេ។

«តាំងពី​ខ្ញុំ​ស្គាល់​មក​គាត់​មិនមែន​ជា​មនុស្ស​ឃោរឃៅ ​ហើយ​ក៏​មិនមែន​មនុស្ស ​របៀប ជា​ចោរ​ព្រៃ​ទេ ជា​មនុស្ស​ត្រឹមត្រូវ ​ហើយក៏​យើង​មើល​អាយុកាល​របស់​គាត់ ​ការ​ដែល​រស់នៅ​មក​បើ​គាត់​ធ្វើ​អំពើ​អាក្រក់​ស្លាប់​បាត់​ហើយ​ ប្រជាជន​កាត់​ទោស​បាត់​តាំង​ពី ១៩៧៩។ ហ្នឹង​ខ្ញុំ​មើល​ជាក់​ស្ដែង​អ្នក​ដែល​អាក្រក់ ​អ្នក​ដែល​ល្អ»។

អ្នកស្រី​ អ៊ឹម ចែម ​បាន​បន្ថែម​ថា​នៅ​ក្នុង​សម័យ​សង្គ្រាម​ការ​វាយ​ប្រយុទ្ធ​គ្នា បាញ់​ទៅ​បាញ់​មក​ពិតជា​កើតមានប៉ុន្តែ​អ្នកស្រី ​មិន​អាច​បញ្ជាក់​បាន​ពី​ការ​ពាក់ព័ន្ធ​នោះ​យ៉ាងណា​ទេ៕