ភ្នំពេញ — ការព្រាត់ប្រាស់គ្រួសារ និងការស្លាប់បាត់បង់ជីវិតគឺជាអ្វីដែលយុវតី ធី ថន បានដឹងថា ធ្លាប់កើតឡើងនៅសម័យខ្មែរក្រហម។ ប៉ុន្តែ យុវតីវ័យ ១៨ ឆ្នាំរូបនេះ មិនបានដឹងលម្អិតអំពីប្រវត្តិនៃការកកើតឡើងរបបខ្មែរក្រហម ហើយក៏មិនបានដឹងអំពីការកាត់ក្តីមេដឹកនាំទទួលខុសត្រូវខ្ពស់បំផុតនៃរបបនេះនោះដែរ។
យុវតី ធី ថន ជាសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យមេសាង នៅខេត្តព្រៃវែង ស្ថិតក្នុងចំណោមសិស្សប្រមាណ៤០០នាក់ផ្សេងទៀតមកពីវិទ្យាល័យមេសាង ដែលបានមកបំពេញទស្សនកិច្ចសិក្សាជាលើកដំបូងនៅសាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា។
«អត់ដែលធ្លាប់ដឹងផង! ទើបមកលើកទីមួយអ៊ីចឹង។ ហើយអ៊ីចឹង ខ្ញុំចង់ដឹងអំពីសម័យហ្នឹង ហើយចង់ស្វែងយល់ដើម្បីទៅស្រាវជ្រាវនៅពេលប្រឡង»។
របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ និងបណ្តាលឲ្យពលរដ្ឋខ្មែរស្លាប់យ៉ាងតិច១,៧លាននាក់ក្នុងរយៈពេលជិតបួនឆ្នាំ។
មេដឹកនាំទទួលខុសត្រូវខ្ពស់របស់របបខោអាវខ្មៅខ្មែរក្រហមមិនដល់ ១០ នាក់ត្រូវបាននាំមកប្រឈមនឹងការកាត់ក្តីនៅសាលាក្តីខ្មែរក្រហម។
លោក នួន ជា អតីតប្រធានសភា លោក ខៀវ សំផន អតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យ លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងប្រពន្ធរបស់លោក គឺអ្នកស្រី អៀង ធីរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ត្រូវចាប់ខ្លួននិងចោទប្រកាន់ចំពោះអំពើឃោរឃៅដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ពួកគេ។
សព្វថ្ងៃនៅសល់តែលោក ខៀវ សំផន ម្នាក់គត់ដែលបន្តការកាត់ទោសក្នុងវ័យចាស់ជរារបស់ខ្លួន។ លោក អៀង សារី និងប្រពន្ធរបស់គាត់បានស្លាប់មុនដំណើរការកាត់ទោសបានបញ្ចប់។ ដោយឡែកលោក នួន ជា បានស្លាប់កាលពីថ្ងៃទី ៤ ខែសីហា ក្រោយពីស្ថិតក្នុងមន្ទីរពេទ្យអស់រយៈពេលមួយខែ។ លោក នួន ជា និងលោក ខៀវ សំផន ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតចំនួនពីរលើករួចមកហើយ។
យុវតី ធី ថន មិនសូវស្គាល់មេដឹកនាំខាងលើនេះទេ តែបានអះអាងថា ធ្លាប់បានដឹងអំពីសម័យប៉ុល ពត តាមរយៈការអានសៀវភៅ។
«ខ្ញុំអត់សូវដឹងច្បាស់ដែរ! ខ្ញុំដឹងច្បាស់តិចៗ ព្រោះអីខ្ញុំធ្លាប់....ប៉ុល ពត ខៀវ សំផន និងលោកតាលន់ នល់»។
នៅពេលយុវតីរូបនេះមកបំពេញទស្សនកិច្ចរយៈពេលជាងមួយម៉ោងនៅសាលាក្តីខ្មែរក្រហមនោះ មានការបើកសវនាការលើសំណុំរឿង ០០៣ ប្រឆាំងនឹងលោក មាស មុត។
យុវតី ធី ថន ក៏មិនស្គាល់ថា លោក មាស មុត ជានរណានោះដែរ។ ទោះយ៉ាងណា យុវតីរូបនេះថា ការមកបំពេញទស្សនកិច្ចនៅតុលាការកូនកាត់ខ្មែរក្រហមបានផ្តល់ឱកាសឲ្យកញ្ញាស្វែងយល់បន្ថែមទៀតអំពីរបបខ្មែរក្រហមរបស់ប៉ុល ពត។ នាងនិយាយទៀតថា នាងនឹងចែករំលែកបទពិសោធន៍ដែលនាងបានទទួលពីសាលាក្តី ទៅឲ្យសាច់ញាតិរបស់នាងដែលនៅឯខេត្តព្រៃវែង។
នាង ស ស្រីនីត ជាយុវតីមួយរូបទៀត ស្ថិតក្នុងដំណើរទស្សនកិច្ចសិក្សាជាមួយយុវតី ធី ថន ដែរ។ ជាសិស្សរៀននៅវិទ្យាល័យមេសាង នាង ស្រីនីត បានដឹងតិចតួចអំពីប្រវត្តិសាស្ត្រនៃរបបកុម្មុយនីស្តជ្រុលនិយមខ្មែរ ដែលបានបង្កឲ្យមានការសម្លាប់មនុស្ស និងបែកបាក់គ្រួសារ។
ទោះយ៉ាងណា យុវតី ស ស្រីនីត និយាយថា ការសិក្សាឲ្យបានច្រើនអំពីប្រវត្តិខ្មែរក្រហមអាចជាដើមទុនមួយសម្រាប់ការប្រឡងនាពេលខាងមុខ។ បន្ថែមលើនេះ នាងក៏បានអំពាវនាវឲ្យយុវសិស្សផ្សេងទៀត ខិតខំយល់ដឹងអំពីរបបខ្មែរក្រហមដើម្បីសម្រួលដល់ការសិក្សាស្រាវជ្រាវផ្សេងទៀត ដែលមានការពាក់ព័ន្ធនឹងរបបខ្មែរក្រហមនៅថ្ងៃក្រោយ។
«ខ្ញុំសូមផ្តាំផ្ញើដល់បងប្អូន និងមិត្តភក្តិទាំងអស់គ្នា ព្រោះថា ប្រវត្តិសាស្ត្រខ្មែរក្រហម យើងមិនអាចបំភ្លេចបានទេ ព្រោះវា ព្រោះធ្លាប់កើតនៅលើប្រទេសកម្ពុជាយើង ហើយយើងត្រូវចងចាំវា ព្រោះ វាមានប្រយោជន៍ចំពោះអ្នកសិក្សាដើម្បីយកទៅធ្វើការប្រឡងផ្សេងៗ»។
ចំណែកយុវជន រុន ភៀន វ័យ ១៩ ឆ្នាំ មិនបានដឹងអំពីគោលបំណងនៃការបង្កើតសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ ហើយក៏មិនសូវចាំឈ្មោះមេដឹកនាំសំខាន់ៗនៃរបបនេះដែរ។
សម្រាប់យុវជនរូបនេះ ផែនការកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមិនសូវមានគុណភាពនៅស្រុកកំណើតនាខេត្តព្រៃវែង គឺជារឿងចាំបាច់ជាងក្នុងជីវភាពប្រចាំថ្ងៃ ដែលធ្វើឲ្យយុវជននេះកន្លងមកមិនបានស្វែងយល់ពីរបបប្រវត្តិសាស្ត្រសម័យខ្មែរក្រហម។
«ដោយសារតែមានបញ្ហាផ្លូវថ្នល់ ធ្វើ ធ្វើទៅអត់សូវបានល្អ ហើយមានគ្រួសារក្រីក្រមួយចំនួន»។
កម្ពុជាគឺជាប្រទេសដែលមានពលរដ្ឋវ័យក្មេងច្រើន។ មានប្រជាជនតែ ១០ ភាគរយប៉ុណ្ណោះមានវ័យ ៥០ ឆ្នាំ ឬចាស់ជាងនេះ។ ពាក់កណ្តាលនៃប្រជាពលរដ្ឋកម្ពុជាចំនួន ១៦ លាន ៥ សែននាក់គឺមានអាយុក្រោម ២២ ឆ្នាំ។ ប្រសិនបើឪពុកម្តាយរបស់យុវជនទាំងអស់នោះរស់រានមានជីវិតពីរបបខ្មែរក្រហម ពួកគេកម្រនិយាយអំពីអ្វីដែលពួកគេធ្លាប់បានឆ្លងកាត់ណាស់ ពីព្រោះប្រជាពលរដ្ឋកម្ពុជាជាច្រើនជឿថា ការធ្វើបែបនេះនឹងផ្តល់ការឈឺចាប់ទៅដល់កូនៗរបស់ពួកគេ។
ការណ៍នេះមានន័យថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនមិនបានរស់នៅដោយផ្ទាល់នៅក្នុងរបបខ្មែរក្រហមដែលគេដឹងថា បានសម្លាប់គ្រូបង្រៀន គ្រូពេទ្យជាច្រើន ដោយប្រើត្បូងចប និងមិនឲ្យតម្លៃជីវិតមនុស្សស្មើនឹងគ្រាប់កាំភ្លើងផង។
ដោយឡែក បើគិតចាប់តាំងពីឆ្នាំ ២០០៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនអ្នកទស្សនា ដែលបានទៅសិក្សាស្វែងយល់អំពីសាលាក្តីខ្មែរក្រហមមានប្រមាណជិតកន្លះលាននាក់។ នេះបើយោងតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។
លោកបន្តថា ពាក់កណ្តាលនៃអ្នកទស្សនាទាំងនោះ គឺជាយុវជនដែលជាសិស្ស និងនិស្សិតកើតក្រោយសម័យខ្មែរក្រហម។ ហើយក្រុមការងារផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីក៏បានចុះផ្សព្វផ្សាយអំពីដំណើរការសាលាក្តីខ្មែរក្រហមនេះដល់សិស្ស និងនិស្សិតជិត ២០ ម៉ឺននាក់ផ្សេងទៀតនៅតាមវិទ្យាល័យ និងមហាវិទ្យាល័យនានាផងដែរ។
«ការរៀបចំនូវដំណើរទស្សនកិច្ចរបស់សាលាក្តីខ្មែរក្រហម សម្រាប់ប្រជាពលរដ្ឋ សម្រាប់សិស្សានុសិស្សពីតាមជនបទនេះមកនេះ គឺដើម្បីឲ្យពួកគាត់ហ្នឹងគឺទទួលបាននូវព័ត៌មានពេញលេញអំពីដំណើរការរបស់សាលាក្តីខ្មែរក្រហម ក៏ដូចជាធ្វើទស្សនកិច្ចសិក្សានៅតាមទីតាំងឧក្រិដ្ឋកម្មផ្សេងៗ ដូចជា មន្ទីរសន្តិសុខស-២១ គុកទួលស្លែង ឬក៏បឹងជើងឯកជាដើម»។
ការសិក្សាលម្អិតបែបប្រវត្តិសាស្ត្រអំពីរបបខ្មែរក្រហម ត្រូវបានបញ្ចូលក្នុងកម្មវិធីអប់រំជាតិនៅឆ្នាំ២០០៩។
ការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌល WSD Handa ដើម្បីសិទ្ធិមនុស្សនៃសាកលវិទ្យាល័យ Standford មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហាញថា តុលាការខ្មែរក្រហម ដែលជាតុលាការអន្តរជាតិមួយនេះត្រូវបានសិស្សសាលាក្នុងទីក្រុងភ្នំពេញ មើលឃើញថា ជា«ឧបករណ៍សម្រាប់ការអប់រំច្រើនជាងមធ្យោបាយដើម្បីរកយុត្តិធម៌»។
ការសិក្សាដែលបានចេញផ្សាយកាលពីឆ្នាំ ២០១៨ នោះបានស្ទង់មតិសិស្សសាលាចំនួន ៨៣ នាក់ជាមួយសមាជិកអង្គការសង្គមស៊ីវិលចំនួន ១៦ មន្ត្រីរដ្ឋាភិបាល និងអ្នកអប់រំជាច្រើននាក់ទៀត៕