ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​​ប្រារព្ធ​ពិធី​បុណ្យ​ណូអ៊ែល​និង​បូជា​ដី​ផ្ទាល់​ខ្លួន​ដើម្បី​សង់​ព្រះវិហារ​ជូន​ព្រះយេស៊ូ


អ្នកស្រី អ៊ឹម ចែម អតីតកម្មាភិបាលខ្មែរក្រហម ផ្តល់បទសម្ភាសន៍ដល់វីអូអេ អំពីការសាងសង់ព្រះវិហារគ្រិស្តនៅក្បែរគេហដ្ឋានរបស់អ្នកស្រី ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
អ្នកស្រី អ៊ឹម ចែម អតីតកម្មាភិបាលខ្មែរក្រហម ផ្តល់បទសម្ភាសន៍ដល់វីអូអេ អំពីការសាងសង់ព្រះវិហារគ្រិស្តនៅក្បែរគេហដ្ឋានរបស់អ្នកស្រី ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

អតីតកម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប គឺ​អ្នកស្រី​ អ៊ឹម​ ​ចែម ​ប្រារព្ធ​ពីធី​បុណ្យ​ណូអ៊ែល​លើក​ដំបូង​ នៅក្នុង​ព្រះវិហារ​ដែលអ្នកស្រីបរិច្ចាគ​ដី​ផ្ទាល់​ខ្លួនសាងសង់ ​ក្នុង​ស្រុក​អន្លង់វែង​កាលពី​ថ្ងៃសៅរ៍ ក្រោយ​ពីអ្នកស្រី​បាន​ផ្លាស់​ប្តូរ​ជំនឿ​ពី​ពុទ្ធ​សាសនា​ទៅ​ជា​សាសនា​គ្រិស្ត ឬ​អ្នក​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ​ នៅ​ពេល​ដែល​តុលាការ​ខ្មែរ​ក្រហម​បាន​ទម្លាក់​បទ​ចោទ​ប្រកាន់​រឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​លើ​រូបអ្នកស្រី ​កាល​ពី​ឆ្នាំ​២០១៧។

នៅ​ក្នុង​កម្មវិធី​បុណ្យ​ណូអ៊ែល​ដ៏សាមញ្ញ និង​មិន​មាន​ការ​តុប​តែង​លម្អ​នោះ​ គេ​ឃើញ​មាន​សមាជិក​និង​កូនចៅ​ មិត្ត​ភក្តិ​ប្រមាណ​ជិត​២០​នាក់​ចូលរួម។

ក្រុម​អ្នក​កាន់​សាសនា​គ្រិស្តទាំង​នោះ រួមទាំង​អ្នកស្រី អ៊ឹម ចែម បាន​ច្រៀង​សរសើរ​តម្កើង​ដល់​ព្រះយេស៊ូ​គ្រិស្ត អធិដ្ឋាន​ ទទួលធ្វើ​ពិធី​លាង​ព្រះអង្គ​ម្ចាស់​ដោយ​មាន​ទឹក​ទំពាំង​បាយ​ជូ​ និង​ចំណិត​នំប័ង​ ការស្វាគមន៍ភ្ញៀវ​ ការ​ដាក់​ប្រាក់​ដង្វាយ​និង​ការ​ចែកចាយ​ព្រះបន្ទូល​អំពី​ការ​យក​កំណើត​ជា​មនុស្ស​របស់​ព្រះយេស៊ូ​គ្រិស្ត ដើម្បី​ជួយ​សង្គ្រោះមនុស្ស​មាន​បាប។

នៅ​ក្នុង​កិច្ច​ស្វាគមន៍​ អ្នកស្រី អ៊ឹម​ ចែម​ ដែល​គេ​មិន​នឹក​ស្មាន​ដល់​ថា​ផ្លាស់​ប្តូរ​ជំនឿ​សាសនា​ពី​ព្រះពុទ្ធ​សាសនា​ទៅជា​សាសនា​គ្រិស្ត​នោះ​ បាន​ឡើង​ថ្លែង​អរគុណ​ដល់ភ្ញៀវ និងសមាជិក​ និង​មិត្តភក្តិ​ដែល​បាន​ចូលរួម​ក្នុង​ពីធី​បុណ្យ​ណូអ៊ែល​នេះ។

«ហើយ​បន្ត​ទៅ​នេះ ខ្ញុំ​ស្វាគមន៍​ជាមួយ​ភ្ញៀវ​ ហើយ​ក៏​ខ្ញុំ​រីក​រាយ​ពេញចិត្ត​ស្រឡាញ់​ស្មោះអស់​ពីចិត្ត​ចំពោះ​បងប្អូនជា​ភ្ញៀវកិត្តិយស​នៅក្នុងថ្ងៃនេះ។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​នៅទីនេះ​ជា​បាវព្រាវ​របស់​ព្រះអង្គ​ទាំង​អស់គ្នា​ ហើយ​ក៏ស្មោះ​ត្រង់​ជាមួយ​ព្រះអង្គ​ពិតប្រាកដ​ ជឿជាក់​ថា​ ព្រះអង្គ​ជា​ព្រះ​ខ្លាំង​ពូកែ​មាន​បារមី​ដ៏​ខ្លាំង​លើស​លុប​សម្រាប់​ជួយ​ជីវិត​មនុស្ស​ទាំងអស់​នេះ ​ហើយ​ដែល​យើង​ខ្ញុំ​បាន​ជឿ​ និង​ទុកចិត្ត»។

ព្រះវិហាររបស់ពួកជំនុំគ្រីស្ទបរិស័ទខ្មែរភូមិអូរអង្រែ សង់ជិតផ្ទះអ្នកស្រីអ៊ឹម ចែម នាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ (ហ៊ុល រស្មី/VOA)
ព្រះវិហាររបស់ពួកជំនុំគ្រីស្ទបរិស័ទខ្មែរភូមិអូរអង្រែ សង់ជិតផ្ទះអ្នកស្រីអ៊ឹម ចែម នាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ (ហ៊ុល រស្មី/VOA)

អ្នកស្រីអ៊ឹម ចែម ដែល​អះអាង​ ថា ព្រះ​យេស៊ូ​បាន​អត់ទោស​បាប​ដល់​អ្នកស្រី​ក៏បាន​អធិដ្ឋាន​សុំព្រះពរ​និង​ប្រាជ្ញា​ថែមទៀត​។

លោក​គ្រូគង្វាល​ដែលអធិប្បាយ​នៅក្នុង​ពីធីបុណ្យ​នោះ គឺ​លោក​ដុប​ ឌឿន អាយុ​៥០ឆ្នាំ​ នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ បានចាត់​ទុកថា​ការ​ធ្វើ​បុណ្យ​ណូអ៊ែល​នេះ​គឺ​ដើម្បី​រំឭក​ពី​ការ​យាង​មក​ចាប់​កំណើត​ជាមនុស្ស​របស់​ព្រះយេស៊ូ កាល​ពី​ជាង​២០១៩​ឆ្នាំមុន។

«អីចឹង​នេះ​ហើយ​ដែល​យើង​ត្រូវ​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​អំពី​ព្រះគុណ​អស្ចារ្យ​ចំពោះ​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​យាង​មក​ផែន​ដី​នេះ​ គឺ​តែមួយគត់​ គឺ​ព្រះអង្គ​យាង​មក​ដើម្បី​រំដោះ​អំពើ​បាប​របស់​យើង ដើម្បី​លោះ​បាប​របស់​យើង​ដោយ​សារ​ព្រះលោហិត​របស់​ព្រះអង្គ»។

អ្នកស្រីអ៊ឹម ចែម​ អាយុ​៧៧​ឆ្នាំ ​បាន​ទទួល​ជឿ​ព្រះយេស៊ូ តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ២០១៧​ ដោយ​គ្រូគង្វាល​គ្រិស្ត ហ្វ័រ​ ឡាប៉ែល (Christopher LaPel) មក​ពី​ទី​ក្រុង​ឡូសអាន់ជឺឡេស​ រដ្ឋកាលីហ្វ័រញ៉ា​ ដែល​បាន​ផ្សាយ​ដំណឹង​ល្អ​ពីព្រះ​យេស៊ូ​ជូន អ្នកស្រីអ៊ឹម​ ចែម​ និង​ធ្វើបុណ្យ​ជ្រមុជ​ទឹក​ជូន​អ្នក​ស្រី ​កាល​ពី​ខែ​មករា​ ដើម​ឆ្នាំ២០១៨។

អ្នក​ស្រី​បាន​ថ្វាយដី និង​អគារ​ព្រះវិហារ​នៅ​ជិត​ផ្ទះ​អ្នក​ស្រី​ដល់​ព្រះវិហារ​ពួក​ជំនុំ​គ្រិស្ត​បរិស័ទ​ខ្មែរ​ភូមិ​អូរអង្រែ​ ដោយ​បាន​ហាម​កូន​ចៅ​អ្នកស្រី ​មិន​ឲ្យ​មាន​ការ​ទាមទារ​ទៅ​ថ្ងៃ​ អនាគត​នោះទេ ដើម្បី​ជា​ការ​អរគុណ​ដល់​ព្រះយេស៊ូ​ដែល​អ្នក​ស្រី​បាន​សម្រេច​ចិត្ត​ជឿ​តាម​នោះ៕

XS
SM
MD
LG