លោក​ Abe ​ត្រូវ​បាន​ចងចាំ​ថា​ជា​សម្ពន្ធមិត្ត​ដ៏​ខ្ជាប់ខ្ជួន​របស់​សហរដ្ឋ​អាមេរិក​និង​ជា​អ្នក​ទប់ទល់​នឹង​ឥទ្ធិពល​ចិន

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden (ឆ្វេង) ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៣។

ក្រុម​អ្នក​វិភាគ​បាននិយាយ ​កាលពី​ថ្ងៃ​សុក្រ ​ទី៨ ខែ​កក្កដា​ថា​ ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក​ Shinzo Abe ដែលត្រូវ​បាន​ធ្វើ​ឃាត នឹង​ចូល​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ថា​ជាសម្ព័ន្ធមិត្ត​ដ៏​ខ្ជាប់​ខ្ជួន​មួយរបស់​សហរដ្ឋ​អាមេរិក ដែល​គាំទ្រ​កម្លាំង​របស់​ប្រទេស​លោក​ខាង​លិចនៅ​ក្នុង​តំបន់​អាស៊ី​ខាងកើត​ ដើម្បី​ទប់ទល់​នឹងឥទ្ធិពល​ដ៏​កើន​ឡើង​របស់​ប្រទេស​ចិន។

លោក​ Abe ដែល​ជានាយក​រដ្ឋមន្ត្រី​កាន់​តំណែងយូរ​ជាង​គេនៅ​ប្រទេស​ជប៉ុន បាន​ទទួលអនិច្ចកម្ម នៅ​ពេល​លោកត្រូវបាន​បាញ់សម្លាប់​ នៅពេល​លោក​ឃោសនាបោះឆ្នោតក្នុង​ទីក្រុង​ Nara នៃ​ប្រទេស​ជប៉ុន។​
លោក Abe ដែល​ជា​មេដឹកនាំអភិរក្ស​និយម​ជប៉ុន ​បាន​លាលែង​ពី​តំណែង​នៅ​ខែ​សីហា ឆ្នាំ ២០២០ ​ដោយ​បាន​បម្រើការ​ងារ​ រយៈពេល ៩ ឆ្នាំ។ ក៏​ប៉ុន្តែ លោកនៅ​តែសកម្មក្នុង​វិស័យ​នយោបាយ​ ជាពិសេស​ជា​សំឡេង​មួយរបស់គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ ដែល​គ្រប់​គ្រង​ប្រទេស។

ក្រុម​អ្នក​វិភាគ​លើក​ឡើងថា​ ពិភពលោក​បាន​ស្គាល់​លោក Abe ដោយសារគោលនយោបាយការបរទេស​របស់លោក​ បានផ្សារ​ភ្ជាប់រដ្ឋាភិបាល​ក្រុង​តូក្យូ​ឱ្យ​ជិត​ស្និទ្ធ​ជាង​មុនជាមួយ​រដ្ឋាភិបាល​អាមេរិក និង​ប្រទេស​ជា​សម្ព័ន្ឋមិត្ត​របស់​អាមេរិក នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

លោកស្រី​ Akiko Horiba ជាមន្ត្រី​ជាន់​ខ្ពស់​គ្រប់គ្រង​គម្រោង​នៅ​អង្គការស្រាវជ្រាវ​មូលនិធិ​សន្តិភាព Sasakawa នៅ​ក្រុង​តូក្យូ។ លោកស្រី​បាននិយាយ​ថា៖ «លោក​ Abe សកម្ម​ណាស់​ខាង​គោលនយោបាយ​ការបរទេស ខាងការ​ទូតបរទេស។ នេះជា​សេចក្តី​ត្រូវការពិតប្រាកដ​ ដើម្បីធ្វើឱ្យ​មាន​វត្តមាន​ជប៉ុន​ច្រើន​ជាង​មុន»។

លោក​ស្រី​ Horiba បាន​ថ្លែង​ថា ​លោក Abe បាន​ពង្រឹងទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក តាម​រយៈ​សន្ធិសញ្ញា​សម្ព័ន្ធភាព​ជប៉ុន​ជាមួយ​អាមេរិក​ កាល​ពី​ឆ្នាំ ១៩៥១ ដោយ​មាន​រួម​បញ្ចូល​ជំនួប​មួយ​ជាមួយអតីតប្រធានាធិបតី​អាមេរិក​លោក Donald Trump ​ក្រោយ​ពេល​លោក​បាន​ចូល​កាន់​តំណែង​ភ្លាមៗ​កាល​ពី​ឆ្នាំ ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចុះ​ហត្ថលេខា​លើ​សៀវភៅ​ចូល​រួម​រំលែក​ទុក្ខ​នៅ​ភូមិគ្រឹះ​ឯកអគ្គរាជទូត​ជប៉ុន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២។

លោក Jeffrey Kingston ជា​គ្រូបង្រៀន​ប្រវត្តិសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ Temple នៅ​ប្រទេស​ជប៉ុន។ លោក​បាន​និយាយថា លោក Abe ​បាន​បណ្តុះបណ្តាល​ចំណង​ទាក់ទង​រវាងជប៉ុន​និង​សហរដ្ឋ​អាមេរិក ជាមួយប្រទេស​អូស្ត្រាលី​ និងប្រទេស​ឥណ្ឌា​ ដើម្បីទប់ទល់​នឹងឥទ្ធិពល​កើនឡើង​របស់ប្រទេស​ចិន។ លោក​បាន​គាំទ្រ​ការ​ប្រើតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ​ជា​យុទ្ធសាស្ត្រ​អន្តរជាតិសេរី​ មួយ​ផ្នែក​ដោយ​ប្រុង​ប្រៀប​នាំចេញ​អាវុធទៅលក់​ឱ្យ​ប្រទេស​វៀតណាម ​និង​ប្រទេស​ហ្វីលិពីន។ ប្រទេស​ទាំង​ពីរនេះ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មាន​ជម្លោះ​ដែន​ទឹកក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ប្រទេស​ចិន​ដែល​ជា​អតីត​សត្រូវ​របស់​សហរដ្ឋ​អាមេរិក នៅ​ពេល​សង្គ្រាម​ត្រជាក់​ បាន​ពង្រីក​កង​នាវា​ចម្បាំង​ខ្លួន​ កាល​ពី​ទសវត្សរ៍​មុន ដោយ​ពង្រីក​កិច្ច​ប្រតិបត្តិការនៅ​ក្នុង​ដែន​សមុទ្រ​នានា​ជាប់​ប្រទេស​ចិន​ និង​នៅ​តាម​តំបន់​ខាង​ត្បូង​នៃ​មហា​សមុទ្រប៉ាស៊ីហ្វិក​ថែម​ទៀត​ផង។

លោក​ Kingston បានថ្លែង​ថា៖ «អ្វី​ដែល​លោក Abe បាន​ធ្វើ គឺ​លោក​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយសហរដ្ឋ​អាមេរិក និង​បង្កើន​សម្ព័ន្ធភាព​រវាងប្រទេស​ទាំង​ពីរ។ លោក​បានបង្ហាញ​ទស្សនៈវិស័យ​របស់​លោក​អំពី​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិកដែល​មាន​លក្ខណៈ​សេរី​និងចំហ។ លោក​បាន​គាំទ្រ​កិច្ចសហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក ជប៉ុន​ អូស្ត្រាលី​ និង​ឥណ្ឌា។ លោក​ក៏​បានពង្រឹង​ភាពជាដៃគូ​ខាង​សន្តិសុខនៅ​ទូទាំង​តំបន់​ផងដែរ។ កិច្ចការ​ទាំងអស់​នេះ គឺជា​ការ​ឆ្លើយ​តប​នឹង​ក្តី​បារម្ភអំពី​មហិច្ឆតា​អនុត្តរភាព​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់»។

លោក Wang Wei-chieh ជា​និស្សិតម្នាក់​នៅ​សាកលវិទ្យាល័យ​កោះតៃវ៉ាន់​ និងជា​សហស្ថាបនិក​នៃ​ទំព័រ​ហ្វេសប៊ុក​ស្តីពីកិច្ចការ​អន្តរជាតិ​ដែល​មាន​ឈ្មោះថា FBC2E។ លោក​បាន​និយាយ​ថា លោក Abe បាន​ក្លាយ​ជា​សំឡេងដ៏​ខ្លាំងក្លា​មួយ ដែល​អ្នក​បន្ត​តំណែង​ពី​លោក​ គឺ​លោក Fumio Kishida ត្រូវ​តែ​ជ្រោមជ្រែង​គោលនយោបាយ​គាំទ្រ​អាមេរិក​របស់​ប្រទេស​ជប៉ុន។

លោក Wang បានថ្លែង​ថា៖ «ខ្ញុំ​យល់​ថា យុទ្ធសាស្ត្រ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់​ពួក​គេ​គ្មាន​កែប្រែ​ច្រើន​ទេ ពីព្រោះ​ខ្ញុំយល់​ថា ពួក​គេ​បានកំណត់គោលដៅ​មួយ​ស្រេច​ហើយ។ ពួក​គេ​បាន​ចាប់​ផ្តើម​យុទ្ធសាស្ត្រ​មួយ​នេះ​រួច​ទៅ​ហើយ»។ លោក Wang បាន​ថ្លែង​ដូច្នេះ មុន​ពេល​ការ​ប្រកាស​ថា​ លោក Abe ​បាន​ស្លាប់។

លោក​ Wang បាន​បន្ថែម​ថា​ មរណភាព​របស់​លោក Abe ​ក៏​អាច​បំបិទសំឡេងគាំទ្រ​កោះ​តៃវ៉ាន់​ដ៏​ខ្លាំងក្លា​មួយ ហើយ​លោក Kishida បាន​គាំទ្រ​ដោយ​ចំហ​ដល់​សេចក្តី​ថ្លែង​ការណ៍​របស់​សហរដ្ឋ​អាមេរិក អំពី​ការ​គាំទ្រ​ខាង​យោធា​ដល់​តៃវ៉ាន់ ដែល​ជា​កោះ​មួយគ្រប់គ្រង​ដោយ​ខ្លួន​ឯង និង​ដែល​ចិន​ទាមទារ​កាន់កាប់។

រថយន្ដ​ខ្មៅ (ឆ្វេង) ដឹក​សព​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ចេញ​ពី​វិហារ Zojoji បន្ទាប់​ពី​ពិធី​បុណ្យសព​របស់​លោកបាន​ចប់​សព្វគ្រប់​ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២។

ឧបសគ្គ​ក្នុង​គោលនយោបាយ​ការបរទេស

លោក Kingston បាននិយាយ​ថា​ ទោះ​ជា​លោក​បាន​ជួបពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​បរទេស​ក៏​ដោយ ក៏​លោក​ Abe ​បាន​ទទួល​ជោគជ័យ​តែ​បន្តិច​បន្តួចប៉ុណ្ណោះ ក្នុង​ការ​កែ​លម្អទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន រុស្ស៊ី ឬ​ប្រទេស​កូរ៉េខាង​ត្បូង។ លោក​បានពោលទៀត​ថា ​ប្រទេស​ជប៉ុន​និងប្រទេស​រុស្ស៊ីនៅ​មាន​ជម្លោះ​អំពី​អធិបតេយ្យភាពលើ​កោះ​ខ្លះ​ នៅ​ក្នុងតំបន់ប្រជុំ​កោះ Kuril ទោះ​ជា​លោក Abe បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ច្រើន​ជាងដងក៏​ដោយ។

ប្រទេស​ចិន​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​តែ​ខឹង​សម្បារ​នឹង​ក្រុម​មេដឹកនាំ​ជប៉ុន ដោយ​មានរួម​ទាំង​លោក Abe ផង​ ដែលបាន​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ដល់ក្រុម​មេដឹកនាំ​ជប៉ុនក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី ២ ដែលនាំ​ឱ្យ​មាន​ការ​រកាំ​ចិត្តនៅ​ក្នុង​ប្រទេស​អាស៊ី​នានា​ នៅ​ជុំវិញប្រទេស​ជប៉ុន។​

លោក Abe ក៏​បាន​គាំពារ​មតិឱ្យ​ជប៉ុន​សើរើ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​របស់​ខ្លួន ដែលត្រូវ​បាន​ព្រាង​ដោយកងទ័ព​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក ​ដែល​បាន​កាន់កាប់​ប្រទេសនេះ​ក្រោយ​សង្គ្រាម​លោក​លើក​ទី ២។ មហិច្ឆតា​នេះបាន​នាំ​ឱ្យ​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​ ដែល​នៅ​ជិត​ប្រទេស​ជប៉ុន​ និង​ប្រជាជន​ជប៉ុន​ដែល​ស្អប់​សង្គ្រាម ខឹង​សម្បារ។ ការ​ប្រឆាំង​ជំទាស់​នឹង​ការ​សើរើ​រដ្ឋធម្មនុញ្ញ​នៅ​ក្នុងប្រទេស​ជប៉ុន​ បាន​ធ្វើ​ឲ្យ​គំនិតនេះ​ចុះ​ថម​ថយនៅ​ឆ្នាំ ២០១៩។

លោក Kingston បាននិយាយ​ថា យុទ្ធសាស្ត្រសេដ្ឋកិច្ច​ហៅ « Abenomics» របស់​លោក​ Abe ក្នុង​ការ​បង្កើន​សន្ទុះ​សេដ្ឋកិច្ចដោយចំណាយ​ច្រើន​ជាង​មុន​ និង​ដោយ​ការផ្តល់​ប្រាក់​កាសច្រើន​ជាង​មុន​ បាន​ទទួល​ផល​នៅ​ពេល​អនុវត្ត​ដំបូង ក៏​ប៉ុន្តែ​ក្រោយ​មក យុទ្ធសាស្ត្រ​នេះ​បង្ក​ឱ្យ​មាន​បំណុល​ច្រើន​ខ្លាំង។

លោកស្រី​ Akiko Horiba បានថ្លែង​ថា​ ជា​ការ​ជៀស​មិន​រួច លោក Abe ក៏​ប្រឈម​នឹង «រឿង​ចម្រូងចម្រាស» ពី​ព្រោះលោកបាន​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​យូរ​ពេក៕

ប្រែសម្រួល​ដោយ​ លោក ឈឹម សុមេធ