អតីត​តំណាងរាស្ត្រ​បក្ស​ជំទាស់​បង្កើត​បក្ស​មួយ​បន្ថែម​ទៀត

តំណាង​ស្ថាបនិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ ធ្វើ​សន្និសីទ​កាសែត​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​០២ ខែ​មករា​ ឆ្នាំ​២០២០។ (អូន ឆេងប៉រ/VOA) 

បើ​បូករួម​ទាំង«​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ»​ ​នេះ​ផង​ ​មាន​គណបក្ស​នយោបាយ​យ៉ាង​ហោច​ចំនួន​បី​ហើយ​ ​ដែល​ត្រូវ​បាន​បង្កើត​ដោយ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។​

សំណើ​សុំ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ទៀត​ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​បណ្ដា​អតីត​សមាជិក​ជាន់​ខ្ពស់ ​និង​សមាជិក​ថ្នាក់​មធ្យម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ។

គណបក្ស​នេះមាន​ឈ្មោះ​ថា «គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ»ដែល​មាន​ឈ្មោះ​កាត់​ជា​អក្សរ​ឡាតាំង (​CNLP) ស្រដៀង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP) តំណាង​គណបក្ស​ថ្មី​នេះ​បាន​អះអាង​អំពី​ឯករាជ្យ​ភាព​ខាង​នយោបាយ​របស់​ពួកគេ​ថា​មិន​មាន​អ្នកណា​នៅ​ពី​ខាង​ក្រោយ​នោះ​ទេ​ ​តែ​មិន​បាន​បញ្ជាក់​លម្អិតអំពី​ប្រភព​ហិរញ្ញវត្ថុ​នោះ​ឡើយ។

ក្រុម​សហ​ស្ថាបនិក ​និង​សមាជិក​សរុប​ចំនួន​២១​នាក់ ​ដែល​សុទ្ធ​សឹង​ជា​បុរស បាន​កោះ​ប្រជុំ​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​សណ្ឋាគារ​សាន់វ៉េយ៍​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​ដោយ​បាន​អះអាង​ថា​ពួកគេ​មាន​បំណង​រក្សា​សំឡេង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​អ្នក​តស៊ូ​នយោបាយ«ប្រឆាំង​នឹង​អំពើ​ផ្ដាច់ការ ​និង​អយុត្តិធម៌»។

តំណាង​ស្ថាបនិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ ធ្វើ​សន្និសីទ​កាសែត​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​០២ ខែ​មករា​ ឆ្នាំ​២០២០។ (អូន ឆេងប៉រ/VOA)

ក្នុង​ចំណោម​អ្នក​ទាំង​២១​នាក់​នោះ ក៏​មាន​ផង​ដែរ​ ​អតីត​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​ ​គឺ​លោក​ ​ជីវ​ ​កត្តា​ ​និង​លោក​ ​កង​ ​គឹមហាក់​ ​បូករួម​ទាំង​សមាជិក​គណៈកម្មការ​នាយក​នៃ​គណបក្ស​សង្រ្គោះ​ជាតិ រួម​មាន​លោក ខឺយ ស៊ីនឿន ដើម។ លោក ជីវ កត្តា បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​អំពី​ការ​បង្កើត​បក្ស​ថ្មី​នេះ​ថា៖

«បញ្ហា​បង្កើត​ហ្នឹង​ ​គឺ​ដោយសារតែ​យើង​ហ្នឹង​អស់សង្ឃឹម...ដោយសារ​សំឡេង​និន្នាការ​នយោបាយប្រឆាំង​ជាមួយ​នឹង​គណបក្ស​កាន់អំណាច​ ​និង​ការ​បែក​បាក់​យ៉ាង​ខ្លាំង​រវាង​អ្នក​ប្រជាធិបតេយ្យ​ ​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​សម្រាប់​យើង​ទាំង​អស់​គ្នា‍»។

នៅពេល​ត្រូវ​បាន​ចោទសួរ​ថា​ ​«គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ» មាន​សង្ឃឹម​ប៉ុណ្ណា​ក្នុង​នាម​ជា​បក្ស​ថ្មីថ្មោង​ក្នុង​ការ​ប្រមូល​យក​ការ​គាំទ្រ លោក ជីវ កត្តា បាន​លើកឡើង​ថា​‍«ធ្វើអ្វី​ក៏​ដោយ ​ត្រូវតែ​មាន​សង្ឃឹម»។

លោក​ ​ជីវ​ ​កត្តា​ ​និង​លោក​ ​កង​ ​គឹមហា​ក់ ស្ថិត​នៅ​ក្នុងចំណោម​មនុស្ស​៩នាក់​ដែល​ទទួល​បាន​សិទ្ធិ ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​ ​ក្នុង​ចំណោម​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​១១៨នាក់ ដែល​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​នយោបាយ ភ្លាមៗ​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស កាលពី​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧។

បើ​បូករួម​ទាំង​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ ​នេះ​ផង​ ​មាន​គណបក្ស​នយោបាយ​យ៉ាង​ហោច​ចំនួន​បី​ហើយ​ ​ដែល​ត្រូវ​បាន​បង្កើត​ដោយ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ ​រួមមាន​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​បាន​បង្កើត​ដោយ​លោក​ ​គង់​ ​ម៉ូនីកា ​កូន​ប្រុស​របស់​លោក​ ​គង់​ ​គាំ​ ​ដែល​បាន​បើក​បក្ស​នេះ​ចូលរួម​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨ និង​បច្ចុប្បន្ន​ជា​បក្ស​សមាជិក​នៃ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់។​

លោក​ ​រៀល​ ​ខេមរិន្រ្ទ ​អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ ​បានបង្កើត​គណបក្ស​ខ្មែរ​អភិរក្សនិយម​ ​កាលពី​ខែ​កញ្ញា​ ​ឆ្នាំ២០១៩។

ទាំង​បី​គណបក្ស​ដែល​បាន​បង្កើត​ថ្មីនេះ សុទ្ធតែ​បាន​អះអាង​ថា​ ​ពួកគេ​ធ្វើ​ដូច្នេះ ​ដើម្បី​បង្រួបបង្រួម​ និង​រក្សា​មូលដ្ឋាន​នៃ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្លាប់​ជា​បក្ស​គូប្រជែង​ដ៏​ស្រួច​ស្រាល់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​

​យ៉ាងណាក្ដី​ ​លោក​ ​ម៉ន​ ​ផល្លា ​សមាជិក​គណៈកម្មការ​នាយក​របស់​បក្ស​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​លើក​ឡើង​ថា ​លោក​មិន​គាំទ្រ​ការ​ចេញទៅ​បង្កើត​បក្ស​នយោបាយ​ថ្មី​នេះ​ទេ។

ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ​រូប​នេះ ​បាន​ប្រាប់ VOA តាម​ទូរស័ព្ទពី​កន្លែង​លោក​រស់​នៅ​ជ្រកកោន​នៅ​ក្រៅ​ប្រទេស​ថា៖​

«មែន​ទែន​ទៅ​ ​គឺ​គ្រាន់តែ​កំដរ​បរិយាកាស​ ​បំពេញ​លក្ខខណ្ឌ​ឱ្យ​គណបក្សប្រជាជន​[​កម្ពុជា​]​ ​ជាពិសេស​បំពេញ​មហិច្ឆតា​របស់​លោក​ ​ហ៊ុន​ ​សែន​ ​តែប៉ុណ្ណោះ»។​

​ការ​បង្កើត​គណបក្ស​ថ្មី​នេះ​ ​ខណៈរដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ប្រទេស​ជា​ដៃគូ​នៅ​លោក​ខាងលិច​ ​ដែល​បាន​បញ្ចេញ​ប្រតិកម្ម​នឹង​ការ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ធ្វើ​ទុក្ខ​សង្គម​ស៊ីវិល​ ​និង​បណ្ដាញ​ផ្សព្វផ្សាយ​ដែល​មិន​ចំណុះ​នឹង​រដ្ឋអំណាច ការ​ចាប់​ចង និង​ចោទប្រកាន់​លោក​ ​កឹម​ ​សុខា​ ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ពី​បទ​‍«ក្បត់​ជាតិ‍»​ និង​ការ​បោះ​ឆ្នោត​ដែល​គណបក្ស​ប្រជាជន​ឈ្នះ​អាសនៈ​រដ្ឋសភា​ទាំង​១២៥។

លោក​ ​សុខ​ ​ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​វា​ជា​ប្រការ ​‍«មិន​ពិត‍»​ ​និង​មាន​ចរិត​‍«លាប​ពណ៌‍»​ចំពោះ​ការ​ដែល​ថា​បក្ស​កាន់អំណាច​ស្ថិត​នៅ​ពី​ក្រោយ​ការ​បង្កើត​បក្ស​នយោបាយ​ថ្មី​ទាំង​នេះ។

លោក សុខ ឥសាន ​បាន​បន្ថែម​ថាគណបក្សប្រជាជន​កម្ពុជា ​ស្វាគមន៍​សកម្មភាព​បង្កើត​គណបក្ស​នយោ​បាយ​ថ្មី​នេះ​របស់​អតីត​សមាជិក​បក្ស​សង្គ្រោះ​ជាតិ៖ «ជា​សិទ្ធិ​សម្រេច​របស់​ពួកគាត់​ម្នាក់ៗ​ជា​ពលរដ្ឋ​ហ្នឹង​ ​គាត់​ចង់​ធ្វើ​ស​មា​គម​អី​ក៏បាន​ដែរ​អាហ្នឹង‍»។​

បើ​គិត​ត្រឹម​ថ្ងៃ​ទី​២ ខែ​មករា​នេះ​ ​មាន​គណបក្ស​នយោបាយ​សរុប​ចំនួន​៤៤។ ​នេះ​បើ​យោង​តាម​លោក​ ​ឈឹម​ ​កាន​ ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម​ និង​គណបក្ស​នយោបាយ​នៃ​ក្រសួងមហាផ្ទៃ។ លោក​បន្ត​ថា​ចំនួន​នេះ​មិន​ទាន់​រាប់បញ្ចូល​‍«គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ‍»​ខាង​លើ​នៅ​ឡើយ​ ​តែ​ថា​ក្រសួង​មហាផ្ទៃ​បាន​ទទួល​រួចហើយ​ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​នេះ។

‍«បាទ​!​ ​យើង​មើល​លើ​នីតិវិធី​ ​ពាក្យ​បែប​បទ​ដែល​គាត់​ដាក់​សំណើសុំ​មក ​យើង​នឹង​រៀបចំ។​ ​បើ​សិន​ជា​គាត់​បំពេញ​គ្រប់​លក្ខខណ្ឌ​ច្បាប់​កំណត់​ហើយ​ ​យើង​រៀបចំ​ជូន​គាត់​ហើយ​ ​មិន​អី​ទេ»៕