អតីតមេដឹកនាំចលនាកងទ័ពសេរីជាតិកម្ពុជា គឺលោក រីឆាដ គិរី គីម បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅប្រទេសកម្ពុជា ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅកម្ពុជា។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗដែលផ្សាយតាមអនឡាញដោយបញ្ជាក់ថា លោក រីឆាដ គីរី គីម ដែលជាខ្មែរអាមេរិកាំង បានស្លាប់នៅល្ងាចថ្ងៃទី១០ ខែមិថុនា នៅពេលបញ្ជូនដល់មន្ទីរពេទ្យខ្មែរ-សូវៀត។
លោក នុត សវនា បានថ្លែងថា៖ «គាត់ឆ្លងកូវីដ-១៩ ហើយចាស់ រួមមានជំងឺប្រចាំកាយផង។ យើងសង្គ្រោះគាត់ ដោយយកទៅពេទ្យមិត្តភាពខ្មែរ-សូវៀតដែរ ប៉ុន្តែយកទៅអត់ទាន់។ គាត់ ក៏ស្លាប់កាលពីម៉ោង៦ល្ងាច កាលពីម្សិលមិញ»។
លោក រីឆាដ គិរី គីម អាយុ៧២ឆ្នាំ ជាពលរដ្ឋខ្មែរអាមេរិកាំងដែលនៅរដ្ឋ Oregonកំពុងជាប់ទោសអស់មួយជីវិតនៅពន្ធនាគារព្រៃសក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីចុងឆ្នាំ២០០០។
ចលនាកងទ័ពសេរីជាតិកម្ពុជា (Cambodia Freedom Fighters (CFF)) ដែលលោក រីឆាដ គិរី គីម ដឹកនាំជាមួយនឹងលោក ឈុន យ៉ាសិទ្ធ ដែលជាខ្មែរអាមេរិកាំងម្នាក់ទៀត បានបើកការប្រយុទ្ធនៅពេលព្រឹកព្រលឹមស្រាងៗ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០០នៅរាជធានីភ្នំពេញ ដោយសំដៅលើទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងការពារជាតិ និងអង្គភាពអង្គរក្សង៧០។
ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ការវាយប្រហារនោះ បានបណ្តាលឲ្យមនុស្សស្លាប់៧នាក់ ក្នុងនោះ៦នាក់ ជាអ្នកវាយប្រហារ និង១នាក់ ជាជនស៊ីវិល និងរងរបួសយ៉ាងហោចណាស់១២នាក់។
អាជ្ញាធរកម្ពុជា បានបង្រ្កាបភ្លាមៗ និងចាប់ខ្លួនអ្នកវាយប្រហារបានជាច្រើននាក់នៅពេលយប់នោះ។ លោក រីឆាដ គិរី គីម ត្រូវបានអាជ្ញាធរចាប់ខ្លួននៅខេត្តសៀមរាបក្នុងពេលត្រៀមឡើងយន្តហោះទៅប្រទេសថៃ។
តុលាការកម្ពុជា បានចោទប្រកាន់មនុស្សចំនួន៣២នាក់ពីបទភេរវកម្ម ចារកម្ម ពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធ និងចូលរួមពាក់ព័ន្ធក្នុងការវាយប្រហារនោះ។ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០១ តុលាការរាជធានីភ្នំពេញ បានកាត់ទោសលោក រីឆាដ គិរី គីម និងមេដឹកនាំ៤នាក់ទៀត ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ មនុស្សចំនួន២៥នាក់ទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី៣ឆ្នាំ ដល់២០ឆ្នាំ និង២នាក់ទៀតត្រូវបានទម្លាក់ចោលការចោទប្រកាន់៕