លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិនិងជាអតីតមេបញ្ជាការយោធារបស់គណបក្សហ៊្វុនស៊ិនប៉ិច នឹងគ្រងតំណែងប្រធានគណបក្សឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ ក្រោយតុលាការសម្រេចដោះលែងលោកឲ្យនៅក្រៅឃុំ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់គណបក្សខ្មែររួបរួមជាតិ។
លោក សឹង្ហ គិរី ដែលបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិប្រាប់VOAនៅរសៀលថ្ងៃអង្គារនេះថា សមាជិកនិងសមាជិកាគណបក្សខ្មែររួបរួមជាតិគ្រោងនឹងធ្វើសមាជគាំទ្រឲ្យលោក ញឹក ប៊ុនឆៃ ឡើងធ្វើជាប្រធានគណបក្សវិញ បន្ទាប់ពីលោកត្រូវបានតុលាការដោះលែងកាលពីល្ងាចថ្ងៃចន្ទ។
លោកបន្ថែមថា គណបក្សខ្មែររួបរួមជាតិនឹងទៅចុះបញ្ជីគណបក្សនយោបាយក្នុងពេលឆាប់ៗ ដើម្បីចូលរួមការបោះឆ្នោតនាចុងខែកក្កដា ឆ្នាំ២០១៨នេះ ប៉ុន្តែលោកថា សម្រាប់សមាជគណបក្សសម្រាប់សម្រេចផ្លូវការ មិនទាន់ត្រូវបានកំណត់នៅឡើយ។
លោក សឹង្ហ គិរី មានប្រសាសន៍ថា៖
«ខាងសមាជិកហើយនិងអ្នកដឹកនាំខ្មែររួបរួមជាតិបានត្រៀមគំនិតថានឹងប្រគល់តំណែងជូនគាត់ហើយ តែដោយសារសុខភាពគាត់មិនទាន់ស្រួលបួលទៅក៏គាត់សុំផ្អាកសិន ចាំមើលពេលខាងមុខទៀតចាំពេលណាដែលគាត់ស្រួលខ្លួនសុខភាពអីគាត់មកដូចដើមវិញគាត់នឹងទទួលយកហើយ»។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក លី លីបម៉េង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែរាជធានីភ្នំពេញ ដោះលែងលោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិឲ្យនៅក្រៅឃុំបណ្ដោះអាសន្នបន្ទាប់ត្រូវតុលាការ ចោទនិងសម្រេចឃុំខ្លួនពីបទគ្រឿងញៀនដែលបានកើតឡើងកាលពីជាង១០ឆ្នាំមុន។
ដីកាបង្គាប់ឲ្យដោះលែងនោះ ត្រូវបានសរសេរក្នុងន័យដើមថា៖
«ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ [...] ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន បើសិនជាឈ្មោះនេះមិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀត»។
ទោះយ៉ាងណាក្នុងដីកានោះមិនមានបញ្ជាក់ពីមូលហេតុនៃការដោះលែងលោក ញឹក ប៊ុនឆៃ ឲ្យនៅក្រៅឃុំនោះទេ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនបានឆ្លើយសំណួររបស់VOA ពាក់ព័ន្ធនឹងមូលហេតុនៃការដោះលែងលោក ញឹក ប៊ុនឆៃ នោះទេ ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា៖«យើងមើលអាដីកាបង្គាប់របស់គេហ្នឹងទៅ ហើយមានគេដាក់ក្រោមការត្រួតពិនិត្យអីជំនួសការដាក់ឃុំ មើលក្នុងហ្នឹងទៅឃើញហើយ»។
កាលពីដើមខែសីហាឆ្នាំ២០១៧ តុលាការភ្នំពេញបានចោទប្រកាន់លោក ញឹក ប៊ុនឆៃ អតីតមេបញ្ជាការយោធារបស់គណបក្សហ៊្វុនស៊ិនប៉ិច ពីបទ «សមគំនិតក្នុងបទផលិតគ្រឿងញៀននិងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន» ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនកាលពីជាង១០ឆ្នាំមុន និងបានបញ្ជូនលោកទៅឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ។
ក្រោយការចោទប្រកាន់ លោក ញឺក ប៊ុនឆៃ បានសម្រេចលាលែងចេញពីប្រធានគណបក្ស ដើម្បីការពារកុំឲ្យគណបក្សរបស់លោកត្រូវបានរំលាយតាមច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបានស្នើធ្វើវិសោធនកម្មដោយក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាច ដែលបានកំណត់ថា ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ត្រូវតែជាជនគ្មានទោសពៃរ៍។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់VOAថា លោក ញឹក ប៊ុនឆៃ អាចត្រឡប់ធ្វើជាប្រធានគណបក្សខ្មែររួបរួមជាតិវិញបានដោយលោកថា អតីតប្រធានគណបក្សរូបនេះមិនទាន់ជាជនមានទោសនៅឡើយ។
លោកមានប្រសាសន៍ថា៖
«ជាផ្លូវច្បាប់ នៅពេលដែលតុលាការលោកមិនទាន់មានសាលដីកាចោទប្រកាន់ឬក៏អី គាត់នៅជាមនុស្សធម្មតាទេ អាហ្នឹងបើជាផ្លូវច្បាប់។ ដូច្នេះ ការដោះលែងឲ្យនៅក្រៅឃុំ បានសេចក្ដីថាគាត់មិនទាន់ត្រូវបានទទួលការចោទប្រកាន់ជាអ្នកទោសពីតុលាការនៅឡើយដូច្នេះគាត់នៅជាពលរដ្ឋធម្មតា អាចមានសិទ្ធិធ្វើជានយោបាយបាន»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅថ្ងៃចន្ទបានចាប់ផ្ដើមទទួលចុះបញ្ជីគណបក្សនយោបាយរយៈពេលពីរសប្ដាហ៍ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ខណៈគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំកន្លងទៅ មិនទាន់រកឃើញច្រកចូលរួមការបោះឆ្នោតបាន។ សកម្មជនមន្ត្រី និងប្រធានបក្សនេះជាង២០នាក់ កំពុងស្ថិតនៅក្នុងការឃុំឃាំងនៅឡើយ ខណៈអ្នកនយោបាយក្មេងៗនិងបក្សទើបតែបង្កើតថ្មីសម្រុកទៅចុះឈ្មោះបង្កើតបក្សនិងចុះបញ្ជីបក្សដើម្បីចូលរួមការបោះឆ្នោតខែកក្កដាឆ្នាំ២០១៨ ខាងមុខ។
ក្រោយការរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសគេឃើញស្ថាប័នដែលជាមជ្ឈដ្ឋានជាតិនិងអន្តរជាតិរិះគន់ការរំលាយនោះនិងថា ការបោះឆ្នោតដែលមិនមានវត្តមានរបស់គណបក្សប្រឆាំងនោះនឹងធ្វើឲ្យការបោះឆ្នោតនៅកម្ពុជាមិនស្របទៅតាមលក្ខខណ្ឌលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
នាយករដ្ឋមន្ត្រី ហ៊ុន សែន ជារឿយៗ បានអំពាវនាវឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបង្កើតគណបក្សនយោបាយដើម្បីប្រកួតប្រជែងការបោះឆ្នោត ជំនួសឲ្យការទាមទារឲ្យគណបក្សសង្គ្រោះជាតិមានដង្ហើមរស់ឡើងវិញ។ ក្រោយមកគេឃើញគណបក្សថ្មីៗជាច្រើន បាននិងកំពុងបង្កើតឡើងដែលរហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយថា គណបក្សទាំងនោះប្រមូលបានស្នាមមេដៃគ្រប់ចំនួន៤ពាន់ ដើម្បីអាចចុះឈ្មោះការបោះឆ្នោតបាននៅឡើយ៕