អង្គការអន្តរជាតិធំៗមួយចំនួននៅប្រទេសអាហ្វហ្គានីស្ថានបានផ្អាកកម្មវិធីផ្ដល់ជំនួយរបស់ខ្លួន កាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីមេដឹកនាំតាលីបានកាន់សាសនាឥស្លាម បានហាមពួកគេមិនឲ្យជួលបុគ្គលិកជាស្ត្រីសម្រាប់បំពេញការងារ។
សេចក្ដីប្រកាសព័ត៌មានរួមរបស់អង្គការក្រុមប្រឹក្សាជនភៀសខ្លួនន័រវែសហៅកាត់ថា NRC អង្គការសង្គ្រោះកុមារ Save the Children និងអង្គការ CARE International បានឲ្យដឹងថា៖ «យើងមិនអាចមានលទ្ធភាពជួបកុមារ ស្ត្រី និងបុរស ដែលកំពុងត្រូវការជំនួយនៅអាហ្វហ្គានីស្ថានដោយប្រសិទ្ធភាពបានទេ ប្រសិនបើគ្មានបុគ្គលិកជាស្ត្រី»។
ថ្នាក់ដឹកនាំរបស់អង្គការទាំងនេះបានព្រមានថា ការហាមប្រាមរបស់ពួកតាលីបង់នឹងធ្វើឲ្យប៉ះពាល់ដល់ការផ្តល់ជំនួយសង្គ្រោះជីវិតដល់ពលរដ្ឋអាហ្វហ្គានីស្ថានរាប់លាននាក់ និងប៉ះពាល់ដល់ការងាររាប់ពាន់ ក្នុងគ្រាដែលប្រទេសដ៏ក្រីក្រមួយនេះកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរស្រាប់ហើយនោះ។
សេចក្ដីថ្លែងការណ៍ដដែលនោះបន្តថា៖ «ខណៈពេលដែលយើងបានយល់កាន់តែច្បាស់អំពីសេចក្ដីប្រកាស[របស់តាលីបង់] យើងនឹងបញ្ឈប់កម្មវិធីរបស់យើង និងទាមទារឲ្យបុរសនិងស្ត្រីអាចបន្តការងារដោយស្មើភាពគ្នាក្នុងការផ្តល់ជំនួយសង្គ្រោះជីវិតដល់ពលរដ្ឋអាហ្វហ្គានីស្ថាន»។
អង្គការទាំងបីនេះ កំពុងអនុវត្តកម្មវិធីពាក់ព័ន្ធនឹងសុខុមាលភាព អប់រំ កិច្ចការពារកុមារ និងអាហារូបត្ថម្ភ នៅក្នុងប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាមមួយនេះ ដែលអង្គការសហប្រជាជាតិបានឲ្យដឹងថា ពលរដ្ឋជាងពាក់កណ្ដាល ឬប្រមាណ ៤០ លាននាក់ ត្រូវការជំនួយមនុស្សធម៌ក្នុងទម្រង់ណាមួយ។
ដោយឡែក អង្គការគណៈកម្មធិការសង្គ្រោះអន្តរជាតិ ហៅកាត់ថា (IRC) បានថ្លែងកាលពីថ្ងៃទី ២៥ ខែធ្នូថា ពួកគេនឹងបញ្ឈប់ប្រតិបត្តិការមនុស្សធម៌ ដោយនិយាយថា លទ្ធភាពរបស់ពួកគេក្នុងការដំណើការសេវាផ្ដល់ជំនួយ អាស្រ័យជាចម្បងលើបុគ្គលិកជាស្ត្រីនៅគ្រប់ផ្នែកទាំងអស់របស់អង្គការនេះ។
អង្គការនេះលើកឡើងថា៖ «ប្រសិនបើយើងមិនត្រូវបានអនុញ្ញាតឲ្យជួលបុគ្គលិកជាស្ត្រីទេនោះ យើងមិនអាចផ្ដល់ជំនួយទៅដល់អ្នកដែលមានតម្រូវការនោះទេ»។ អង្គការដដែលនេះកត់សម្គាល់ថា ខ្លួនមានបុគ្គលិកសរុបប្រមាណ ៨.០០០ នាក់ ដែលក្នុងជាង ៣.០០០ នាក់គឺជាស្ត្រី។
ក្រសួងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលតាលីបង់ កាលពីថ្ងៃទី ២៤ ខែធ្នូ បានចេញលិខិតមួយបញ្ជាឲ្យអង្គការជាតិ និងអន្តរជាតិ បញ្ឈប់បុគ្គលិកស្ត្រីមិនឲ្យធ្វើការជាបន្ទាន់ រហូតដល់មានការជូនដំណឹងជាថ្មី ដោយចោទថា ស្ត្រីបានបំពានលើគោលការណ៍ស្លៀកពាក់របស់សាសនាឥស្លាម តាមរយៈការពាក់ក្រណាត់ជួតក្បាលមិនបានត្រឹមត្រូវ។ ក្រសួងនេះបានព្រមានថា ពួកគេនឹងលុបចោលបណ្ណការងារសម្រាប់អង្គការណា ដែលត្រូវបានរកឃើញថាបានបំពានបទបញ្ជានេះ។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា លោក«មានការរំខានក្នុងចិត្តជាខ្លាំង»ដោយសារការហាមឃាត់របស់រដ្ឋាភិបាលតាលីបង់នេះ ដោយលោកកត់សម្គាល់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អង្គការជាតិនិងអន្តរជាតិ «កំពុងជួយដល់ពលរដ្ឋអាហ្វហ្គានីស្ថានជាង ២៨ លាននាក់ ដែលពឹងផ្អែកលើជំនួយមនុស្សធម៌ដើម្បីរស់»៕