ក្រសួង​ការបរទេស​​បដិសេធ​ដំណឹង​ដែល​ថា កម្ពុជា​ស្ថិត​ក្នុង​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​យោធា​ឱ្យ​អ៊ុយក្រែន

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថ្លែងនៅក្នុងជំនួបជាមួយឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិកទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ានិង​ប៉ាស៊ីហ្វិកលោក Daniel J. Kritenbrink នៅក្រសួងការបរទេស​កម្ពុជា​ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២។

ក្រសួងការបរទេសបាន​បដិសេធ​ចោល​ដាច់ខាត​ចំពោះ​ការ​ចេញ​ផ្សាយ​ដំណឹង​តាម​ប្រព័ន្ធ​តេឡេក្រាម​ ទាក់ទិន​នឹង​ការ​គាំទ្រ​ខាង​យោធា​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន ហើយ​ថា​អ្វី​ដែល​កម្ពុជា​បាន​ជួយ​ក្នុងការ​ផ្តល់​ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​បោស​សម្អាត​មីន​ដល់​អ្នក​ដោះមីន​ជនជាតិ​អ៊ុយក្រែន​នោះ គឺ​ជា​កិច្ចការ​មនុស្ស​ធម៌។

បើតាម​ព័ត៌មាន​ជា​លក្ខណៈ​ក្រាហ្វិក​ ដែល​ចេញ​ផ្សាយ​តាម​ប្រព័ន្ធ​តេឡេក្រាម​មួយ​ឈ្មោះ​ Demografiya upala មាន​ការ​បង្ហាញ​ជំហរ​ប្រទេស​នានា​ ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ក្នុងនោះ​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ប្រទេស​ដែល​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន។​ នេះបើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា

សេចក្តី​ប្រកាស​ចុះថ្ងៃទី ២៤​ ខែមករា​ បាន​លើក​ឡើង​ជា​ភាសា​អង់​គ្លេស​ ហើយ​ត្រូវបាន​ប្រែ​សម្រួល​ជា​ខេមរភាសា​តាម​ន័យ​ដើម​ថា៖ «ក្រសួង​បញ្ជាក់​ឡើង​វិញ​ថា​ ការ​សម្រេច​ចិត្ត​ផ្តល់​ការ​បណ្តុះបណ្តាល​បច្ចេកទេស​សម្អាត​គ្រាប់​មីន​ដល់​អ្នក​ដោះមីន​អ៊ុយក្រែន​ នៅ​ប្រទេស​កម្ពុជា​ ក្រោម​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​ទីភ្នាក់​ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ (JICA) គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​មនុស្សធម៌​សុទ្ធសាធ​ ដែល​ស្រដៀង​គ្នា​នឹង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​ខ្លួន​នៅ​តំបន់​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា​ ដោយ​មាន​ការ​ឧបត្ថម្ភពី​អង្គការ​សហ​ប្រជាជាតិ»។

ក្រសួង​ការ​បរទេស​កម្ពុជា​ទទូច​សុំ​ឱ្យ​ប្រព័ន្ធ​តេឡេក្រាម​ឈ្មោះ​ Demografiya upala កែ​តម្រូវ​ចំពោះ​ការ​ផ្សព្វផ្សាយ​ដែល​បាន​ថ្លែង​ខាងលើ​ ដោយ​ហេតុ​ថា​ ការ​ចាត់​ចូល​ក្រុម​ប្រទេស​ដែល​ផ្តល់​ការ​គាំទ្រ​ខាង​យោធា​ឱ្យអ៊ុយក្រែន​យ៉ាង​ដូច្នេះ​ «មិន​ត្រឹមតែ​មិន​ពិត​ទេ​ តែ​ថែមទាំង​អាច​ធ្វើ​ឱ្យខូច​ប្រយោជន៍​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​ស្រលាញ់​សន្តិភាព ហើយ​ប្រកាន់​ខ្ជាប់​គោលនយោបាយ​ការ​បរទេស​អព្យាក្រឹត ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន»។

អគ្គ​នាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ​(CMAC)​ លោក ហេង រតនា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ កម្ពុជា​មិន​បាន​ផ្តល់​ផ្នែក​ហ្វឹក​ហ្វឺន ឬ​ជំនួយ​ផ្នែក​យោធា​ដល់​អ៊ុយ​ក្រែន​នោះ​ទេ គឺ​កម្ពុជា​គ្រាន់​តែ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ជំនាញ​ដោះ​មីន​ដល់​អ៊ុយក្រែន តាម​ទីភ្នាក់ងារ ​JICA តែ​ប៉ុណ្ណោះ។ ​លោក​បន្ថែម​ថា ការ​ចេញ​ផ្សាយ​មួយ​ដែល​ថា កម្ពុជា​បាន​ផ្តល់​ជំនួយ​ផ្នែក​យោធា​ដល់​អ៊ុយក្រែន គឺ​បាន​កែតម្រូវ​ឡើង​វិញ​រួច​ហើយ ដែល​ការណ៍នេះ​អាច​មក​ពី​ការ​ភាន់​ច្រឡំ​ព័ត៌មាន។

​លោក​ថ្លែង​ថា៖ «​យើង​ធ្វើការ​ជាមួយ ​JICA ហើយ​បើប្អូន​មើល​ Profile JICAឱ្យ​ច្បាស់​ [គឺ] ​ JICA ​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​កងទ័ព​យោធា​អី​ក៏​គេ​មិន​ចូលរួម​ដែរ។ ​អ៊ីចឹង​យើង​ផ្តល់តែ​ការ​ហ្វឹក​ហ្វឺន​[ជំនាញ​ដោះ​មីន] ផ្នែក​មនុស្ស​ធម៌​សុទ្ធ​សាធ»។

អ្នកដោះមីន​អ៊ុយក្រែន​ស្តាប់​លោក ហេង រតនា ដែល​ជា​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) នៅ​ពេល​លោក​ថ្លែង​នៅ​សារមន្ទីរ​សន្តិភាព​នៃ​សកម្មភាពកម្ចាត់​មីន​ក្នុង​ខេត្តសៀមរាប ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

ដោយឡែក លោក ​ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ឬ​ហៅ​កាត់​ថា​ ខេមបូចា កត់​សម្គាល់ថា​ ការ​ឆ្លើយ​តប​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ទៅ​នឹងការ​ផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​តេឡេក្រាមទាក់​ទង​កម្ពុជា​ថា​បាន​ផ្តល់​ជំនួយ​យោធា​ទៅ​ឱ្យអ៊ុយ​ក្រែន​នោះ គឺ​ជា​រឿង​ត្រឹម​ត្រូវ ដែ​ល​វា​ស្រប​ទៅ​នឹង​ច្បាប់​នៃ​របប​សារ​ព័ត៌មាន។

លោកប្រាប់​វីអូអេ​នៅថ្ងៃពុធ​នេះ​ថា៖ «របៀប​ដែល​ក្រសួង​ការបរទេស ដែល​មាន​ការ​ស្នើ​ឱ្យ​មាន​ការ​កែតម្រូវ​ ហើយ​ការ​ច្រាន​ចោល​ចំពោះ​ការ​លើកឡើង​ថា កម្ពុជា​ផ្នែក​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​គាំទ្រ​យោធា​ទៅ​អ៊ុយក្រែន​នេះ​ ខ្ញុំគិត​ថា ជា​រឿង​មួយ​ដែល​ត្រឹមត្រូវ»។

ការ​ផ្តល់ក្រុម​គ្រូ​ជំនាញ​បច្ចេក​ទេស​បោស​សម្អាត​គ្រាប់​មីន​របស់​កម្ពុជា​ទៅបណ្តុះ​បណ្តាល​អ្នកដោះមីនអ៊ុយក្រែន​នេះ ត្រូវបាន​ធ្វើ​ឡើង បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ជំនួប​តាមទូរសព្ទ​ជា​លើក​ដំបូង​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៊ែល​ឡិន​ស្គី (Volodymyr Zelenskyy) កាលពី​ថ្ងៃទី​ ១ ខែ វិច្ឆិកា ឆ្នាំ ២០២២ ​ដែល​កាល​នោះ លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៅ​អ៊ុយ​ក្រែន​ថា ក្រោម​កិច្ច​សហការ​របស់​ប្រទេស​ជប៉ុន តាម​រយៈ​មជ្ឈមណ្ឌល​កម្ចាត់​មីនកម្ពុជា​ CMAC កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បញ្ជូន​អ្នក​ដោះមីន​របស់​កម្ពុជា ទៅ​ជួយ​បណ្តុះ​បណ្តាល​ដល់​អ្នក​ដោះ​មីនរ​បស់​អ៊ុយក្រែន តាម​ពេល​វេលា​សម​ស្រប។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ការបរទេស​កម្ពុជា​និង​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​កន្លងមក។

វីអូអេ​មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជាលោក អាន សុខ​ខឿន តាមរយៈ​ទូរសព្ទ​បាន​នៅឡើយទេ នៅថ្ងៃ​ពុធ​នេះ។

ប្រទេស​កម្ពុជា​នៅសល់​គ្រាប់មីន​បន្ទាប់​ពី​សង្គ្រាម​រយៈពេល​បី​ទសវត្សរ៍​និង​ជម្លោះ​ផ្ទៃ​ក្នុង​ដែល​បាន​បញ្ចប់​ក្នុង​ឆ្នាំ ១៩៩៨ ដោយ​មាន​ឧបករណ៍​មិន​ទាន់​ផ្ទុះ​ប្រមាណ​ពី ៤ ទៅ​៦ លាន​ឧបករណ៍​ នៅ​មិន​ទាន់ត្រូវ​បាន​បោស​សម្អាត​អស់​នៅឡើយ។

អង្គការ​ឃ្លាំមើល​មីន (Landmine Monitor) នៅ​ក្នុង​របាយការណ៍ឆ្នាំ ២០២២ របស់ខ្លួន​បាន​ចុះ​បញ្ជី​ប្រទេស​កម្ពុជា និង​អ៊ុយក្រែន​ក្នុងចំណោម​ប្រទេសទាំង​ប្រាំបួន​ដែល​មាន​ការ​ផ្ទុក​គ្រាប់​មីន​ដ៏​ច្រើន មាន​ន័យថា​ពួកគេ​មាន​ផ្ទៃដី​ច្រើន​គីឡូ​ម៉ែត្រ​ការ៉េ​ដែល​គ្រាប់មីន​មិន​ទាន់​ត្រូវបាន​បោស​សម្អាត។ នេះបើតាមសេចក្តីរាយការណ៍របស់​សារព័ត៌មាន AP។

សារព័ត៌មាន AP បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ដោះមីន​កម្ពុជា ស្ថិត​ក្នុងចំណោម​អ្នក​ដែល​មាន​បទពិសោធន៍​ច្រើន​បំផុត​ក្នុង​ពិភពលោក​សម្រាប់​កិច្ចការដោះមីន​ ហើយ​អ្នកដោះ​មីន​កម្ពុជា​ជាច្រើន​ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​តំបន់​អាហ្វ្រិក និង​មជ្ឈិមបូព៌ា ក្នុងទសវត្សរ៍​ចុងក្រោយ​នេះក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការ​សហប្រជាជាតិ៕