លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានប្រតិកម្មខ្លាំងៗទៅលើគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងរឿងផែនទី និងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ ប្រតិកម្មរបស់លោកធ្វើឡើងក្រោយការផ្ទៀងផ្ទាត់ផែនទី ដែលផ្តល់ជូនជាផ្លូវការពីប្រទេសបារាំងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ការផ្ទៀងផ្ទាត់ផែនទីជាលើកទីពីរនៅថ្ងៃនេះក៏ត្រូវបានលោករដ្ឋមន្រ្តីការបរទេសសន្មត់ថា ជាការផ្ទៀងផ្ទាត់លើកចុងក្រោយ ដើម្បីបិទបញ្ចប់បញ្ហាដ៏រសើបមួយនេះ បន្ទាប់ពីលោក Alain Fortin ភារៈធារីបារាំងប្រចាំនៅកម្ពុជា បានប្រគល់ជូនជាផ្លូវការនូវផែនទីប្រទេសកម្ពុជាចំនួន២៦ផ្ទាំង។
ថ្លែងនៅក្រោយការពន្យល់របស់មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការចម្រុះព្រំដែនកម្ពុជាអំពីភាពដូចគ្នារវាងផែនទីដែលប្រទេសបារាំងបានប្រគល់ជូន និងផែនទីដែលរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់កន្លងមកនោះ លោកហោ ណាំហុងបានថ្លែងថា គណបក្សប្រឆាំងបានធ្វើការវាយប្រហារមកលើរូបលោកយ៉ាងធ្ងន់ធ្ងរទាក់ទិននឹងកិច្ចការផែនទីនេះ។
«សកម្មជនគណបក្សប្រឆាំងវាយខ្ញុំយ៉ាងឃោរឃៅបំផុត តែខ្ញុំមិនចង់លើកទេ»។
លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុង ដែលជាឧបនាយករដ្ឋមន្ត្រីកាន់តំណែងដ៏យូរនេះ បន្តថា គណបក្សនយោបាយត្រូវឈប់កកូរកកាយកិច្ចការព្រំដែន និងផែនទីនេះតទៅទៀត ដោយលោកបានស្នើឲ្យគណបក្សនយោបាយផ្តោតទៅលើការឃោសនាខ្លឹមសារកម្មវិធីនយោបាយរបស់ខ្លួន។
«ខ្ញុំយល់ថា បញ្ហាព្រំដែន បញ្ហាផែនទី គួរតែបញ្ចប់ត្រឹមប៉ុណ្ណេះ។ សូមបញ្ចប់ត្រឹមប៉ុណ្ណេះ កុំឲ្យគណបក្សនយោបាយយកបញ្ហានេះទៅធ្វើយុទ្ធនាការញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរប្រឆាំងរដ្ឋាភិបាល»។
លោកបានចំអកដល់សមាជិកមួយចំនួននៃគណបក្សប្រឆាំង ដោយនិយាយថា ផែនទីដែលទិញបានទីផ្សារ ឬនៅតាមចិញ្ចើមថ្នល់ ហើយនិងរកបានតាមបណ្ណាល័យនានានោះ មិនអាចយកជាការបានទេ។
ផែនទីចម្លង២៦ផ្ទាំង ដែលប្រទេសបារាំងបានប្រគល់ជូនកម្ពុជា ដោយមានការអនុញ្ញាតពីលោកហ្វ្រង់ស៊័រ ហូឡង់ ប្រធានាធិបតីបារាំងនោះ គឺជាផែនទីខ្នាត១/១០០.០០០ បោះពុម្ពដោយ«ក្រុមភូមិសាស្រ្តឥណ្ឌូចិន» ហើយផែនទីនេះទទួលបានពី«វិទ្យាស្ថានជាតិភូមិសាស្រ្ត»នៃប្រទេសបារាំង។
នៅក្នុងចំណោមផែនទីទាំង២៦ផ្ទាំងនោះមានមួយផ្ទាំងជាផែនទី UTM ខ្នាត១/១០០.០០០ រីឯផែនទី២៥ផ្ទាំងទៀតជាផែនទី Bonne ខ្នាត១/១០០.០០០។ ផែនទី Bonne ខ្នាត១/១០០.០០០មួយផ្ទាំង ដែលត្រូវជំនួសដោយផែនទី UTM នោះ មិនត្រូវបានគេរកឃើញទេ។ នេះបើតាមការបញ្ជាក់របស់លោកវ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការចម្រុះព្រំដែនកម្ពុជា។
បន្ទាប់ពីការធ្វើបទបង្ហាញនិងផ្ទៀងផ្ទាត់ផែនទីរបស់រដ្ឋាភិបាលសម្រាប់ការកំណត់ខណ្ឌសីមារវាងប្រទេសកម្ពុជា និងវៀតណាម ទៅនឹងផែនទីដែលផ្តល់ជូនដោយប្រទេសបារាំងនោះ លោកវ៉ា គឹមហុងបានថ្លែងនៅចំពោះតំណាងគណបក្សនយោបាយ តំណាងរដ្ឋសភា និងតំណាងស្ថាប័នឯទៀតៗថា រដ្ឋាភិបាលបានប្រើផែនទីតែមួយសម្រាប់ការកំណត់ខណ្ឌសីមាជាមួយប្រទេសវៀតណាម។
ការពិនិត្យផ្ទៀងផ្ទាត់ផែនទីនៅថ្ងៃព្រហស្បតិ៍នេះគឺធ្វើឡើងដោយមិនខុសគ្នាទៅនឹងការពិនិត្យផែនទីកាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០១៥ទេ ដែលក្នុងពេលនោះ រដ្ឋាភិបាលបានពិនិត្យផ្ទៀតផ្ទាត់ផែនទី UTM ខ្នាត១/១០០.០០០ចំនួន១៨ផ្ទាំង។ ផែនទីទាំងនោះត្រូវបានឲ្យខ្ចីដោយអង្គការសហប្រជាជាតិ។
ពេលកំពុងដើរចាកចេញពីសាលប្រជុំនៃវិមានសន្តិភាពបន្ទាប់ពីការពិនិត្យផ្ទៀងផ្ទាត់នៅថែ្ងព្រហស្បតិ៍នេះ លោកអ៊ូ ច័ន្ទឫទ្ធិ អ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ ដែលអមដំណើរដោយសហការីរបស់លោកផងនោះ បានសម្តែងការសោកស្តាយដែលលោកហោ ណាំហុងយកវេទិកាពិនិត្យផ្ទៀងផ្ទាត់ផែនទីមកវាយប្រហារលើគណបក្សសង្គ្រោះជាតិ។
«ខ្ញុំមានការសោកស្តាយមែនទែន ព្រោះយើងមកនេះដើម្បីធ្វើការផ្ទៀងផ្ទាត់ឲ្យមានឯកភាពជាតិ ហើយទីបញ្ចប់ខ្ញុំឃើញថា មានការវាយប្រហារមកលើគណបក្សសង្គ្រោះជាតិថា យើងញុះញង់ប្រជាពលរដ្ឋគ្រប់សព្វបែបយ៉ាង។ នេះខ្ញុំអត់អាចទទួលយកបានទេ។ បញ្ហាជាតិជាបញ្ហារបស់ខ្មែរទាំងអស់គ្នា។ បញ្ហាទឹកដីមិនមែនជាបញ្ហារបស់បុគ្គលណាទេ ជាបញ្ហារបស់ខ្មែរ។ ដូច្នេះយើងមានការសោកស្តាយណាស់»។
លោកអ៊ូ ច័ន្ទឫទ្ធិ ដែលជាអ្នកនាំពាក្យស្តីទីនៃគណបក្សសង្គ្រោះជាតិដែរនោះ បានឲ្យដឹងទៀតថា គណបក្សរបស់លោកនឹងស្នើសុំឲ្យរដ្ឋាភិបាលប្រគល់ផែនទីដែលភាគីកម្ពុជា និងវៀតណាមបានប្រើសម្រាប់ការកំណត់ខណ្ឌសីមានៃប្រទេសទាំងពីរ ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ទាំងលើក្រដាសផង និងលើទឹកដីជាក់ស្តែងផង ហើយថា គណបក្សសង្គ្រោះជាតិនឹងបន្តការសិក្សាស្រាវជ្រាវថែមទៀតជាមុខសិន ទើបគណបក្សអាចបញ្ជាក់ពីជំហររបស់ខ្លួនចំពោះកិច្ចការផែនទីនេះ។
«យើងមិនទាន់បញ្ចប់ទេ។ យើងមិនទាន់បានប្រកាសជំហរយើងទេ។ ដូចខ្ញុំជំរាបហើយ។ យើងនៅក្នុងដំណាក់កាលប្រមូលឯកសារ និងព័ត៌មានផ្សេងៗ»។
ទាក់ទិននឹងបញ្ហាព្រំដែនកម្ពុជាវៀតណាមនេះ តុលាការក្រុងភ្នំពេញបានបញ្ជាឲ្យឃុំខ្លួនលោកហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ីពីបទ«ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់»។ ការសម្រេចឃុំខ្លួនសមាជិកព្រឹទ្ធសភាកាន់សញ្ជាតិបារំាងខ្មែរនេះ គឺធ្វើឡើងក្រោយពីលោកបានបង្ហោះកិច្ចព្រមព្រៀងនាឆ្នាំ១៩៧៩ទៅលើទំព័រហ្វេសប៊ុក ដែលក្នុងនោះលោកបង្ហាញថា វៀតណាមចូលក្នុងទឹកដីកម្ពុជា ច្រើនជាងកម្ពុជាចូលទៅវៀតណាម។ លោកត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារ ប្រើឯកសារក្លែងក្លាយ។
កាលពីថ្ងៃពុធកន្លងទៅនេះ តុលាការសាលាឧទ្ធរណ៍បានតម្កល់ទុកការសម្រេចរបស់តុលាការក្រុងភ្នំពេញដែលបានឃុំខ្លួនសមាជិកព្រឹទ្ធសភារូបនេះ។ សកម្មជនសិទ្ធិមនុស្សនិយាយថា ការសម្រេចរបស់តុលាការសាលាឧទ្ធរណ៍នេះគឺស្ថិតនៅក្រោមកំសួលនយោបាយ ដែលកំពុងកើនឡើងសារជាថ្មីទាក់ទិននឹងបញ្ហាបូរណភាពទឹកដី។
ដោយឡែក វីអូអេបានទទួលផែនទី Bonne ខ្នាត១/១០០.០០០ពីបណ្ណាល័យសភារបស់សហរដ្ឋអាមេរិក។ វីអូអេនឹងធ្វើដាក់ផែនទីនេះនៅលើគេហទំព័ររបស់វីអូអេ ទំព័រហ្វេប៊ុកវីអូអេផងនៅថ្ងៃព្រហស្បតិ៍នេះដែរ៕