យោធា​ដែល​ស្មោះត្រង់​នឹង​អតីត​ប្រធានាធិបតី​យេម៉ែន​កាន់កាប់​ព្រលាន​យន្តហោះ​ក្នុង​ក្រុង​ Aden

ពលរដ្ឋ​ស្វែង​រក​ជម្រក​កំឡុង​ការ​បាញ់​ប្រហារ​ដោយ​ប្រើ​កាំភ្លើង​នៅ​មូលដ្ឋាន​យោធា​ក្នុង​ក្រុង​ Aden ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥។

ក្រុម​មន្រ្តី​ប្រទេស​យេម៉ែន​និយាយ​ថា កងទ័ព​ដែល​ស្មោះត្រង់​នឹង​ប្រធានាធិបតី​ដែល​គេ​បណ្តេញ​ចេញពី​តំណែង​ បាន​កាន់​កាប់​ចំណត​អាកាសយាន​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង Adenប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រធានាធិបតី​យេម៉ែននៅ​ពេល​បច្ចុប្បន្ននេះ​បាន​រត់​គេចខ្លួន​ពី​គេហដ្ឋាន​របស់​លោក​នៅ​ក្នុង​ទីក្រុង​នោះ។

ការ​បាត់​បង់​ចំណត​អាកាសយាន​ទីក្រុង Aden ​ដែល​បាន​ផ្អាក​កិច្ច​ប្រតិបត្តិការកាល​ពី​ថ្ងៃ​ពុធ​រួច​ទៅ​ហើយ​នោះ ​កើត​មាន​ឡើង​នៅ​ពេល​ដែល​ក្រុម​ឧទ្ទាម Houthi ​និកាយ​ស៊ី​អ៊ីដ​ដែល​គាំទ្រ​ដោយ​កងយោ​ធា​បាន​បន្ត​វាយ​ប្រហារ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ក្នុង​ក្តី​សង្ឃឹម​ថានឹង​កាន់​កាប់​ទីក្រុង​នោះ។

កាល​ពី​ព្រឹកថ្ងៃ​ពុធ យន្តហោះ​ចំបាំង​យេម៉ែន​មក​ពី​មូលដ្ឋាន​ទ័ពដែល​ត្រួតត្រា​ដោយក្រុម​ឧទ្ទាម Houthi ​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​បាន​វាយ​ប្រហារ​គេហដ្ឋាន​ប្រធានា​ធិបតី​នៅ​ក្នុង​ទីក្រុង​ Aden។ ក្រុម​មន្រ្តី​និយាយ​ថា ​ប្រធានាធិបតី Abdrabbu Mansour Hadi ​មាន​សុវត្ថិភាពនៅ​ទី​កន្លែង​មួយ​ដែល​មិន​ប្រាប់​ឲ្យ​ដឹង។ ​មាន​សេចក្តី​រាយការណ៍​ប្រទាញ​ប្រទង់​គ្នាអំពី​ទីកន្លែង​លាក់​ខ្លួន​របស់​លោក​ប្រធានាធិបតី។

លោក Mohamed Meram អ្នក​ជំនួយ​ការរបស់​ប្រធានា​ធិបតី Hadi ​បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន Reuters ​ថា ​លោក​ប្រធានាធិបតី​មាន​សុខភាព​ល្អ​ហើយ​កំពុង​បញ្ជា​ការ​ទប់ទល់​នៅ​តំបន់​ភាគ​ខាង​ត្បូង​និង​ប្រជាពលរដ្ឋដើម្បី​រារាំង​ការ​រុល​ចូល​របស់​កងកម្លាំង​កងជីវពល​នៅ​ក្នុង​ទីក្រុង Aden។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ ​លោក Hadi ​បាន​សុំ​ឲ្យ​បើក​កិច្ច​ប្រជុំ​ជាបន្ទាន់​ហើយ​និង​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​មួយ​ដើម្បី​អនុញ្ញតិ​ឲ្យ​មាន​អន្តរាគមន៍​ខាង​យោ​ធាដើម្បី​កំញើញ​ការ​គគ្លើន​របស់​ក្រុម​កងជីវពល Houthi៕