មន្រ្តី និងអតីតមន្រ្តីអាដហុកមួយចំនួនលើកឡើងនៅថ្ងៃពុធនេះថា ពួកគេមិនមានក្តីសង្ឃឹមច្រើនក្នុងការទទួលបានយុត្តិធម៌ពីសវនាការជំនុំជម្រះក្តីនៅសាលាឧទ្ធរណ៍លើសំណុំរឿងសូកប៉ាន់សាក្សីដែលពួកគេបានប្តឹងមិនសុខចិត្តនឹងការកាត់ទោសរបស់តុលាការក្រុងភ្នំពេញតាំងពីចុងឆ្នាំ២០១៨នោះទេ។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ អយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញបានចេញលិខិតអញ្ជើញមេធាវីការពារក្តីឲ្យមន្រ្តីនិងអតីតមន្រ្តីសមាគមអាដហុកឱ្យចូលរួមសវនាការជំនុំជម្រះលើមន្ត្រីសិទ្ធិមនុស្សអាដហុកចំនួន៤នាក់ រួមមានអ្នកស្រី លឹម មុនី លោកនី សុខា លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត ពី «បទសូកប៉ាន់សាក្សី» នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២២។
លោក យី សុខសាន្ត មន្រ្តីសមាគមអាដហុកដែលជាមន្រ្តីម្នាក់ស្ថិតក្នុងចំណោមបួននាក់ដែលត្រូវបានកោះហៅ ប្រាប់ VOA នៅថ្ងៃពុធនេះថា សំណុំរឿងរបស់លោក មន្រ្តី និងអតីតមន្រ្តីអាដហុក៤រូបផ្សេងទៀតដែលត្រូវបានអូសបន្លាយជាបន្តបន្ទាប់រហូតដល់ទៅជិត៦ឆ្នាំ គឺជារឿងដែលបង្កអំពើអយុត្តិធម៌និងការឈឺចាប់សម្រាប់អ្នកការពារសិទ្ធិមនុស្ស។
លោកថ្លែងថា៖ «បើយើងនិយាយពីព្យួរទោសនេះ មកដល់ថ្ងៃនេះវាចង់ចូល៦ឆ្នាំហើយ ហើយទោសខ្ញុំតែ៥ឆ្នាំទេ។ ហើយទើបតែនឹកឃើញសាលាឧទ្ធរណ៍យកមកបើកសវនាការសារដើមឡើងវិញ ដែលយើងប្តឹងភ្លាមៗនោះគាត់មិនចាត់ការទេតែគាត់ទុកចោលទៅហើយគាត់បែរមកធ្វើអ៊ីចឹង។វាហាក់ដូចជាយកមនុស្សដែលអត់ទោសយកមកកាត់ទោសលេងសើច។ អានេះជាការគិតរបស់ខ្ញុំ ជាការយល់ឃើញរបស់ខ្ញុំ។ វាធ្វើឱ្យមនុស្សឈឺចាប់ដែលគ្មានកំហុសហើយឈឺចាប់កាន់តែធ្ងន់ធ្ងរ»។
លោកបន្ថែមថា លោកមិនមានជំនឿលើសវនាការរបស់សាលាឧទ្ធរណ៍ថាអាចផ្តល់យុត្តិធម៌លើលោក និងជនរងគ្រោះដទៃនោះទេ។
«នៅពេលដែលកាត់ទោសខ្ញុំឱ្យជាប់ទោស៥ឆ្នាំហើយអនុវត្តទោស១៤ខែ១ថ្ងៃ ហើយសល់ប៉ុន្មានព្យួរ ខ្ញុំបានដាក់ពាក្យប្តឹងជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងរួចទៅហើយ ដោយសារខ្ញុំគិតថាខ្លួនខ្ញុំគ្មានទោសទេ។អ៊ីចឹងនៅពេលដែលគាត់ចង់បើកសវនាការ ឬក៏ចង់បិទសវនាការ អាហ្នឹងជាឆន្ទានុសិទ្ធិរបស់គាត់ ខ្ញុំមិនជំទាស់ទេប៉ុន្តែគ្រាន់តែថា ខ្ញុំអត់សូវមានជំនឿយុត្តិធម៌សម្រាប់ជនរងគ្រោះទូទៅ ក៏ដូចជារូបខ្ញុំដែរ»។
ចំណែកលោក ណៃ វ៉ង់ដា អតីតមន្រ្តីអាដហុកលើកឡើងដែរថាលោកមិនរំពឹងថាការជំនុំជម្រះនៅសាលាឧទ្ធរណ៍នាថ្ងៃទី២៥ ខែមីនាខាងមុខនេះនឹងមានអ្វីថ្មីសម្រាប់សំណុំរឿងរបស់មន្រ្តីនិងអតីតមន្រ្តីអាដហុកទាំង៥រូបនោះទេ។
«ពូគិតថា លទ្ធផលហ្នឹងគឺគាត់[តុលាការ]អាចនឹងរក្សាសាលក្រមឬក៏សេចក្តីសម្រេចរបស់សាលាដំបូងហ្នឹងនៅដដែលមិនមានអីលើសហ្នឹងទេ។នេះជាការគិតរបស់ពូ។ បើសិនជាមានការទម្លាក់ចោលការចោទប្រកាន់ហើយមានការប៉ះប៉ូវសងវិញនោះជារឿងអភូតហេតុមួយដែលកើតឡើងហើយវាមិនអាចកើតឡើងរបៀបហ្នឹងទេ»។
បើតាមលោក ណៃ វ៉ង់ដា សវនាការខាងមុខនេះគឺគ្រាន់តែចង់ធ្វើឡើងដើម្បីបង្ហាញថាតុលាការកំពុងយកចិត្តទុកដាក់លើសំណុំរឿងដែលកកស្ទះ និងគ្រាន់តែធ្វើឡើងដើម្បីបង្វែរស្ថានការណ៍ពោលគឺធ្វើឱ្យអ្នកការពារសិទ្ធិមនុស្សផ្សេងៗទៀតរវល់ហើយមិនសូវបានយកចិត្តទុកដាក់លើបញ្ហាផ្សេងៗទៀតប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់មន្រ្តីអាដហុកនេះអ្នកស្រី ស្រេង សូយ៉េត អ្នកនាំពាក្យសាលាឧទ្ធរណ៍សុំមិនធ្វើអត្ថាធិប្បាយដោយថា អ្នកស្រីទទួលបន្ទុកផ្នែកសំណុំរឿងរដ្ឋបាលដែលមិនទាន់ដល់ដៃចៅក្រមប៉ុណ្ណោះចំណែកនីតិវិធីកាត់ក្តីគឺជាការទទួលបន្ទុករបស់លោក ប្លង់ សំណាង។
VOA មិនអាចទាក់ទងលោកប្លង់ សំណាងអ្នកនាំពាក្យមួយរូបទៀតរបស់សាលាឧទ្ធរណ៍បានទេនៅថ្ងៃពុធនេះ។
កាលពីខែកញ្ញាឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសមន្រ្តីនិងអតីតមន្រ្តីការពារសិទ្ធិមនុស្ស៥រូបរបស់សមាគមអាដហុកម្នាក់ៗឱ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំ ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវស្នេហារបស់លោក កឹម សុខា មេបក្សប្រឆាំងជាមួយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
អ្នកទាំង៥រូបរួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុនី ជាមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុកនិងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) និងជាអតីតមន្រ្តីការពារសិទ្ធិមនុស្សអាដហុក។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨អ្នកទាំង៥រូបបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ដោយមិនសុខចិត្តទៅនឹងការសម្រេចរបស់សាលាដំបូងដែលបានផ្តន្ទាទោសពួកគេដាក់ពន្ធនាគារម្នាក់ៗចំនួន៥ឆ្នាំដោយត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល១៤ខែនិងសល់ប៉ុន្មានព្យួរពីបទ «សូកប៉ាន់សាក្សី»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកលើកឡើងថា ការកាត់ទោសមន្រ្តីនិងអតីតមន្រ្តីអាដហុកទាំង៥រូបឲ្យជាប់ពន្ធនាការនិងការបន្តអូសបន្លាយការជំនុំជម្រះអស់រយៈពេលជិត៤ឆ្នាំនេះគឺជារឿងអយុត្តិធម៌និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកគាត់យ៉ាងខ្លាំង។
លោកបន្ថែមថាពួកគេមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេដូច្នេះលោករំពឹងថាសាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌ដល់មន្រ្តី និងអតីតមន្រ្តីអាដហុកទាំង៥រូបឡើងវិញ។
«ដោយសារតែក្នុងស្ថានភាពនៃប្រទេសកម្ពុជាដែលកំពុងរងការដាក់សម្ពាធនានាទៅលើបញ្ហាការរំលោភសិទ្ធិមនុស្សនិងការធ្លាក់ចុះនៃប្រជាធិបតេយ្យករណីនេះក៏ជាផ្នែកមួយដែរបើសិនជាតុលាការបានផ្តល់យុត្តិធម៌ និងផ្តល់នូវតម្លៃនិងកិត្តិយសត្រឡប់ដល់ពួកគាត់វិញដែលជាការប្តឹងទាមទាររបស់ពួកគាត់ដោយសារតែការសម្រេចរបស់សាលាដំបូងទាំងអយុត្តិធម៌»។
មន្រ្តីនិងអតីតមន្រ្តីសមាគមអាដហុកទាំង៥រូបដែលជាប់ចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវស្នេហាគួរឱ្យមន្ទិលរបស់អ្នកនយោបាយគណបក្សប្រឆាំងនោះត្រូវបានចាប់ខ្លួនយកទៅឃុំក្នុងពន្ធនាគារកាលពីខែមេសាឆ្នាំ២០១៦។ពួកគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីចុងខែមិថុនា ឆ្នាំ២០១៧បន្ទាប់ពីតុលាការឃុំខ្លួនពួកគេក្នុងពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ។
គួរបញ្ជាក់ផងដែរថាការដោះលែងអ្នកទាំង៥ ធ្វើឡើងក្រោយពីមានការរិះគន់ពីក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងស្រុកនិងក្រៅប្រទេសផងដែរ៕