ទឹក​ជំនន់​នៅ​កម្ពុជា​បណ្តាល​ឲ្យ​ពលរដ្ឋ​ចំនួន​១ម៉ឺន​៣ពាន់​គ្រួសារ​ផ្លាស់​ទី​លំនៅ

រូបឯកសារ៖ ក្មេងស្រី​ម្នាក់​ឈរ​ក្នុង​ទឹក​ដែល​លិច​នៅ​មុខ​ផ្ទះ​របស់​លោក ឃឹន សុវាត ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បឹងកក់ ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (VOA)

មក​ទល់​ពេល​នេះ មនុស្ស​យ៉ាង​ហោច​ណាស់ ១៤នាក់ បាន​ស្លាប់​ ហើយ​សាលារៀន​ចំនួន​២៦៤​ខ្នង ​មជ្ឈមណ្ឌល​សុខភាព​ចំនួន​២៣ និង​ដី​ស្រែ​ចម្ការ​ប្រមាណ​៤ម៉ឺន​២ពាន់​ហិកតា ត្រូវបាន​ជន់​លិច​ដោយ​សារ​ទឹក​ជំនន់​នេះ។

ទឹក​ជំនន់​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​ទន្លេ​សាប បាន​បណ្តាល​ឲ្យ​លិច​លង់​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៩ម៉ឺន​ខ្នង ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​១ម៉ឺន​៣ពាន់​គ្រួសារ​នៅ​ក្នុង​ខេត្ត​ចំនួន​១១ ត្រូវ​ផ្លាស់​ទី​លំនៅ​ជា​បណ្តោះ​អាសន្ន។

មក​ទល់​ពេល​នេះ មនុស្ស​យ៉ាង​ហោច​ណាស់ ១៤នាក់ បាន​ស្លាប់​ ហើយ​សាលារៀន​ចំនួន​២៦៤​ខ្នង ​មជ្ឈមណ្ឌល​សុខភាព​ចំនួន​២៣ និង​ដី​ស្រែ​ចម្ការ​ប្រមាណ​៤ម៉ឺន​២ពាន់​ហិកតា ត្រូវបាន​ជន់​លិច​ដោយ​សារ​ទឹក​ជំនន់​នេះ។ នេះ​បើ​តាម​តួលេខ​របស់​ការិយាល័យ​សម្រាប់​ប្រតិបត្តិការ​ទំនាក់​ទំនង​មនុស្សធម៌​ប្រចាំ​អង្គការ​សហប្រជាជាតិ ឬ (UN OCHA) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ចាប់​តាំង​ពី​ថ្ងៃទី១៧ ខែ​កញ្ញា​មក ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​បណ្តាល​ឲ្យ​ជន់​លិច​តំបន់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ថៃ និង​ឡាវ។ នៅ​ប្រទេស​ថៃ ខេត្ត​ចំនួន​៤ ត្រូវបាន​ជន់​លិច ហើយ​មនុស្ស​ប្រមាណ​១ម៉ឺន​៨ពាន់​នាក់​ត្រូវ​ផ្លាស់​ទី រី​ឯ​នៅ​ប្រទេស​ឡាវ​វិញ មនុស្ស​យ៉ាង​ហោច​ណាស់ ២៨នាក់​បាន​ស្លាប់ និង​ប្រមាណ​១០ម៉ឺន​នាក់​ត្រូវ​ផ្លាស់​ទី៕