កង្វះ​​ម៉ាស៊ីន​ច្រូត​កាត់​នាំ​ឲ្យ​ព្រួយ​បារម្ភ​​​អំពី​គុណភាព​ស្រូវ​​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ខណៈ​តម្លៃ​ធ្លាក់​ចុះ

កសិករប្រើប្រាស់​ម៉ាស៊ីន​ច្រូតកាត់​ដើម្បី​ប្រមូល​ផលស្រូវ​នៅក្នុង​ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

ប្រទេស​កម្ពុជា​បាន​រង​គ្រោះ​ទឹក​ជំនន់​ដែល​បំផ្លាញ​ស្រែ​របស់​ប្រជា​កសិករ​រាប់​ម៉ឺន​ហិកតា។ បញ្ហា​ក្រោយ​ទឹក​ជំនន់ គឺ​ទាក់​ទង​នឹង​គុណភាព​ស្រូវ ខណៈ​ការ​ប្រមូល​ស្រូវមាន​ភាព​យឺត​យ៉ាវ ដោយ​សារ​កង្វះ​ម៉ាស៊ីន​ច្រូត​កាត់។ ការណ៍​នេះ​នាំ​ឲ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ។

មន្រ្តី​ជាន់​ខ្ពស់នៃ​ក្រសួង​កសិកម្ម​និង​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​គុណភាព​ស្រូវ​របស់​ប្រជាកសិករ​ខ្មែរ ដែល​នាំ​ឲ្យ​តម្លៃ​ទាប ក្រោយ​កម្ពុជា​រង​គ្រោះ​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ចុង​ក្រោយ​នេះ។

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយនៅ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក ​ងិន ឆាយ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​មាន​ប្រសាសន៍​ថា​ប្រទេស​កម្ពុជា​បាន​រង​គ្រោះ​ដោយសារ​ភាព​រាំង​ស្ងួត​នៅ​រដូវ​ប្រាំង​និង​ចុង​ក្រោយ​នេះ​ជំនន់​ទឹក​ភ្លៀង​ដែល​បាន​បំផ្លាញ​ដី​ធ្វើ​ស្រែ​រាប់​ម៉ឺន​ហិកតា។ លោក​បន្ត​ថា​តម្លៃ​ស្រូវរបស់​ប្រជាពលរដ្ឋនា​ពេល​នេះ ក៏​ធ្លាក់​ចុះ​ផង​ដែរ​ដោយសារស្រូវ​មិន​មាន​គុណភាព​ល្អ ខណៈ​កង្វះ​ខាត​ម៉ាស៊ីន​ច្រូត​កាត់​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ យើង​កំពុង​ជួប​ប្រទះ​បញ្ហា​ខ្វះ​ម៉ាស៊ីន​ច្រូត។ នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ផ្នែក​ខាង​លើ ដែល​គាត់​កំពុង​តែប្រមូល​ផល​នេះ គឺ​រក​ម៉ាស៊ីន​ច្រូត​មិន​គ្រប់គ្រាន់​ទេ។​ ហើយ​តម្លៃ​ម៉ាស៊ីន​ច្រូត​ធ្លាប់​តែ​មួយ​ហិកតា គាត់​យក​តែ​២៥​ម៉ឺន(រៀល) ២៦ម៉ឺន។ ឥឡូវ​វា​ឡើង​ទៅ​ដល់​៤៥​ម៉ឺន​ក្នុង​មួយ​ហិកតា​ហើយ​រក​អត់​បាន​ទៀត»។

លោក​បន្ថែម​ថា៖ «តែ​កាល​ណា​គាត់​ទិញ​ថ្លៃ ​ហើយ​យើង​មក​កិន​ទៅ​ហើយ​គាត់​លក់​ទៅ​វិញ គាត់​ខាត​ដែរ។ គាត់​អត់​ចំណេញ​ដែរ។ ប៉ុន្តែ​កន្លង​មក ខ្ញុំ​សង្កេត​ឃើញ​ថា​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន គាត់​ព្យាយាម​ជួយប្រមូល​ទិញ​ពី​ប្រជា​កសិករ​យើង»។

រូប​ឯកសារ៖ ទិដ្ឋភាពពីលើអាកាសបង្ហាញពីគ្រោះទឹកជំនន់នៅខេត្តបាត់ដំបង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

មន្រ្តី​កសិកម្ម​រូប​នោះ ឲ្យ​ដឹង​ថាស្រូវ​ផ្កា​រំដួល បាន​ដួល​នៅ​ពេល​ភ្លៀង​ធ្លាក់ ហើយ​បាន​ប៉ះ​ពាល់​គុណភាព​ស្រូវ​ដែល​នាំ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ​គឺ​ទៅ​ដល់​៨០០​រៀល​ឬ​៩០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម។

លោក​ ងិន ឆាយ​ បាន​ច្រាន​ចោល​ការ​លើក​ឡើង​ថា​ក្រសួង​កសិកម្ម​មិន​ផ្តល់​បច្ចេក​ទេស​និង​ពូជ​ស្រូវល្អ​ដល់​កសិករ​ដោយ​ថា​នេះ«មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ»។

លោក​សុង សារ៉ន ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថ្លែង​ប្រាប់​ VOA​ថា គុណភាព​ស្រូវ​របស់​ប្រជាកសិករ​ធ្លាក់​ចុះ​ដោយ​សារ​រង​គ្រោះជំនន់​ទឹក​ភ្លៀង​និង​ការ​ច្រូត​កាត់​យឺត​ពេល​ខណៈ​កង្វះ​ខាត​ម៉ាស៊ីន​ស្រូវ​ច្រូត​កាត់​ហើយ​កន្លែង​ខ្លះ​មិន​អាច​ច្រូត​កាត់​បាន​ផង។

លោក​មាន​ប្រសាសន៍​ថា៖ «ឆ្នាំ​ហ្នឹង​ចុះ ដោយសារ​តែ​គុណភាព​វា​ចុះ។ ទឹក​ជំនន់​លិច​ស្រូវ​គាត់​ផង ស្រូវ​ហ្នឹង​វា​ផ្អាប់​ភាគ​ច្រើន។ ទីពីរ វា​បាក់ ទុំ​ហួស​ជ្រុល​នៅ​ក្នុង​ស្រែ ដោយ​សារ​ខ្វះ​ម៉ាស៊ីន​ច្រូត​កាត់​ទាន់​ពេល​វេលា។ ការ​ប្រមូល​ស្រូវ​ទូទាំង​ប្រទេស កើត​ឡើង​ក្នុង​ពេល​តែ​មួយ ទាំង​ស្រូវ​ប្រាំង និង​រដូវ​វស្សា»។

បើ​តាម​លោក​សុង សារ៉ុន ជា​ធម្មតា​ស្រូវ​ទុំ​១០០​គីឡូ​ក្រាម​នៅ​ពេល​នេះ​អាច​កិន​បានស្រូវ​តែ​ប្រមាណ​២០​គីឡូក្រាម​ប៉ុណ្ណោះ​ដែលកាល​ពីមុន​អាច​ទៅ​ដល់​យ៉ាង​តិច​៤០​គីឡូ​ក្រាម។ លោក​អំពាវនាវ​ឲ្យ​ប្រជាកសិករ​ព្យាយាម​ហាល​ស្រូវ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន និង​ត្រៀម​លក់​នៅ​ក្នុង​ខែ​ធ្នូ និង​ខែ​មករា ឆ្នាំ​២០២១​ដែល​លោក​ថា​តម្លៃ​អាច​ថ្លៃ​ជាង​មុន។ លោក​បន្ត​ថាតម្លៃ​ទីផ្សារ​អន្តរ​ជាតិ​ក៏​មាន​ការ​ធ្លាក់​ចុះ​ជាង​២៥​ភាគរយ​សម្រាប់​ស្រូវ​ក្រអូប​ផង​ដែរ។

លោក​បន្ថែម​ថា៖ «ក្រែង​លោ​តម្លៃ​ហ្នឹង​ងើប​ឡើង​វិញ​ខ្លាំង​ជាង​ហ្នឹង​បន្តិច​ពី​ព្រោះសម្ពាធ​ទីផ្សារ​យើង​នៅ​ក្រៅ​ប្រទេស​ស្រប​ពេល​ដែល​ប្រទេស​ថៃ​ឡង់ដ៍​ហ្នឹង​គេ​ច្រូត​ដែរ​ពេល​ហ្នឹង។​អញ្ចឹង​គាត់​កំពុង​ប្រញាប់​បញ្ចេញ​ស្តុក​របស់​គាត់។ អញ្ចឹង​ធ្វើ​ឲ្យ​តម្លៃ​ទីផ្សារ​អន្តរ​ជាតិ​វា​មាន​ការ​ចុះ​ខ្លាំង»។

បើ​តាម​លោក​សុង សារ៉ន​កម្ពុជា​រឹពឹង​ថា​អាច​លក់​អង្ករ​ទៅ​ក្រៅ​ប្រទេស​ទៅ​ដល់​ជិត​៨០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០២០​ខណៈ​ក្នុង​រយៈ​ពេល​១០​ខែ​ឆ្នាំ​២០២០​នេះ មាន​ចំនួន​ប្រមាណ​៥៤​ម៉ឺន​តោន​រួច​ទៅ​ហើយ។ លោក​បន្ត​ថា​កាល​ពី​ឆ្នាំ​២០១៩​ការ​នាំ​ចេញអង្ករ​ទៅ​ក្រៅ​ប្រទេស​មាន​ប្រមាណ​៦២​ម៉ឺន​តោន។

របាយការណ៍​របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​ដឹង​ថា​ចាប់​ពី​ដើម​ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៧ ខែ​តុលា​ស្រូវ​លិច​ទឹក​មាន​ប្រមាណ​២៨៥.០០០​ហិកតា​និង​ដំណាំ​រួម​ផ្សំ​លិច​ទឹក​ប្រមាណ​៩៧.០០០​ហិកតា។

លោក​បណ្ឌិត​យ៉ង សាំងកុមារ​អ្នក​ជំនាញ​ខាង​កសិកម្ម​និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​នាយក​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ថ្លែង​ប្រាប់​VOA​ថា​កសិករ​ខ្មែរ​បាន​ផ្លាស់​ប្តូរ​ទម្លាប់​ពី​ដើម​ដែល​ច្រូត​ស្រូវ​ដោយ​ដៃ មក​ប្រើ​ប្រាស់​ម៉ាស៊ីន​ច្រូត ហើយ​ពួកគេ​លក់​ភ្លាមៗ​ដោយ​មិន​បាន​សម្ងួត​នោះ​ទេ ដែល​ធ្វើ​ឲ្យ​គុណភាព​ស្រូវ​ធ្លាក់​ចុះ ហើយ​តម្លៃ​ស្រូវ​ក៏​ធ្លាក់​ទៅ​តាម​នោះ​ដែរ។

លោក​ហ៊ីប ឃាម​អាយុ​៤៨​ឆ្នាំ​ជាកសិករ​ម្នាក់​រស់​នៅ​ក្នុង​ឃុំ​ពន្លៃ​ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មានជ័យ មាន​ប្រសាសន៍​ថា​ម្ចាស់​ម៉ាស៊ីន​ច្រូត​កាត់ មិន​ចង់​ច្រូត​ស្រូវ​ដែល​មិន​ងើប​ល្អ ដែល​ត្រូវ​ការ​ពេល​ច្រើន។

លោក​មាន​ប្រសាសន៍​ថា៖ «ស្រូវ​វា​លិច​ទឹក​ទៅ វា​ដួល គេ​អត់​ចង់​មក​ច្រូត។ គេ​ថា​ស្រូវ​វា​ដួល​ទៅ ច្រូត​យូរ​គេ។ ស្រូវ​វា​អត់​សូវ​បាន​ផល​ទេ។ ជួន​កាល​ស្រែ​ណា​ទៅ មិន​បាន​រួច​ថ្លៃ​ម៉ាស៊ីន​(ច្រូត​កាត់​)ផង»។

កសិករ​ម្នាក់​ទៀត​នៅ​ខេត្ត​បាត់​ដំបង​វិញ លោក​ មិត្ត ឈឿ​ អាយុ​៦៥​ឆ្នាំ មាន​ប្រសាសន៍​ថា​ជំនន់​ទឹក​ភ្លៀង​បាន​បំផ្លាញ​ស្រូវ​របស់​លោក​លើដី​ប្រមាណ​១,៧​ហិកតា​ដែល​នាំ​ឲ្យ​លោក​ខាត​បង់​ប្រមាណ​៣០០ដុល្លារ។ លោក​បន្ត​ថា​ស្រូវ​មាន​តម្លៃ​ធ្លាក់​ចុះ ដោយសារ​ឈ្មួញ​ថា​គុណភាព​ស្រូវ​មិន​ល្អ ហើ​យ​កសិករ​មិន​អាច​រង់ចាំ​ស្តុក​ស្រូវ​លក់​ពេល​ក្រោយ​នោះ​ទេ។​

លោក​ថ្លែង​ប្រាប់ ​VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «មេឃ​វា​ភ្លៀង​ផង ស្រូវ​យើង​វា​ស្ទើរ​ទឹក​ខ្លះ។ អា​ទឹក​ប្រផាប់​ចាប់​ប្រភីង​មក​សម្រុក​ច្រូត​ទៅ។ ​ នាយ​ទុន​ពេល​ហ្នឹង គេ​បាន​ដៃ​ហើយ​។ ស្រេច​គេ​ថា វា​ចង់​យកៗ។ យើង​ច្រូត​ដាច់​ពី​ដើម​ហើយ រឿង​អី​មិន​ទៅ​។ ប៉ុន្មាន​ក៏​លក់​ដែរ។ មាន​ថ្ងៃ​ណា​ហាល បើ​មេឃ​ភ្លៀង»។

ជា​ទូទៅ កសិករ​ខ្មែរ​មិន​ដឹង​អំពី​ទីផ្សារ និង​តម្លៃ​ស្រូវ​នោះ​ទេ។​អ្វី​ដែល​គេ​អាច​ធ្វើ​បាន​គឺ​ស្តាប់​តាម​ឈ្មួញ​ហើយ​លក់​ស្រូវ​ទាំង​នោះ​បើ​ទោះ​ជា​តម្លៃ​ទាប​ក៏​ដោយ។ កសិករ​អះ​អាង​ថា​ពួក​គេ​អាច​ត្រឹម​តែ​សួរ​នាំ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​បណ្តាញ​របស់​ពួកគេ​ហើយ​ក៏​សម្រេច​លក់​ទៅ​តាម​ហ្នឹង​ដោយ​មិន​ទុក​យូរ៕