រយៈពេល៣ថ្ងៃហើយដែលផ្ទះបណ្ដែតទឹកចល័តនៅលើផ្ទៃទន្លេសាបខាងជើងស្ពានជ្រោយចង្វាថ្មី ទាក់ទាញការចាប់អារម្មណ៍ពីអ្នកដំណើរដែលបើកបរកាត់ស្ពាននេះ។ ស្របគ្នានោះដែលអ្នកប្រើប្រាស់បណ្តាញសង្គមចែករំលែករូបភាពតៗគ្នានិងជជែកអំពីសកម្មភាពផ្ទះចល័តលើផ្ទៃទន្លេសាប។
លោក អ៊ុក ថារី វ័យ៥៨ឆ្នាំដែលរស់តាមបណ្តោយមាត់ទន្លេសាប ប្រាប់ VOA នាព្រឹកថ្ងៃអង្គារនេះថា ផ្ទះបណ្តែតទឹកនៅតាមបណ្តោយទន្លេសាបនៅក្នុងរាជធានីភ្នំពេញទាំងនោះ មកតាំងលំនៅដំបូងនាយប់ថ្ងៃទី២៩ ខែមេសា រួចមក បន្តរហូតមកដល់ពេលទាបភ្លឺនិងព្រឹកថ្ងៃទី៣០ ខែមេសា។
ថ្លែងប្រាប់ VOA ក្បែរគេហដ្ឋានលោកនាសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារអតីតយោធិនរូបនេះថ្លែងថា ប្រជាជននៅទីនោះគ្រាន់តែភ្ញាក់ផ្អើលព្រឹកថ្ងៃដំបូង ព្រោះពួកគេពុំបានទទួលព័ត៌មានជាមុនអំពីការចល័តលំនៅរបស់អ្នកនេសាទទាំងនោះ។
លោក អ៊ុក ថារី បានបន្ថែមថា៖
«មកពេលយប់ប្រហែលពាក់កណ្តាលអធ្រាត្រអញ្ចឹងមិនដឹង ដល់ពេលព្រឹកឡើងឃើញ សុទ្ធតែអ្នកអត់ដឹងអីទេនេះ ដល់ទៅមកអីចឹងទៅ គេសង្កាត់គេដឹង គេបោះដៃគ្នា គេដឹង យើងប្រជាជនអត់បានដឹងច្បាស់»។
លោកបញ្ជាក់ប្រាប់ VOA ទៀតថាអ្នកដែលរស់នៅក្នុងភូមិប្រាប់តៗគ្នាអំពីបញ្ហារបស់អ្នកនេសាទដែលចល័តទីលំនៅទាំងនោះថា ពួកគាត់ចល័តដោយសារតែកត្តាអាកាសធាតុ និងទឹកដែលធ្វើឲ្យត្រីពុលស្លាប់។
ប្រជាពលរដ្ឋម្នាក់ទៀត គឺលោក ផល ឌីណា វ័យ៣៥ឆ្នាំ ដែលជាអ្នកប្រកបរបរលក់ដូរនៅតាមដងទន្លេសាប បានឲ្យដឹងថាលោកសង្កេតឃើញអ្នកដំណើរតាមផ្លូវងឿងឆ្ងល់អំពីបែត្រីដែលចល័តមកខាងជើងទន្លេសាបនេះថាជាលំនៅដ្ឋានរបស់ជនជាតិវៀតណាមដែលផ្លាស់ទីលំនៅ ស្របពេលវេលាដែលកៀកនឹងថ្ងៃបោះឆ្នោត។ លោកថា បើទោះជាពួកគាត់ភាគច្រើនជាជនជាតិវៀតណាមមែន ក៏ប៉ុន្តែ អ្នកទាំងនោះផ្លាស់ទីលំនៅដោយសារតែចង់ចៀសវាងការខូចខាតទិន្នផលត្រីនៅក្នុងបែតែប៉ុណ្ណោះ។ ហើយសកម្មភាពនេះ កើតមានឡើងស្ទើររាល់ឆ្នាំ គ្រាន់តែឆ្នាំនេះ បែទាំងនោះហាក់ដូចជាមានចំនួនច្រើនជាងឆ្នាំមុនៗ។
លោក ផល ឌីណា បន្ថែមទៀតថា៖
«ព្រោះអីវៀតណាមមានច្រើន ដោយសារដងទន្លេមានបែត្រី ហើយគេរស់នៅលើបែហ្នឹងហ្មង។ បើពួកខ្ញុំអត់ទេ ធម្មតា។ ឃើញគេអូសទៅអូសមក ដល់ពេលលែងពុល គេអូសទៅទីតាំងគេវិញដដែល។ រាល់ឆ្នាំ គេអូសមករហូត។ ប៉ុន្តែឆ្នាំនេះ ចម្លែកបន្តិច។ កាលឆ្នាំមុន ដូចអត់សូវសម្បូរបែអញ្ចឹងទេណា»។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា ផ្ទះបណ្តែតទឹកនោះ ជាផ្ទះរបស់ប្រជាពលរដ្ឋអ្នកនេសាទដែលមាន ប្រមាណជាង១០០គ្រួសារ ហើយក្នុងនោះ ១០% ជាជនជាតិវៀតណាម ៨០%ជាខ្មែរឥស្លាម និង១០% ជាជនជាតិខ្មែរ។ លោកថា គ្រួសារទាំងនោះ មានលំនៅដើមនៅតំបន់គីឡូម៉ែត្រលេខ៦ច្រាំងចម្រេះ១ និងច្រាំងចម្រេះ២ ហើយផ្លាស់ទីតាំងដោយសារតែទឹកឡើងកម្តៅខ្លាំង។
លោក មាន ចាន់យ៉ាដាមានប្រសាសន៍ថា៖
«ជារៀងរាល់ឆ្នាំ ដើមខែ៥ ហ្នឹង ស្ថានភាពទឹកនៅតំបន់ច្រាំងចម្រេះ១ និងច្រាំងចម្រេះ២ មានការប្រែប្រួល វាឡើងកម្តៅ។ ហើយទឹកប៉ុន្មានថ្ងៃនេះទឹកឡើងល្អក់ខ្លាំង ធ្វើឲ្យបែត្រីរបស់គាត់ងាប់ បែត្រីរបស់គាត់វាមានច្រើន»។
អ្នកនាំពាក្យរូបនេះពុំបានបញ្ជាក់បន្ថែមអំពីវិធានការបន្ទាប់ ឬសកម្មភាពនានាក្នុងការស្វែងរកដំណោះស្រាយទាក់ទិននឹងការតាំងទីលំនៅថ្មីបណ្តោះអាសន្ន របស់ អ្នកនេសាទទាំងនោះនៅឡើយទេ។
មុនពេលបិទទូរស័ព្ទលោកមាន ចាន់យ៉ាដាថ្លែងថា៖
«តែ២សប្តាហ៍ទេ គាត់ហ្នឹងត្រឡប់ទៅវិញ»។
VOA ពុំអាចទាក់ទងអភិបាលខណ្ឌជ្រោយចង្វា លោក ឃ្លាំង ហួត ដើម្បីសុំការអត្ថាធិប្បាយអំពីស្ថានការណ៍ អ្នកទាក់ទិន និងសកម្មភាពចល័តលំនៅដ្ឋាន បណ្តោះអាសន្នដែលកើតមានឡើងនៅក្នុងតំបន់គ្រប់គ្រងរបស់លោកឡើយ។
ទោះជាយ៉ាងណា អាជ្ញាធរពុំទាន់បង្ហាញអំពីវិធានការ ក្នុងការសម្រួលនិងស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅរបស់ប្រជានេសាទទាំងប្រមាណជាង១០០គ្រួសារនេះ ដែលកើតឡើងដោយសារតែកត្តាអាកាសធាតុនិងធនធានទឹកនៅឡើយនោះទេ៕