អាជ្ញាធរលីប៊ីបាននិយាយថា ជនបរទេសប្រាំនាក់និងឆ្មាំបីនាក់បានត្រូវសម្លាប់កាលពីថ្ងៃអង្គារនៅក្នុងការវាយប្រហារមួយលើសណ្ឋាគារមួយក្នុងក្រុង Tripoli ដែលមានការនិយមច្រើនពីសំណាក់ពួកអ្នកនយោបាយនិងពួកអ្នកធ្វើការអន្តរជាតិ។
ពួកមន្ត្រីសន្តិសុខនៅឯសណ្ឋាគារ Corinthia បាននិយាយថា ពួកអ្នកវាយប្រហារបានសម្រុកចូលក្នុងអាគារនោះក្រោយពីបានបំផ្ទុះគ្រាប់បែកក្នុងទ្បានពួកគេនិងបានបាញ់លើពួកបុគ្គលិកសណ្ឋាគារនោះ។
គេមិនបានដឹងច្បាស់ភ្លាមៗអំពីថាតើនរណាជាអ្នកដែលបានធ្វើការវាយប្រហារនេះទេ ក៏ប៉ុន្តែក្រុមមួយដែលហៅខ្លួនឯងថាជាពួករដ្ឋឥស្លាមនៅក្នុងខេត្ត Tripoli បានអះអាងទាមទារការទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមបណ្តាញអ៊ិធឺណិត។
ការផ្សាយតាមបណ្តាញព័ត៌មានសង្គមបានភ្ជាប់ការវាយប្រហារលើសណ្ឋាគារនេះថាជាការសងសឹកដល់ការចាប់ខ្លួនឈ្មោះ Nazih Abdul-Hamed al-Ruqai ឬដែលគេស្គាល់ម្យាងទៀតថា Abu Anas al-Libi ដោយកងកម្លាំងស.រ.អា.កាលពីឆ្នាំ២០១៣។
ឈ្មោះ Al-Libi នេះដែលជាអ្នកមានកំណើតនៅក្នុងប្រទេសលីប៊ីមានការទាក់ទិននឹងការបំផ្ទុះគ្រាប់បែកដោយពួកអាល់កៃដា (al-Qaida) កាលពីឆ្នាំ១៩៩៨នៅឯស្ថានទូតស.រ.អា.ក្នុងប្រទេសកេនយ៉ា (Kenya) និងប្រទេស Tanzanie។ គាត់បានស្លាប់ដោយរង់ចាំការកាត់ក្តីនៅក្នុងស.រ.អា.កាលពីដើមខែមករា៕