កម្លាំងប្រឆាំងនឹងលោកហ្កាដាហ្វីក្នុងប្រទេសលីប៊ីកំពុងតែពង្រឹងទីតាំងប្រយុទ្ធរបស់ខ្លួនក្នុងរដ្ឋធានី និងកន្លែងផ្សេងៗទៀតក្នុងប្រទេស ទោះបីពួកអ្នកប្រយុទ្ធដែលគាំទ្រលោកហ្កាដាហ្វីតបតយ៉ាងខ្លាំងក្លាយ៉ាងណាក៏ដោយ។
ឥឡូវនេះ កម្លាំងប្រឆាំងអះអាងថាបានគ្រប់គ្រងប្រទេសលីប៊ី ៩០ ភាគរយហើយ ប៉ុន្តែការចាប់ខ្លួនលោកម៉ូអាម៉ារ ហ្កាដាហ្វី ដែលជាភាពជោគជ័យចុងក្រោយរបស់ពួកគេនៅតែមិនច្បាស់។
កម្លាំងគាំទ្រលោកហ្កាដាហ្វីបានបាញ់គ្រាប់កាំភ្លើងត្បាល់ចូលក្នុងអាគារដែលបច្ចុប្បន្ននេះគ្រប់គ្រងដោយពួកឧទ្ទាម បាប់ អាល់-អាហ្សីហ្សីយ៉ា (Bab al-Aziziya) និងដែលធ្លាប់ជាទីស្នាក់ការកណ្តាលក្នុងរដ្ឋធានីទ្រីប៉ូលីរបស់វរសេនីយឯកហ្កាដាហ្វី។ មេដឹកនាំ ប្រឆាំងនិយាយថាកម្លាំងរបស់ពួកគេបានចាប់ខ្លួនអ្នកប្រយុទ្ធរបស់រដ្ឋាភិបាលជាច្រើននាក់ដែលកំពុងតែនៅក្នុងអាគារនោះ ប៉ុន្តែគេមិនឃើញមានសញ្ញាណណាមួយអំពីសមាជិកគ្រួសាររបស់លោកហ្កាដាហ្វីទេ។
ការប្រយុទ្ធគ្នាដ៏ស្វិតស្វាញបានបន្តនៅថ្ងៃពុធនៅជុំវិញព្រលានយន្តហោះទ្រីប៉ូលី ដែលក្រុមប្រឆាំងនិយាយថាតំបន់នោះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ។ គ្រាប់រុក្កែតជាច្រើនបានបាញ់ចំកន្លែងចំណតយន្តហោះនៅព្រលានយន្តហោះ ហើយការវាយប្រយុទ្ធគ្នាបានពន្យារពេលគម្រោងបើកទីតាំងនេះឲ្យដំណើរការឡើងវិញ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលហៅកាត់ថា ICC ចោទប្រកាន់លោកវរសេនីយឯកហ្កាដាហ្វីពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មសង្រ្គាម។ ការកាត់ទោសជាលក្ខណៈអន្តរជាតិមួយត្រូវបានស្វាគមន៍ដំបូងដោយក្រុមប្រឹក្សាពួកឧទ្ទាម និងសម្ព័ន្ធមិត្តក្រុមប្រឹក្សាជាតិអន្តរកាលថាជាវិធីទប់ទល់ជាមួយនឹងការសងសឹករបស់លោកហ្កាដាហ្វី។
មហាអំណាចបស្ចិមប្រទេសបន្តអំពាវនាវឲ្យភាគីទាំងពីររក្សាភាពស្ងៀមស្ងាត់ និងអនុវត្តនូវស្មារតីផ្សះផ្សារ។ ប៉ុន្តែលោកហ្កាដាហ្វីមិនមានអារម្មណ៍បែបនេះទេ។
សារសម្លេងដែលគេជឿថាជាសម្លេងរបស់លោកហ្កាដាហ្វី បានអំពាវនាវឲ្យអ្នក រស់នៅក្នុងរដ្ឋធានីទ្រីប៉ូលីបោសសំអាតពួកឧក្រិដ្ឋជន និងពួកជនក្បត់ចេញពីទីក្រុង៕
ប្រែសម្រួលដោយ ភី សុភាដា