អន្ដរាគមន៍របស់យោធាស.រ.អ. នៅក្នុងប្រទេសលីប៊ី បានបណ្ដាលឲ្យមានប្រតិកម្មខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅក្នុងសភាជាតិស.រអ.។ តំណាងរាស្ដ្រខ្លះត្អូញត្អែរថា សកម្មភាពរបស់ស.រ.អ. អាចយឺតពេលវេលាពេក ដើម្បីបង្ខំលោក Moammar Gadhafi មេដឹកនាំលីប៊ីឲ្យចេញពីអំណាច។ រីឯខ្លះទៀត ជំទាស់ថារដ្ឋបាលលោកអូបាម៉ា សម្រេចចិត្ដដោយគ្មានការយល់ព្រមពីសភាជាតិ។
ចំពោះលោក Lindsey Graham សមាជិកសភាមកពីគណ:បក្សសាធារណរដ្ឋពីរដ្ឋ South Carolina សំនួរដែលលោកចោទសួរគឺមិនមែនថាតើលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា គួរបញ្ជាឲ្យមានការធ្វើអន្ដរាគមន៍នៅក្នុងប្រទេសលីបីដែរឬទេ?។ ផ្ទុយទៅវិញ លោកសួរថាហេតុអ្វីបានជាលោករង់ចាំយូរម្លេះ។
«យើងប្រុងប្រយ័ត្នហួសពេក គ្មានការសម្រេចចិត្ដឲ្យបានម៉ឺងម៉ាត់។ ស្ថានការណ៍នៅប្រទេសលីប៊ីនេះ វិវឌ្ឍទៅយ៉ាងវិនាសកម្ម។ ខ្ញុំចង់ឲ្យលោក អូបាម៉ាចាត់វិធានការឆាប់ជាងនេះ»។
លោក Graham និយាយជាមួយមន្ដ្រីបណ្ដាញព័ត៌មាន Fox នៅក្នុងកម្មវិធីទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ។ អារម្មណ៍របស់លោក មានលោក John McCain សមាជិកព្រិទ្ធសភាបន្ទរ ។ ពេលបង្ហាញខ្លួននៅក្នុងកម្មវិធី Today Show នៃទូរទស្សន៍ NBC កាលពីថ្ងៃអង្គារ សមាជិកមកពីគណ:បក្សសាធារណរដ្ឋ ពីរដ្ឋ Arizona រូបនេះ ទទូចឲ្យពង្រីកការខំព្យាយាមរបស់ស.រ.អ.ឲ្យហួសពីការស្ថាបនាតំបន់គ្មានយន្ដហោះៗហើរលើប្រទេសលីប៊ីទៅទៀត។
«យើងត្រូវការចាំបាច់សម្របសម្រួលឲ្យមានអាវុធ ហើយនឹងគ្រឿងឧបករណ៍ខ្លះ ព្រមទាំងការហ្វឹកហ្វឺនឲ្យដល់ពួកបះបោរលីប៊ី នៅពេលណាមួយ។ នៅក្នុងស្ថានការណ៍នេះ ភាពទាល់ច្រកជាលទ្ធផលអាក្រក់ណាស់។ គោលនយោបាយស.រ.អ.គឺថា លោក Gadhafi ត្រូវតែចេញពីអំណាច»។
បើតាមលោក John Kerry សមាជិកព្រិទ្ធសភាមកពីគណ:បក្សប្រជាធិបតេយ្យពីរដ្ឋ Massachusetts មិនមែនដូច្នេះទេ។
«គោលដៅនៃបេសកកម្មនេះមិនមែនដកហូតលោក Gadhafi ចេញពីតំណែងទេ ។ នេះមិនមែនជា បេសកកម្មដែលអ.ស.ប.ឲ្យសិទ្ធិធ្វើនោះទេ ហើយខ្ញុំមិនហៅបេសកកម្មនេះថាទៅធ្វើសង្គ្រាមទេ។ នេះជាប្រតិបត្ដិការមានកម្រិតណាស់ដែលរៀបចំបម្រុង ដើម្បីស្រោចស្រង់ជីវិតហើយមានកំណត់មុខសញ្ញាជាក់លាក់ផ្នែកមនុស្សធម៌ជាមូលដ្ឋាន»។
លោក Kerry និយាយជាមួយមន្ដ្រីនៅក្នុងកម្មវិធី Meet the Press នៃទូរទស្សន៍ NBC ដូចលោក Carl Levin មកពីគណ:បក្សប្រជាធិបតេយ្យដូចគ្នាពីរដ្ឋ Michigan ។ មន្ដ្រីនោះជម្រាបសួរលោក Levin ថា ហេតុអ្វីបានជាសរអ ធ្វើអន្ដរាគមន៍នៅក្នុងប្រទេសលីប៊ី ប៉ុន្ដែមិនធ្វើអន្ដរាគមន៍នៅក្នុងប្រទេស Bahrain ហើយនឹងប្រទេសអារ៉ាប់ដទៃៗទៀតដែលនៅក្នុងប្រទេសទាំងនោះក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលប្រឈមមុខនឹងការសង្កត់សង្កិននោះ?។
«នេះជាស្ថានការណ៍តែមួយគត់ដែលនៅក្នុងនោះពិភពលោកទាំងមូលមូលមតិគ្នា មានរួមទាំងពិភពអារ៉ាប់ផង ហើយលោកមានប្រសាសន៍ថាការកាប់សម្លាប់របស់លោក Gadhafi ត្រូវតែឈប់។ មិនមែនមានតែយើង ស.រ.អ.ប៉ុណ្ណោះទេដែលធ្វើដូច្នេះ ផ្ទុយទៅវិញ មានប្រទេសដទៃទៀតដែរ»។
ក៏ប៉ុន្ដែសមាជិកសភាជាតិស.រ.អ. ជំទាស់ទៅនឹងសកម្មភាពរបស់រដ្ឋបាលលោកអូបាម៉ា៕
ប្រែសម្រួលដោយ កង ស៊ីវន