លោក រ៉ប៊័ត ហ្កេតស៍ (Robert Gates) រដ្ឋមន្ត្រីការពារជាតិស.រ.អ.និងលោកឧត្តមនាវី ម៉ៃក មូល្លិន (Mike Mullen) ប្រធានក្រុមនាយអគ្គសេនាធិការចម្រុះនៃកងយោធពលស.រ.អ.បានការពារការចូលរួមរបស់ស.រ.អ.ក្នុងកិច្ចប្រតិបត្តិការយោធាដឹកនាំ ដោយអង្គការអូតង់ក្នុងប្រទេសលីប៊ីប្រឆាំងនឹងការសង្ស័យពីសំណាក់សមាជិកច្រើននាក់នៃគណៈកម្មាធិការកិច្ចការយោធារបស់សភាតំណាងរាស្ត្រអាមេរិក។ លោក ហ្កេតស៍ បានទទូចថា គ្មានកងកម្លាំងជើងគោក ស.រ.អ.ត្រូវដាក់ពង្រាយក្នុងប្រទេសលីប៊ីទេ ហើយថា ប្រទេសឯទៀតៗគួរយកការទទួលខុសត្រូវក្នុងការបំពាក់អាវុធ និងហ្វឹកហ្វឺនក្រុមឧទ្ទាមលីប៊ី។
ពួកមេដឹកនាំសភាស.រ.អ.មានឥទ្ធិពលមួយចំនួនបាននិយាយប្រឆាំងនឹងស.រ.អ.បំពាក់អាវុធឱ្យក្រុមឧទ្ទាមលីប៊ី ដោយព្រមានថា គេដឹងតិចតួចណាស់អំពីគោលជំហរពិតប្រាកដរបស់ពួកឧទ្ទាមទាំងនេះ។លោករដ្ឋមន្ត្រីការពារប្រទេស រ៉ប៊័ត ហ្កេតស៍ បានទទួលសារភាពដល់គណៈកម្មាធិការនេះថាក្រុមឧទ្ទាមមិនមែនជាកងឯកភាពដែលល្បីឈ្មោះឬមានការទាក់ទងគ្នាជិតស្និទ្ធទេ។ លោកបន្តថា៖
«និយាយដោយស្មោះត្រង់ ក្រៅពីមេដឹកនាំមួយចំនួនតូច យើងមិនឃើញមានជនច្រើននាក់ដែលងើបទ្បើងប្រឆាំងនឹង Gadhafi ទេ។ក៏ប៉ុន្តែខ្ញុំយល់ថាបើនិយាយពីក្រុមប្រឆាំងវាហាក់ដូចជាមិនសមនឹងឈ្មោះនេះសោះ។ ពីព្រោះវាជាការអស់សង្ឃឹមខ្លាំងណាស់ វារាយប៉ាយខ្លាំងណាស់ហើយ ប្រហែលក្រុមនីមួយៗមានរបៀបវារៈរបស់ផងខ្លួនផ្ទាល់»។
លោក រ៉ប៊័ត ហ្កេតស៍ បានមានប្រសាសន៍ថា ការគ្មានឯកភាពនិងការសម្របសម្រួលគ្នាជាបញ្ហាធំបំផុតរបស់ក្រុមឧទ្ទាមលីប៊ីក្នុងការប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងកងកម្លាំងរបស់ ហ្កាដាហ្វ៊ី (Gadhafi)។ លោកបានមានប្រសាសន៍ថា អ្វីដែលក្រុមឧទ្ទាមត្រូវការ ខ្លាំងបំផុតនៅពេលនេះគឺការហ្វឹកហ្វឺន ក៏ប៉ុន្តែលោកបានថ្លែងច្បាស់លាស់ថា ការណ៍នេះមិនគួរអាស្រ័យលើស.រ.អ.ទេ។ លោក រ៉ប៊័ត ហ្កេតស៍ ថ្លែងថា៖
«ការពិតអំពីការផ្តល់ការហ្វឹកហ្វឺន អំពីការផ្តល់ជំនួយដល់ក្រុមឧទ្ទាមទាំងនេះ បើនិយាយដោយត្រង់ទៅមានប្រទេសជាច្រើនដែលអាចធ្វើការនេះបាន។ ការណ៍នេះមិនមែនជាសមត្ថភាពតែមួយគត់សម្រាប់ស.រ.អ.ទេ ហើយខ្ញុំយល់ថា ប្រទេសឯទៀតគួរធ្វើការនេះ»។
លោកឧត្តមនាវី ម៉ៃក មូល្លិន បានយល់ស្របជាមួយលោក ហ្កេតស៍ ដោយលោកបានមានប្រសាសន៍ថា វាជាការល្អប្រសើរប្រសិនបើប្រទេសមួយដែលមិនមែនជាសមាជិកនៃអង្គការអូតង់អាចផ្តល់អាវុធឱ្យក្រុមឧទ្ទាម និងផ្តល់ការហ្វឹកហ្វឺនជាមូលដ្ឋានដល់ពួកគេអំពីការប្រើប្រាស់អាវុធទាំងនេះ។
លោក ហ្កេតស៍ និងលោក មូល្លិន បានប្រឈមមុខនឹងសំណួរពីពួកសមាជិកសភានៃគណបក្សធំៗទាំងពីរអំពីហេតុដូចម្តេចបានជាលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាមិនបានពិគ្រោះជាមុនជាមួយសភានៅក្នុងដំណើរការសម្រេចចិត្ត ហើយគ្រាន់តែបានផ្តល់ព័ត៌មានដល់ពួកគេតែប៉ុន្មានម៉ោងមុនសកម្មភាពយោធានេះបានចាប់ផ្តើមធ្វើ៕
ប្រែសម្រួលដោយ ឈឹម សុមេធ