កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដែលត្រូវបានប្រកាសដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសុក្រដោយប្រទេសទាំងពីរ នឹងក្លាយជាផលចំណេញដល់កសិករអាមេរិកដែលនឹងត្រូវចេញទៅទិញត្រាក់ទ័រធំៗជាងមុន។ នេះបើយោងតាម ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យរបស់លោក។
លោក ត្រាំ បានពិពណ៌នាកិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំងថាជាកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ។
មន្ត្រីនៃប្រទេសទាំងពីរ បានប្រកាសថាពួកគេបានយល់ព្រមតាមខ្លឹមសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលដំបូងនេះ ហើយនឹងជៀសវាងការដាក់ពន្ធបន្ថែមលើគ្នាទៅវិញទៅមក។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ មន្ត្រីចិនបាននិយាយថា ប្រទេសរបស់ពួកគេនឹងបង្កើនការនាំចូលផលិតផលកសិកម្ម ថាមពល និងឱសថរបស់អាមេរិក។
លោក ត្រាំ និយាយថា ចិននឹងទិញផលិតផលកសិកម្ម«ក្នុងពេលឆាប់ៗ» ដែលគ្រាន់តែទំនិញនេះមួយមុខ នឹងមានតម្លៃសរុប៥០ពាន់លានដុល្លារ។
ក្រោយមក មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានថាភាគីចិនបានប្ដេជ្ញាចិត្តក្នុងការបង្កើនការទិញទំនិញផលិតពីរោងចក្រ ទំនិញកសិកម្មផលិតផលថាមពលនិងសេវាកម្ម ដែលមានតម្លៃសរុបយ៉ាងតិច២០០ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត៕