អាមេរិក​និង​ចិន​បោះ​ជំហាន​រក​គ្នា​ក្នុង​ការ​ចរចា​ពាណិជ្ជ​កម្ម​

រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ចាប់​ដៃ​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​ជំនួប​កំពូល G-20 នៅ​ប្រទេស​ជប៉ុន កាល​ពី​ខែ​មិថុនា ២០១៩។

លោក​ ដូណាល់​ ត្រាំ ​ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ថា​ លទ្ធផល​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​រវាង​សហ​រដ្ឋ​អាមេរិក​និង​ចិន​ដែល​ប្រទេស​ទាំង​ពីរ​ប្រកាស​ដាច់​ដោយ​ឡែក​ពីគ្នា​កាល​ពីថ្ងៃ​សុក្រ​នោះនឹង​លើក​ស្ទួយ​ដល់​កសិករ​អាមេរិក​ដែល​នឹង​«ទិញ​ត្រាក់ទ័រ​ធំជាង​ជាង​មុន»។ ​

ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​ លោក​ ត្រាំ ​បាន​ហៅ​កិច្ច​ព្រម​ព្រៀង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​ ជា​កិច្ច​ព្រមព្រៀង​«ដ៏​អស្ចារ្យ»។​

សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​បាន​ប្រកាស​ថា​ ពួក​គេ​បាន​ព្រមព្រៀង​គ្នា​អំពី​អត្ថបទ​នៃ​កតិកា​សញ្ញា​ពាណិជ្ជ​កម្ម​ដំណាក់​កាល​ដំបូង​ហើយ​នឹង​បញ្ចៀស​ការ​កំណត់​យកពន្ធ​បន្ថែម​លើ​គ្នា​ទៅ​វិញ​ទៅ​មក។​

ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ ​មន្ត្រីចិន​និយាយ​ថា ប្រទេស​ចិន​នឹង​បង្កើន​ការ​នាំ​ចូល​ផលិត​ផល​កសិកម្ម ​ថាមពល​និង​ផលិតផល​ឱសថ​របស់​អាមេរិក។​

លោក​ Wang Shouwen ​អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ចិន​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​នៅទីក្រុង​ប៉េកាំង​ថា ​«បញ្ហា​នេះ​នឹង​បង្កើត​លក្ខខណ្ឌ​ល្អ​ប្រសើរ​សម្រាប់​ប្រទេស​ចិន​និង​សហ​រដ្ឋ​អាមេរិក​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ»។​

ការ​ប្រកាស​នេះ​ធ្វើឡើង​តែពីរ​ថ្ងៃប៉ុណ្ណោះមុន​ពេល​សហ​រដ្ឋ​អាមេរិក​កំណត់​យក​ពន្ធ​ថ្មី​ជាធរមាន​ចំនួន​១៦០​ពាន់​លាន​ដុល្លារ​លើ​ផលិត​ផល​របស់​ប្រទេស​ចិន។​

លោក​ប្រធានាធិបតី​ ត្រាំ ​បាន​បញ្ជាក់​តាម​ Twitter ​ថា​ ​ទណ្ឌកម្ម​ពន្ធ​ដែល​កំណត់​យក​ចាប់​ពី​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​នោះ​ នឹង​មិន​ចូល​ជាធរមាន​ទេព្រោះ​មាន​ការ​ព្រម​ព្រៀង​គ្នា។ ​ការ​ចរចា​ដំណាក់​កាលទី​២​នឹង​ចាប់​ផ្តើម​ជា​បន្ទាន់​ ដោយ​មិន​រង់​ចាំ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២០​ទេ។ នេះ​ជាកិច្ចព្រមព្រៀង​អស្ចារ្យ៕