អ្នក​វិភាគ​និង​រដ្ឋាភិបាល​ពិនិត្យ​មើល​សមិទ្ធិផល​១០០​ថ្ងៃដំបូង​​នៃ​រដ្ឋាភិបាល​អណត្តិ​ទីប្រាំ​

លោកសេរីសុភ័ក្រ​ ​អ្នក​​ឯកទេស​ខាង​ផ្នែក​អភិបាល​​កិច្ច​​​ធ្វើ​ជាវា​គ្នឹន​​កម្ម​វិធីហេ​ឡូ​វីអូអេ​​

Your browser doesn’t support HTML5

១០០​ថ្ងៃ​ដំបូង​ក្រោយ​បង្កើត​រដ្ឋាភិបាល

វ៉ាស៊ីនតោន - រយៈ​ពេល​១០០​ថ្ងៃ​ដំបូង​នៃ​ការ​ចូលកាន់​តំណែង​របស់​រដ្ឋាភិបាល​អណត្តិទីប្រាំ​នេះ​ត្រូវបាន​កត់​សម្គាល់​ដោយ​វិបត្តិ​នយោបាយ​ដែល​រក​ច្រក​ចេញ​មិន​ទាន់​ឃើញ អតិផរណាសេដ្ឋកិច្ច​ដែល​អាច​ទាញ​ទម្លាក់​ប្រទេស​ទៅក្នុង​វិបត្តិ​កាន់​តែ​ជ្រៅប៉ុន្តែក៏​មានសញ្ញា​វិជ្ជមាន​នៃ​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​ខ្លះៗ​ក្នុង​ការ​កែ​ទម្រង់។ នេះ​បើ​តាម​ការ​សង្កេត​របស់​អ្នកជំនាញ​ខាងផ្នែក​អភិបាល​កិច្ច។

លោក​ឱក សេរីសុភ័ក្រ​អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ច​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេកាលពីថ្ងៃ​ច័ន្ទ​ថា៖

«នៅក្នុងរយៈពេល​១០០​ថ្ងៃ​បើសិន​និយាយ​ពី​ស្ថាន​ការណ៍​នយោបាយ​គឺ​មិន​មាន​ដំណើរ​ការ​ទៅ​មុខ​ទេ​បញ្ហា​ជាប់​គាំ​ងគឺ​មាន​សភាព​គួរ​ឱ្យ​បារម្ភ​ហើយ​នៅ តែ​ជាប់​គាំង​ដដែល​មិន​ឃើញ ថា​មាន​សញ្ញា​អ្វី មួយ​ថា​នឹង​ដោះស្រាយ​រួច​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នោះទេ»។

រដ្ឋាភិបាល​អណត្តិទីប្រាំ​នេះ​ត្រូវ​បាន​សភា​ជាតិ​ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​អនុម័ត​បង្កើត​នៅថ្ងៃ​ទី​២៤​ខែ​កញ្ញាដោយ​មាន​លោក​ហ៊ុន សែន​បន្ត​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ដោយសារ​តែចោទ​ប្រកាន់​ថា​ការបោះឆ្នោត​ជាតិ​មាន​ភាព​មិន​ប្រក្រតី។

លោក​សុភ័ក្រ​បាន​ធ្វើ​ការ​កត់​សម្គាល់​ទៀត​ថា លោក​សង្កេតឃើញ​មាន​ឆន្ទៈ​នយោបាយ​មួយ​ដុំ​ចោះៗ​ផង​ហើយ​និង​ជា​រចនា​សម្ព័ន្ធផង។

«មួយ​ដុំ​ចោះៗ​គឺ​ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ធ្វើ​ការ​ក្នុង​រឿង​អភិបាល​កិច្ច​បាន​ចាប់​មន្ត្រី តូចតាច​ខ្លះៗ​នៅក្នុង​ផ្នែក​ពន្ធដា​ នៅក្នុង​ផ្នែក​ផ្សេងៗ​ទៀត​ជាដើម។ ហើយ​ការ​កែទម្រង់​ដែល​មាន​លក្ខណៈ​ជារចនា​សម្ព័ន្ធ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​បញ្ហា​ការគ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ដែល​មានការ​ចាប់​ប្រើ​ប្រាស់​ប្រព័ន្ធ​ធនាគារ​សម្រាប់​បើក​ប្រាក់​ខែ​ឱ្យ​មន្ត្រី​រាជការ​ដែល​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៤​នេះ​»។

រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា​រយៈ​ពេល​១០០ថ្ងៃ​ដំបូង​នេះ​គឺ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ខ្លាំង​ខាងផ្នែក​អន្តរជាតិ​និង​រៀបចំ​មូលដ្ឋាន​ល្អ​សម្រាប់​ដំណើរ​ការ​ល្អ​ក្នុង​រយៈ​ពេល៥ឆ្នាំ​ទៅមុខ​ទៀត។

លោក​ ផៃ ស៊ីផាន រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​គូស​បង្ហាញ​ថាការ​«កែទម្រង់ស៊ីជម្រៅ​»​តាម​រយៈ ការរៀបចំ​នូវ​រចនាសម្ព័ន្ធ​របស់​អង្គការ​រដ្ឋ​នាពេល​បច្ចុប្បន្ន​នេះ​គឺដើម្បី​ធានា​នូវ​ការ​ផ្តល់​សេវាកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​និង​គុណភាព​ទៅ​ដល់​ប្រជាពលរដ្ឋ។ ​

លោក​បញ្ជាក់​ថា៖​ «យើង​ពង្រឹង​បន្ថែម​ទៀត​ទាំង​ការ​ខិតខំ​ប្រមូល​ចំណូលរដ្ឋ​ក៏​ដូច​ជា​ការ​កម្រិត​នៃ​ការខ្ជះខ្ជាយ​របស់​រដ្ឋ​ដើម្បី​រក្សា​នូវ​ប្រសិទ្ធភាព​ដល់​សេវាកម្ម​រដ្ឋបាល»។​

លោក​ផៃ​ ស៊ីផាន​បាន​បន្ថែម​ថាជោគជ័យ​មួយ​ទៀត​គឺ​ ការធានា​ទំនុក​ចិត្ត​ពី​បរទេស​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ទៅកាន់​បរទេស​ដូច​ជាទៅ​ប្រទេស​ជប៉ុន​នាដើមខែ​ធ្នូ​ជាដើម។

លោក​បាន​បញ្ជាក់​ថា៖​«រាជរដ្ឋាភិបាល​ទទួល​អំណរ​សាទរ​ពី​ប្រទេស​ជប៉ុន​ដោយ​ក្លាយ​ជា​ភាគីដៃ​គូ​ក្នុង​កិច្ចសហប្រតិបត្តិ​ការ​រាល់​យុទ្ធសាស្រ្ត​រាល់​គ្រប់​វិស័យ​ទាំងអស់​ ដូច​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ប្រទេស​ចិន»។​

រដ្ឋាភិបាល​កម្ពជា​ក៏សម្តែង​មោទនភាព​របស់​ខ្លួន​ចំពោះ​ការ​រក្សា​សណ្តាប់​ធ្នាប់​សង្គម​និង​កំណើន​សេដ្ឋកិច្ច​បានក្នុង​ខណៈ​ពេល​ដែល​មាន​បាតុកម្ម​ជាប្រចាំរបស់​គណបក្ស​សង្គ្រោះជាតិ​ដែលតវ៉ា​ទាមទារ​ឱ្យ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង​និង​រៀបចំ​ការបោះឆ្នោត​ជាតិ​ឡើងវិញ​ក៏​ដោយ។

ប៉ុន្តែ​អ្នក​វិភាគ​មើល​ឃើញ​ថា​គេ​ត្រូវ​រង់ចាំ​មើល​ដោយ​ប្រយ័ត្នប្រយែង​លើ​បញ្ហា​នេះ។​

«ការប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​នៅក្នុង​រឿង​ការប្រមូល​ពន្ធ​ដា​គឺ​មាន​ភាព​សុក្រិត​មែនគឺ​បាន​កើត​មាន​អញ្ចឹង​មែន​ក៏ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ដែរ​ប្រជាពលរដ្ឋ​របស់​យើង​ជាពិសេស​អ្នក​ដែល​មាន​ជីវភាព​ក្សត់ខ្សោយទទួល​នូវ​ផល​វិបាក​យ៉ាង​គំហុក​ដោយ​សារ​ទំនិញ​ ក្នុង​ការ​អនុវត្ត​ការ​ប្រមូល​ពន្ធ​ឱ្យ​មាន​ប្រសិទ្ធភាព​នេះ»។

លោកសុភ័ក្របាន​បញ្ជាក់​ថា​កម្រិត​នៃ​អតិផរណា​នេះ​នៅ​កន្លែង​ខ្លះ​មាន​រហូតដល់​២០​ទៅ៣០​ភាគរយ។

លោក​បាន​ព្រមាន​ថា៖ ​«ដូច្នេះ​យើង​ត្រូវ​តែ​ចាំ​មើល​បន្តិច​ទៀត​ថា​តើ​ស្ថាន​ការណ៍​នេះ​អាច​មក​នៅ​គ្រប់​គ្រង​បាន​ឬ​អត់​ប្រសិន​បើ​ជានៅ អញ្ចឹង​ នោះ​បញ្ហា​អតិផរណា​នេះ​នឹង​ក្លាយ​ទៅ​ជា​នាំ​ឱ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​ហើយ​អាច​ក្លាយ​ទៅ​ជា​វិបត្តិ​សង្គម​ហើយ​វាអាច​ក្លាយ​ទៅ​ជា​វិបត្តិ​នយោបាយ​ដែល​កំពុង​តែ​ធ្ងន់​ធ្ងរ​នោះ ហើយ​នាពេល​សព្វថ្ងៃ»។​

រដ្ឋាភិបាល​ថ្មី នេះ​ក៏ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ក្បាល​ធំ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ឯកបក្សក៏ដោយ​ប៉ុន្តែ​តម្រូវ​ការ​ដើម្បី បំពេញ​ចិត្ត​ក្រុម​ផ្សេងៗ​ក្នុង​គណបក្ស​កាន់​អំណាច​ធ្វើ​ឱ្យ​មាន​ការ​យោគយល់​តែងតាំង​មន្ត្រី​ច្រើន​ដដែល​ក្នុង​គណៈរដ្ឋ​មន្ត្រី៕