ការតវ៉ាជាច្រើនឆ្នាំកន្លងមកបានបរាជ័យនៅក្នុងការបញ្ឈប់កន្លែងធ្វើអាជីវកម្មធ្យូងថ្មដ៏ប្រទាំងប្រទើសបំផុតមួយកន្លែងនៅក្នុងប្រទេសអូស្ត្រាលី។ កន្លែងធ្វើអាជីវកម្មធ្យូងថ្មនេះត្រូវបានអនុញ្ញាតដោយរដ្ឋាភិបាលរដ្ឋ Queensland កាលពីខែមិថុនា។ កន្លែងនេះគ្រប់គ្រងដោយក្រុមហ៊ុនថាមពលដ៏ធំមួយរបស់ប្រទេសឥណ្ឌា ដែលមានឈ្មោះថា Adani។ គម្រោងរុករកធ្យូងថ្មរបស់ក្រុមហ៊ុននេះនៅក្នុងតំបន់ Galilee Basin នៃរដ្ឋ Queensland គឺជាចំណុចដ៏ក្ដៅគគុកមួយសម្រាប់ក្រុមអ្នកតវ៉ាគាំទ្រ និងក្រុមអ្នកតវ៉ាប្រឆាំងនឹងគម្រោងនេះ។
អ្នកស្រីសាស្ត្រាចារ្យ Sandra van der Laan គឺជាអ្នកជំនាញផ្នែកគណនេយ្យស៊ើបអង្កេតនៃសាកលវិទ្យាល័យស៊ីដនី។ អ្នកស្រីបានប្រាប់វិទ្យុ ABC របស់អូស្ត្រាលីថា គម្រោងរុករកធ្យូងថ្មនេះមិនទទួលបានជោគជ័យនោះទេ។
អ្នកស្រី van der Laan បញ្ជាក់ដូច្នេះថា៖ «កន្លែងធ្វើអាជីវកម្មធ្យូងថ្មរបស់ក្រុមហ៊ុន Adani កំពុងស្ថិតក្នុងស្ថានភាពមានបញ្ហាផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរបំផុត ដោយកំពុងជាប់បំណុលជាច្រើន។ ខ្ញុំគិតថា ក្រុមហ៊ុននេះនឹងដួលរលំនៅពេលខាងមុខ»។
សាខានៃក្រុមហ៊ុន Adani នេះនៅក្នុងប្រទេសអូស្ត្រាលីបានបញ្ជាក់ថា ការលើកឡើងអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះគឺមិនត្រឹមត្រូវ និងនាំឲ្យមានការយល់ច្រឡំ។
សាខាក្រុមហ៊ុននេះបានលើកឡើងថា៖ «គណនីរបស់ក្រុមហ៊ុននេះត្រូវបានគេត្រួតពិនិត្យជារៀងរាល់ឆ្នាំ និងពិនិត្យស្វែងរកបញ្ហានានាដូចជាការជំពាក់បំណុលជាដើម»។
សាខាក្រុមហ៊ុននេះបានបន្ថែមថា គម្រោងរុករកធ្យូងថ្មនេះនឹងមិនអាចរកប្រាក់ចំណូលបានទេ រហូតទាល់តែកន្លែងរុករកធ្យូងថ្មនេះត្រូវបានសាងសង់រួចរាល់ ហើយធ្យូងថ្មត្រូវបាននាំចេញទៅលក់។
លោក Lucas Dow នាយកប្រតិបត្តិសាខាក្រុមហ៊ុន Adani នៅប្រទេសអូស្ត្រាលី បាននិយាយថា ផលប៉ះពាល់ផ្នែកបរិស្ថានរបស់កន្លែងរុករកធ្យូងថ្មនេះ ក៏ត្រូវបានវាយតម្លៃដោយទីភ្នាក់ងាររដ្ឋាភិបាលនានាផងដែរ។
លោក Dow និយាយដូច្នេះថា៖ «ជាការពិត នេះគឺជាដំណើរការហ្មត់ចត់មួយដែលគេដឹងឭនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គម្រោងនេះត្រូវបានគេធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់បែបវិទ្យាសាស្ត្រ ដោយទីភ្នាក់ងារនានាដូចជាទីភ្នាក់ងារ CSIRO និងទីភ្នាក់ងារ GeoScience Australia។ ឥឡូវនេះ យើងសម្លឹងឆ្ពោះទៅមុខនៅក្នុងការសម្រេចឲ្យបាននូវគម្រោងនេះ។ នេះក៏ជាថ្ងៃដ៏ល្អបំផុតផងដែរសម្រាប់មិនត្រឹមតែគម្រោងរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់រដ្ឋ Queensland ជាទូទៅផងដែរ ហើយជាពិសេសនៅភាគខាងជើង និងភាគកណ្ដាលនៃរដ្ឋនេះ។ ដូច្នេះ ឥឡូវនេះ យើងផ្ដោតលើការធ្វើកិច្ចការនេះ»។
មិនមានក្រុមហ៊ុនរុករកធ្យូងថ្មណាមួយផ្សេងទៀតនៅក្នុងប្រទេសអូស្ត្រាលីនៅពេលថ្មីៗនេះ ដែលមានភាពប្រទាំងប្រទើសខ្លាំងដូច្នេះទេ។ កន្លែងធ្វើអាជីវកម្មធ្យូងថ្ម Adani បានបង្កឲ្យមានទាំងការគាំទ្រ និងទាំងការប្រឆាំង។
ស្ត្រីម្នាក់បាននិយាយថា៖ «ប្រសិនបើគ្មានកន្លែងធ្វើអាជីវកម្មធ្យូងថ្ម ប្រទេសអូស្ត្រាលីនឹងចាប់ផ្ដើមធ្លាក់ចូលទៅក្នុងស្ថានភាពសេដ្ឋកិច្ចយ៉ាប់យ៉ឺន»។
ស្ត្រីម្នាក់ទៀតបានលើកឡើងថា៖ «គម្រោងនេះនឹងប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ហើយព័ត៌មាននានាដែលខ្ញុំបានអាន បានបង្ហាញថា គម្រោងនេះនឹងមិនបង្កើតការងារច្រើនដូចអ្វីដែលគេប្រាប់យើងនោះទេ ដូច្នេះវាហាក់ដូចជាមិនទទួលបានប្រយោជន៍អ្វីទាំងអស់ ជាពិសេសនៅពេលដែលមនុស្សគ្រប់គ្នាថា ធ្យូងថ្មគឺជាធនធានថាមពលដែលជិតអស់»។
ប៉ុន្តែប្រទេសអូស្ត្រាលីនៅតែពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ធ្យូងថ្មជាច្រើនក្នុងតម្លៃថោក។ អូស្ត្រាលីរកចំណូលបានរាប់ពាន់ដុល្លារពីការនាំចេញធ្យូងថ្ម ហើយធ្យូងថ្មនេះជួយរួមចំណែកយ៉ាងច្រើនដល់ផ្នែកអគ្គិសនីនៅក្នុងប្រទេស។
ធ្យូងថ្មដែលជីកបានពីកន្លែងរុករករបស់ក្រុមហ៊ុន Adani នេះ នឹងប្រហែលជាត្រូវគេនាំចេញទៅកាន់កន្លែងផលិតថាមពលនៅក្នុងប្រទេសឥណ្ឌា។ គេបានកំណត់កាលពីដំបូងថា ធ្យូងថ្មប្រហែល ១០ លានតោនក្នុងមួយឆ្នាំ នឹងត្រូវគេជីករកឃើញ៕
ប្រែសម្រួលដោយ ភី សុភាដា