ដោយពួកគណបក្សសាធារណរដ្ឋមិនប្រាកដថានឹងរួបរួមគ្នាដើម្បីគាំទ្រលោក Donald Trump ហើយការស្ទង់មតិបានបង្ហាញថា ក្រុមអ្នកបោះឆ្នោតភាគច្រើនមិនពេញចិត្តទស្សនៈរបស់លោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យនោះ លោក Gary Johnson បេក្ខជនប្រធានាធិបតីខាងគណបក្សសេរីនិយមមើលឃើញ «ឱកាសដ៏ពិតប្រាកដ» សម្រាប់ជម្រើសមួយទៀតនៅក្នុងការប្រកួតប្រជែងដើម្បីក្លាយជាមេដឹកនាំថ្មីរបស់សហរដ្ឋអាមេរិក។
លោក បាននិយាយកាលពីថ្ងៃអាទិត្យនៅកម្មវិធី «This Week» របស់បណ្តាញទូរទស្សន៍ ABC ថា «ខ្ញុំគិតថាលោស្រី Clinton និងលោក Trump ជាឥស្សរៈជនដែលទទួលរងការរិះគន់យ៉ាងខ្លាំងនៅក្នុងវិស័យនយោបាយសព្វថ្ងៃនេះ។ ហើយនៅពេលដែលប្រជាពលរដ្ឋអាមេរិក៥០ភាគរយ នៅពេលឥឡូវនេះ បានប្រកាសខ្លួនឯងថា ជាអ្នកឯករាជ្យ ខ្ញុំស្រាប់តែគិតថា ពួកគេជាអ្នកគាំទ្រសេរីនិយម គ្រាន់តែពួកគេមិនដឹងខ្លួន»។
គណបក្សរបស់លោក ដែលផ្តល់តម្លៃសិទ្ធិបុគ្គលជាងការជ្រៀតជ្រែកពីរដ្ឋាភិបាល នឹងតែងតាំងបេក្ខជនរបស់ខ្លួននៅចុងខែនេះ។ ក៏ប៉ុន្តែ មាគារឆ្ពោះទៅកាន់បេក្ខជនរបស់គណបក្សទី៣នោះ ចាប់តាំងពីការទទួលការតែងតាំងដល់ការបោះឆ្នោតនៅខែវិច្ឆិកា នៅមានឧបសគ្គធំៗមួយចំនួន។
បញ្ហាធំបំផុតទីមួយគឺថវិកា។
បុគ្គលនីមួយៗត្រូវតែប្រកាសបេក្ខភាពរបស់ខ្លួនសម្រាប់ប្រកួតប្រជែងតំណែងប្រធានាធិបតីដោយការបំពេញទម្រង់បែបបទដ៏ងាយស្រួលមួយដើម្បីបញ្ជូនទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ។ រហូតមកទល់ពេលនេះ មានទម្រង់បែបបទជាង១.៧០០ពាក្យ បានត្រូវគេបំពេញសម្រាប់ការបោះឆ្នោតឆ្នាំ២០១៦ ទោះជាយ៉ាងនោះក៏ដោយ មនុស្សជាច្រើន បានលែងសើចដោយយកឈ្មោះមនុស្សដូចជា លោក Vladimir Putin លោក Fidel Castro លោក Rocky Balboa និង លោក Bubby The Cat ជាដើម។
ដើម្បីប្រកាសជាបេក្ខជនផ្លូវការ បុគ្គលទាំងនោះ ត្រូវអង្គាសប្រាក់ឲ្យបានយ៉ាងហោចណាស់ក៏៥.០០០ដុល្លារដើម្បីររួមវិភាគទានដល់យុទ្ធនាការឃោសនាបោះឆ្នោតនេះ៕