បេក្ខជនហ្វីលីពីនមួយរូបបានឈ្នះការប្រកួតប្រជែងបច្ចេកវិទ្យានិងសហគ្រិនដែលឈ្មោះថា GISTTech I Competition ប្រចាំឆ្នាំ២០១៥នៅប្រទេសកេនយ៉ា ពីក្នុងចំណោមបេក្ខជនពាក់កណ្ដាលផ្ដាច់ព្រ័ត្រចំនួន៧៦រូប។
លោក Ibrahim Bernado មកពីប្រទេសហ្វីលីពីនបានឈ្នះពានរង្វាន់ល្អបំផុតនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (ICT) ដោយការបង្កើតកម្មវិធីកុំព្យូទ័រដែលមានឈ្មោះថា Sari។ កម្មវិធី Sari គឺជាគម្រោងដែលផ្ដល់អំណាចដល់សហគ្រាសខ្នាតតូច ដូចជាហាង Sari Sari ឬហាងលក់គ្រឿងទេសតាមរយៈប្រតិបត្តិករទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែច្រើននិងការតភ្ជាប់ទីផ្សារ។
កិច្ចប្រជុំកំពូលសហគ្រិន The Entrepreneur Summit និងការប្រកួតប្រជែងបច្ចេកវិទ្យា និងសហគ្រិន GISTTech Iនៅឆ្នាំនេះត្រូវបានប្រារព្ធនៅក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេស កេនយ៉ាពីថ្ងៃទី ២៥ និង២៦ ខែកក្កដា ឆ្នាំ ២០១៥ កន្លងទៅនេះ។ វាជាការប្រកួតប្រជែងបច្ចេកវិទ្យាប្រចាំឆ្នាំ សម្រាប់សហគ្រិនខាងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមកពីប្រទេសដែលសេដ្ឋកិច្ចកំពុងអភិវឌ្ឍនៅទូទាំងពិភពលោក។
ការប្រកួត GISTTech I មានគោលបំណងដើម្បីផ្ដល់សិទ្ធិអំណាចដល់យុវជននៅទូទាំងទ្វីបអាហ្វ្រិកអាស៊ី អាមេរិកឡាទីន និងតំបន់មជ្ឈិមបូព៌ាដើម្បីអភិវឌ្ឍផលិតផលបច្ចេកវិទ្យាដែលមានមូលដ្ឋានថ្មីនិងក្រុមហ៊ុនដែលអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងការអភិវឌ្ឍតាមរយៈការប្រកួតប្រជែង ការចាប់ផ្ដើមនិងការភ្ជាប់ទំនាក់ទំនងបច្ចេកវិទ្យា។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យាស្ថានសង្គមអាស៊ី ឬ Asia Society លោក Ibrahim Benardo បាននិយាយថា៖ «នៅក្នុងទ្រង់ទ្រាយនោះយើងនឹងមានវេទិកាមួយដែលអាចធ្វើបានច្រើនដើម្បី ជួយហាងលក់គ្រឿងទេស Sari Sari។ ហើយ វាអាចជួយសហគមន៍ទាំងមូល»។
លោក Ibrahim Benardo ស្ថិតនៅក្នុងចំណោមបេក្ខជនចំនួនប្រាំពីររូបដែលមកពីតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និង វៀតណាម។ បេក្ខជនពីររូបដែលមកពីប្រទេសហ្វីលីពីន ជាអ្នកបានទៅដល់វគ្គផ្ដាច់ព្រ័ត្រនិងម្នាក់ទទួលបានពាន់រង្វាន់នៅវគ្គចុងបញ្ចប់។
នៅឆ្នាំនេះអ្នកឈ្នះការប្រកួតប្រជែងនៅក្នុងវិស័យផ្សេងៗទៀតគឺមកពីប្រទេស នីហ្សេរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង បុតស្វាណា ម៉ាឡាវី អ៊ូហ្គង់ដា ស៊ីលី ម៉ិកស៊ិក ប៉ាគីស្ថាន ហ្វីលីពីន និង ប្រទេសបង់ក្លាដេស។
លោក Ibrahim Bernado និងសហគ្រិនវ័យក្មេងដទៃទៀតដែលបានចូលរួមក្នុងការប្រកួតប្រជែងនេះ បានក្លាយជាគំរូដ៏សំខាន់នៅក្នុងប្រទេសកំណើតរបស់ពួកគេ ហើយបានបង្កើតការច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគួរឱ្យកត់សម្គាល់ក្នុងការគាំទ្រដល់សហគមន៍និងប្រទេសរបស់ពួកគេ។ កម្មវិធី GIST បានភ្ជាប់យុវជនជាង ២, ៥លាននាក់ជាមួយនឹងធនធានសហគ្រិនភាព តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក៕