ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ច្នៃ​ប្រឌិត​បច្ចេកវិទ្យា​មិនមែន​សម្រាប់​តែ​បុរស​ទេ


រូបថត​ពី​គេហទំព័ររបស់​មជ្ឈមណ្ឌល​សិក្សា Liger នៅ​ទីក្រុង​ភ្នំពេញ។

ថ្មីៗនេះ ក្រុម​សិស្ស​នារី​វ័យ​ក្មេង​មួយ​ក្រុម​បាន​ឈាន​ដល់​ដំណាក់ការ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត​ភាព​ជា​សហគ្រិន​សាកល​លោក​ឈ្មោះ Technovations​ បន្ទាប់​ពី​បាន​បង្កើត​កម្មវិធី App តាម​ទូរស័ព្ទ​មួយ ដែល​អាច​ជួយ​កសិករ​លក់​ផលិតផល​កសិកម្ម​របស់​ខ្លួន​ក្នុង​តម្លៃ​ល្អ​ប្រសើរ។

ក្រុម​សិស្សនារី​នេះ​មាន​ឈ្មោះ​ថា LiGeek មក​ពី​មជ្ឈមណ្ឌល​សិក្សា Liger នៅ​រាជធានី​ភ្នំពេញ មាន​សមាជិក​ប្រាំ​នាក់ ដែល​មាន​អាយុ​យ៉ាង​តិច​ណាស់​១៤ឆ្នាំ។ បើ​ទោះ​បី​ជា​ពួក​គេ​មិន​ឈាន​ដល់​ដំណាក់ការ​ផ្តាច់​ព្រ័ត្យ​ក្តី ក៏​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​បាន​បង្ហាញ​ថា ការ​ច្នៃ​ប្រឌិត​ខាង​បច្ចេកវិទ្យា​គឺ​មិន​មែន​សម្រាប់​តែបុរស​នោះ​ទេ។​

ក្រុម LiGeek បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី Technovations ឆ្នាំ​២០១៥​នេះ​ ក្នុង​ចំណោម​ក្រុម​សិស្ស​នារី​វ័យក្មេង​ជា​ច្រើនមកពី​ប្រទេស​ចំនួន​៦០​ប្រទេស​ជុំវិញ​ពិភពលោក។ កម្មវិធី Technovations នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ស្ត្រី​វ័យ​ក្មេង​ឲ្យ​ក្លាយ​ជា​អ្នក​ដោះស្រាយ​បញ្ហា​ក្នុង​សហគមន៍ តាមរយៈ​បច្ចេកវិទ្យា។

កម្មវិធី App ឈ្មោះ ImEX របស់​ក្រុម LiGeek ជួយបង្កើត​ទីផ្សារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិតដល់​កសិករ ដែល​ពួក​គេ​អាច​លក់​ផលិតផល​កសិកម្ម​របស់​ខ្លួនតាម​តម្រូវ​ការ​របស់​អតិថិជន។ ក្រុម LiGeek ​បាន​សិក្សា​ពី​ជំនាញ​បច្ចេកវិទ្យា​នេះ​នៅ​ឯ​មជ្ឈមណ្ឌល​សិក្សា Liger នៅ​ស្រុក​កៀនស្វាយ ក្បែរ​ទីក្រុង​ភ្នំពេញ។

ក្រុម​សិស្ស​នារី​វ័យ​ក្មេង​នេះ​បាន​រៀបចំ​គ្រោង​សារជីវកម្ម និង​ឧបករណ៍​ដោយ​ខ្លួន​ឯង ដើម្បី​បង្កើត​កម្មវិធី App នេះ​ឡើង ដោយ​ទទួល​បាន​ជំនួយ​ខាង​បច្ចេកវិទ្យា​ពី​គម្រោង​អភិវឌ្ឍន៍​ការ​ច្នៃ​ប្រឌិត ឬ Development Innovations ដែល​ជា​គម្រោង​មួយ​របស់​ទីភ្នាក់​ងារ USAID ប្រចាំ​នៅ​កម្ពុជា​ដើម្បី​ជួយ​លើក​កម្ពស់​ការ​អភិវឌ្ឍន៍​ខាង​បច្ចេកវិទ្យា។

២ភាគ៣​នៃ​ចំនួន​ប្រជាជន​សរុប​របស់​កម្ពុជា​មាន​អាយុ​ក្រោម​៣០ឆ្នាំ ហើយ​ជា​រៀង​រាល់​ឆ្នាំ មាន​និស្សិត​កាន់​តែ​ច្រើន​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន។ នេះ​បាន​បង្កើត​ជា​ឱកាស​ច្រើន​ដល់​ការ​បង្កើត​សហគ្រាស​បច្ចេកវិទ្យា​ជា​ច្រើន ដូច​ជា ហ្គេម​តាម​អ៊ីនធឺណិត​ឈ្មោះ Asva ដ៏​ពេញ​និយម​មួយ​របស់​ Osja Studio ជាដើម៕

XS
SM
MD
LG