ស្ត្រី​វៀតណាម​ដែល​ជាប់​ចោទ​ពី​បទ​សម្លាប់​លោក​ Kim Jong Nam ​នឹង​ត្រូវ​ដោះលែង

អ្នកស្រី Doan Thi Huong (រូប​កណ្តាល) ត្រូវ​បាន​ប៉ូលិស​នាំ​ខ្លួន​ចេញ​ពី​តុលាការ Shah Alam នៅ​ក្នុង​ក្រុង Shah Alam ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។

ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ដែល​គេចោទ​ពីបទ​សម្លាប់​បងប្រុស​ម្តាយ​ទីទៃរបស់​មេដឹក​នាំកូរ៉េ​ខាង​ជើង​នឹង​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​ប្រទេស​ម៉ាឡេស៊ី​ នៅ​ថ្ងៃ​ទី​៣​ខែ​ឧសភា។​ នេះបើ​តាម​មេធាវី​របស់​ស្ត្រី​រូប​នេះ​ដែល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍។ ​

អ្នកស្រី Doan Thi Huong ​អាយុ៣០​ឆ្នាំ ​ត្រូវបាន​ចោទ​ប្រកាន់​ជាមួយ​ស្ត្រី​ឥណ្ឌូណេស៊ី​ពី​បទ​បំពុល​លោក Kim Jong Nam ​ដោយ​ប៉ាត​សារធាតុគីមី​លើមុខ​របស់​លោក​នៅ​អាកាស​យានដ្ឋាន​គូឡាឡាំពួ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ២០១៧។​ រដ្ឋ​អាជ្ញា​ម៉ាឡេស៊ី​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នកស្រី​ Huong ​កាល​ពី​ដើម​ខែនេះ ​បន្ទាប់​ពីអ្នកស្រី​បាន​ទទួល​កំហុស​ពីបទ​ធ្វើ​បង្កគ្រោះ​ថ្នាក់។​

អ្នកស្រី​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​គុក​ជាង​បីឆ្នាំ ​ប៉ុន្តែ​ទោស​នេះត្រូវ​បាន​កាត់​បន្ថយ​ ព្រោះ​ច្បាប់​ម៉ាឡេស៊ី​អនុញ្ញាត​ឱ្យ​បន្ថយ​ទោស​មួយ​ភាគបី​នៃ​ទោស​ជា​ប់​ពន្ធនាគារ។ ​

លោក​ Salim Bashir​ មេធាវី​របស់​អ្នកស្រី​ Huong ​បាន​ប្រាប់​ Reuters​ ថា​ លោកស្រី ​Huong ​ដែល​គេ​រំពឹង​ថា ​នឹង​ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​ទី​៤ ​ខែ​ឧសភា ​នឹង​ត្រូវ​ដោះ​លែង​មួយ​ថ្ងៃ​មុន​ពេល​កំណត់​ ព្រោះ​ថ្ងៃ​កំណត់​ដោះ​លែង​ចំថ្ងៃ​ចុង​សប្តាហ៍។​ សហ​ចុង​ចោទ​របស់​អ្នកស្រី​ Huong ​គឺ​អ្នកស្រី​ Siti Aisyah ​ត្រូវ​បាន​ដោះលែង​កាល​ពីខែ​មីនា​ បន្ទាប់ពី​រដ្ឋ​អាជ្ញា​ទម្លាក់​ការ​ចោទ​ប្រកាន់​ប្រឆាំង​អ្នកស្រី។ ​

មន្ត្រី​កូរ៉េ​ខាង​ត្បូង​ និង​មន្ត្រី​សហ​រដ្ឋអាមេរិក​បាន​និយាយ​ថា របប​កូរ៉េ​ខាង​ជើង​បាន​បញ្ជា​ឱ្យ​ធ្វើ​ឃាត​លោក​ Kim Jong Nam ដែល​រិះគន់​ការ​គ្រប់គ្រង​ដោយ​វង្ស​ត្រកូល​របស់​លោក។​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។​ មេធាវី​ការពារ​ក្តីបាន​អះអាង​ថា​ ស្ត្រី​ទាំង​នោះ​គឺជា​កូនអុក​នៅក្នុង​ការ​ធ្វើឃាត​ដែល​រៀបចំ​ឡើង​ដោយ​ភ្នាក់ងារ​កូរ៉េខាង​ជើង។

ស្ត្រីទាំង​នោះ​បាន​និយាយ​ថា​ ពួកគេគិត​ថា គេ​ចូល​រួម​កម្មវិធី​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ហើយ​មិន​ដឹង​ថា​ពួកគេ​កំពុង​ពុល​លោក​ Kim Jong Nam ​ទេ។​ បុរស​ជន​ជាតិកូរ៉េខាង​ជើង​បួន​នាក់​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ផង​ដែរ ​ប៉ុន្តែ​ពួកគេ​បាន​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​ជាច្រើន​ម៉ោង ​បន្ទាប់ពី​ការ​ធ្វើឃាត។ ប្រទេស​ម៉ាឡេស៊ី​បាន​រងការ​រិះគន់​ចំពោះ​ការ​ចោទ​ប្រកាន់​ស្ត្រី​ទាំងពីរនាក់​ពី​បទ​មនុស្សឃាត​ ដែល​អាច​មាន​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​ប្រទេស​នេះ នៅ​ពេល​ជនល្មើស​សំខាន់​មិន​ទាន់​ចាប់​បាន​នៅ​ឡើយ៕