នាយករដ្ឋមន្ត្រីប្រទេសហ្វ៊ីជី លោក វ៉ក ហ្វ្រង់ បៃនីមម៉ារ៉ាម៉ា (Voreque "Frank" Bainimarama) រំពឹងថានឹងក្លាយជាអ្នកឈ្នះការបោះឆ្នោតជាតិនៅថ្ងៃពុធនេះ នៅលើទីប្រជុំកោះភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក។
លោក បៃនីមម៉ារ៉ាម៉ា កំពុងស្វះស្វែងបន្តកាន់កាប់អំណាចនៅអាណត្តិទី២ ដែលមានរយៈពេល៤ឆ្នាំរបស់លោក បន្ទាប់ពីលោកបានកាន់កាប់អំណាចរយៈពេល១២ឆ្នាំ ដោយអំពើរដ្ឋប្រហារ ដែលគ្មានការបង្ហូរឈាម។ លោកទទួលបានកេរ្តិ៍ឈ្មោះល្បី ល្បាញ ដោយការដឹកនាំប្រទេសហ្វ៊ីជីឲ្យមានសេដ្ឋកិច្ចរីកចម្រើនឡើងពីភាពអន់ថយ សំខាន់បំផុត លោកបានធ្វើឲ្យប្រទេសមានឈ្មោះក្នុងពិភពលោកថាជា កន្លែងកម្សាន្ត ល្អបំផុត របស់ក្រុមអ្នកទេសចរណ៍។
លោក បៃនីមម៉ារ៉ាម៉ា ក៏បានបង្កើនកេរ្តិ៍ឈ្មោះលោកផងដែរក្នុងឋានៈជាប្រធានសន្និសីទស្តីអំពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឬហៅថា COP23 ដែលលោកបាននាំមុខការពារវិបត្តិនៃប្រជាជាតិតូចៗ ដែលគំរាមកំហែង ដោយកម្ពស់ទឹកសមុទ្រឡើងខ្ពស់។
គណបក្សលោក បៃនីមម៉ារ៉ាម៉ា FijiFirst Party បានឈ្នះសម្លេងឆ្នោត៥៩ ភាគរយ កាលពីការបោះឆ្នោតជាតិឆ្នាំ២០១៤។ ដៃគូប្រជែងនយោបាយរបស់លោក គឺ លោក ស៊ីធីវេននី រ៉ាប៊ូកា (Sitiveni Rabuka) ជាមេដឹកនាំគណបក្សសេរីនិយមសង្គមប្រជាធិប តេយ្យ ដែលបានធ្វើរដ្ឋប្រហារពីរលើកកាលពីឆ្នាំ១៩៨៧ ហើយបានក្លាយជានាយក រដ្ឋមន្ត្រីកាលពីទសវត្សរ៍១៩៩០។ តុលាការបានកាត់សេចក្តីកាលពីថ្ងៃចន្ទថា លោក រ៉ាប៊ូកា មានសិទ្ធិឈរឈ្មោះប្រកួតប្រជែងក្នុងពេលបោះឆ្នោតបានបន្ទាប់ពីតុលាការ បានជម្រះក្តីក្តាំលោក ឲ្យរួចផុតពីការចោទប្រកាន់នានាទាក់ទងនឹងអំពើពុករលួយ៕