ការប្រយុទ្ធដ៏ប្រល័យបានបន្តនៅថ្ងៃពុធនេះនៅក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលក្រុមមេដឹកនាំនៃប្រទេសអ៊ុយក្រែន រុស្ស៊ី បារាំងនិងអាល្លឺម៉ង់ បានរៀបចំធ្វើសន្និសីទកំពូលស្តីពីជម្លោះ ដែលបានសម្លាប់មនុស្សជាង៥៣០០នាក់ចាប់តាំងពីខែមេសាឆ្នាំទៅ។
យោងតាមក្រុមមន្រ្តីឧទ្ទាមនិងបុគ្គលិកគ្រាមានអាសន្នបានឲ្យដឹងថា មនុស្សយ៉ាងតិចណាស់២នាក់បានស្លាប់នៅក្នុងទីក្រុង Donetsk តំបន់ខាងកើតដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅពេលដែលគ្រាប់ផ្លោងត្រូវចំស្ថានីយរថយន្តក្រុង។ ក្រុមមន្រ្តីយោធាក៏បាននិយាយដែរថា ក្រុមឧទ្ទាមបានវាយប្រហារនៅជិតទីក្រុង Debaltseve សម្លាប់ទាហានយ៉ាងហោចណាស់១៩នាក់ និងធ្វើឲ្យ៧៨នាក់ទៀតរងរបួស។
នៅមុនពេលនៃការចរចានៅថ្ងៃពុធនេះក្នុងប្រទេស Belarus ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានពណ៌នាពីសន្និសីទកំពូល ដែលមានប្រទេស៤ចូលរួមថា ជាឱកាសចុងក្រោយបង្អស់មួយដើម្បីបញ្ចប់ការប្រយុទ្ធរវាងកងកម្លាំងប្រទេសរបស់លោកនិងក្រុមទាមទារបំបែករដ្ឋដែលគាំទ្រដោយប្រទេសរុស្ស៊ី។
សេចក្តីថ្លែងការណ៍សេតវិមានបានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានសង្កត់ធ្ងន់អំពីការកើនឡើងនូវចំនួនមនុស្សស្លាប់នៅក្នុងការប្រយុទ្ធគ្នា និងពីសារៈសំខាន់របស់លោក Putin ដើម្បីចាប់យកឱកាសដើម្បីគាំទ្រសំណើរសន្តិភាពនៅពេលដែលលោកជួបជាមួយក្រុមមេដឹកនាំបារាំង អាល្លឺម៉ង់និងអ៊ុយក្រែនក្នុងទីក្រុង Minsk នៅថ្ងៃពុធនេះ។
ប្រទេសអ៊ុយក្រែននិងរដ្ឋាភិបាលប្រទេសលោកខាងលិចបានចោទប្រកាន់ប្រទេសរុស្ស៊ីពីការគាំទ្រការបះបោរដែលមានរយៈពេលជិតមួយឆ្នាំដោយកម្លាំងទ័ព ការរៀបចំផែនការយុទ្ធសាស្រ្ត និងសំភារៈយោធា។
ប្រទេសរុស្ស៊ី បានបដិសេធម្តងហើយម្តងទៀតពីការជាប់ទាក់ទិនដោយផ្ទាល់ ហើយនិយាយថាកងទ័ពរុស្ស៊ីដែលប្រយុទ្ធនៅជាប់ជាមួយក្រុមទាមទារបំបែករដ្ឋក្នុងតំបន់ខាងកើតដែលនិយាយភាសារុស្ស៊ីនោះថា គឺធ្វើដោយស្ម័គ្រចិត្តទេ៕