កាលពីថ្ងៃសៅរ៍ មានការប្រយុទ្ធគ្នាដ៏ខ្លាំងនៅប៉ែកនិរតីនៃរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែននិងនៅក្នុងក្រុងមួយចំនួនទៀតនៅពេលដែលក្រុមទាហានរុស្សីបានប្រមូលគ្នានៅចម្ងាយ២៥គ.ម.ពីរដ្ឋធានី។
គេបានឮស្នូរស៊ីរ៉ែនក្នុងក្រុងមួយចំនួនកាលពីពេលយប់ដែលព្រមានអ្នកក្រុងអំពីការ វាយប្រហារតាមអាកាស។
ក្រសួងការពារប្រទេសរុស្សីបានបញ្ជាក់ដែរថា ពួកគេបានបំផ្លាញមូលដ្ឋានកងទ័ពអាកាសមួយនៅជិតក្រុង Vasylkiv។ គេក៏បាននិយាយដែរថា ឃ្លាំងគ្រាប់រំសេវមួយនៅជិតទីនោះក៏ត្រូវបានបំផ្លាញដែរ។
ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កងកម្លាំងរុស្សីបានបាញ់ផ្តក់លើព្រះវិហារអ៊ីស្លាមមួយក្នុងក្រុង Mariupolដែលមានមនុស្ស៨០នាក់ទៅជ្រកនៅទីនោះ។ គេបាននិយាយថា មនុស្សខ្លះក្នុងវិហារអ៊ីស្លាមនេះជាអ្នកមកពីប្រទេសតួក គី។
ផ្លូវរបៀងមនុស្សធម៌មួយចំនួនមានគម្រោងបើកនៅថ្ងៃសៅរ៍ដើម្បីផ្តល់ឱ្យពួកអ្នកស្រុកនូវច្រកសុវត្ថិភាពចេញពីអំពើហិង្សាក្នុងក្រុងកៀវ ក្រុងSumy និងតំបន់ឯទៀតៗ។
លោកស្រី Iryna Vereshchuk ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានមានប្រសាសន៍ក្នុងសុន្ទរកថាមួយតាមវីដេអូថា«ខ្ញុំសង្ឃឹមថា ថ្ងៃនេះនឹងមានដំណើរការល្អ ផ្លូវដែលត្រូវបានគ្រោងទុកនឹងបើក ហើយរុស្ស៊ី នឹងធ្វើតាមកាតព្វកិច្ចខ្លួនដើម្បីធ្វើឱ្យមានការឈប់បាញ់គ្នា»។
រុស្ស៊ីបានពង្រីកសង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនដោយវាយប្រហារលើតំបន់ខាងលិចអ៊ុយក្រែនហើយហាក់ដូចជាប្រមូលទាហានជាថ្មីនៅជិតរដ្ឋធានីកៀវ នៅពេលដែលសហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តបង្កើនការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុងម៉ូស្គូ។
មន្ត្រីស.រ.អ.ជាន់ខ្ពស់ម្នាក់ខាងការពារប្រទេសដែលនិយាយក្នុងលក្ខខ័ណ្ឌមិនឱ្យគេបញ្ចេញឈ្មោះដើម្បីពិភាក្សាអំពីការស៊ើបការណ៍សម្ងាត់ បានបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្តើមវាយប្រហារកន្លែងនានាក្នុងផ្នែកខាងលិចនៃប្រទេសអ៊ុយក្រែនដោយវាយប្រហារលើវាលយន្តហោះនៅតំបន់ Lutsk និងIvano-Frankivskកាលពីថ្ងៃសុក្រដែលជាផ្នែកមួយនៃការបាញ់មីស៊ីលជាង៨០០គ្រាប់ចាប់តាំងពីការចាប់ផ្តើមការលុកលុយនេះមក៕
អ្នកយកព័ត៌មានសន្តិសុខជាតិរបស់វីអូអេលោក Jeff Seldin និងអ្នកយកព័ត៌មានខាងការទូតជាន់ខ្ពស់អ្នកស្រីCindy Saine បានរួមចំណែកដល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP AFP និង Reuters។