ក្រុមមន្ត្រីសហរដ្ឋអាមេរិកដែលបានសម្តែងសុទិដ្ឋិនិយមថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នឹងអាចទប់ទល់មិនឲ្យកងកម្លាំងបះបោរតាលីបង់ដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាននោះ ប្រហែលជាផ្អែកលើការវាយតម្លៃអំពីក្តីសង្ឃឹមរបស់ខ្លួន ច្រើនជាងទិន្នន័យដែលអាចវាស់វែងបាន។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយអគ្គអធិការកិច្ចពិសេសសម្រាប់ការស្ថាបនាប្រទេសអាហ្វហ្គានីស្ថានឡើងវិញ បានព្រមានថា បន្ទាប់ពីបានចំណាយពេលជិត២០ឆ្នាំ និងប្រាក់ជាង ៨៨ ពាន់លានដុល្លារមក យោធាសហរដ្ឋអាមេរិកមើលឃើញសញ្ញាបន្តិចបន្តួចថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នឹងដោះស្រាយបញ្ហាសន្តិសុខដោយខ្លួនឯងយ៉ាងដូចម្តេច។
របាយការណ៍នោះបានបញ្ជាក់ថា «សំណួរអំពីរបៀបវាយតម្លៃឲ្យបានជាក់លាក់ថា អំពីលទ្ធភាពរបស់កងកម្លាំងការពារជាតិ និងសន្តិសុខអាហ្វហ្គានីស្ថានធ្វើការទប់ទល់ជាមួយគូសត្រូវនៅពេលលែងមានការជួយឧបត្ថម្ភការប្រយុទ្ធដោយផ្ទាល់ពីសហរដ្ឋអាមេរិកនោះនៅតែពិបាកឆ្លើយ»។
របាយការណ៍នេះក៏បានកត់សម្គាល់ដែរថា ការត្រៀមខ្លួនរបស់កងកម្លាំងអាហ្វហ្គានីស្ថានមានការលំបាកដោយសារភាពស្មុគស្មាញដែលធ្វើឲ្យមានការលំបាកក្នុងការប្រមូលទិន្នន័យ និងកំណត់ប្រព័ន្ធដែលមានសារៈសំខាន់ ស្របពេលដែលលទ្ធភាពខ្លះដែលអាចធ្វើបាន ត្រូវបានបំផ្លាញដោយសុទិដ្ឋិនិយមហួសហេតុ។
គេនៅមិនសូវច្បាស់ទេថា តើកងកម្លាំងអាហ្វហ្គានីស្ថាន នឹងទប់ទល់បានល្អប៉ុណ្ណានៅពេលកងទ័ពសហរដ្ឋអាមេរិក និងក្រុមចម្រុះដកចេញនោះ៕