នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានរិះគន់គោលនយោបាយកាលពីអតីកាលរបស់ប្រទេសលោកដែលបានប្រែក្លាយជា «រដ្ឋជួរមុខ»នៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយលោកបានស្តីបន្ទោសគោលនយោបាយនោះអំពីបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចរ៉ាំរ៉ៃ ដែលរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដកំពុងប្រឈម។
លោក Khan បានប្រាប់សភានៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងអាច ហើយជានិច្ចកាលនៅតែជាដៃគូសន្តិភាពជាមួយអាមេរិក។ យើងមិនអាចជាដៃគូនៅក្នុងជម្លោះតទៅទៀតទេ»។
លោក Khan ជាថ្មីម្តងទៀត បានច្រានចោលលទ្ធភាពនៃការផ្តល់ប្រទេសប៉ាគីស្ថានជាទីតាំងដល់យោធាសហរដ្ឋអាមេរិកសម្រាប់ការវាយប្រហារភេរវកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសជិតខាងនេះ បន្ទាប់ពី២ទសវត្សរ៍មក។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានរំឭកឡើងវិញថា ការសម្រេចរបស់ប៉ាគីស្ថានចូលរួមជាមួយសហរដ្ឋអាមេរិកធ្វើសង្គ្រាមនោះ បានបណ្តាលឲ្យមានការប្រឆាំងរបស់ពួកសកម្មប្រយុទ្ធនៅក្នុងប្រទេសរបស់លោក ដែលក្នុងនោះពលរដ្ឋប៉ាគីស្ថានចំនួន៧ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារភេរវកម្មផ្សេងៗទៀត និងការខាតបង់ប្រាក់ចំនួន១៥០ពាន់លានដុល្លារ ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាតិដ៏ផុយស្រួយរបស់ប្រទេសនេះ។
លោក Khan មិនបានសរសើរចំពោះការលះបង់ទេ តែលោកបែរជាត្អូញត្អែរ ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថា រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ«លាក់ពុត» ហើយបានចោទសួរពីអធិបតេយ្យភាពរបស់ប៉ាគីស្ថាន៕