​តម្រុយ​មាន​​តិច​តួច​ខណៈ​ដែល​អាជ្ញាធរ​បន្ត​​​ស្វែង​រក​អ្នក​បំផ្ទុះ​គ្រាប់​បែក​នៅ​បាងកក​​​បន្ត​

  • Steve Herman

ពលរដ្ឋ​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៣​ខែ​សីហា ​ជិះ​ម៉ូតូ​កាត់​ប៉ាណូ​ឌីជីថល​មួយ​ដែល​មាន​បង្ហាញ​គំនូរ​ព្រាង​​នៃ​ជន​សង្ស័យ​សំខាន់​​​​​ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន។

កន្លែង​រស់​នៅរាប់​ពាន់​កន្លែង​នៅ​ក្នុង​ទីក្រុង​បាងកក​ ដែល​រួម​មាន​ផ្ទះ​សំណាក់​ដែល​ជន​បរទេស​និយម​ស្នាក់​នៅញឹកញាប់​ ត្រូវ​បាន​ឆែកឆេរ​រក​តម្រុយ​ទាក់​ទង​នឹង​ការ​ដាក់​គ្រាប់បែក​បំផ្ទុះ​នៅ​ក្នុង​ទី​សក្ការៈមួយ​ដែល​មាន​ប្រជាប្រិយភាព​ កាល​ពី​សប្តាហ៍​មុន។ ការ​ផ្ទុះ​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ២០ នាក់​និង​ធ្វើ​ឲ្យ​រង​របួស​ជាង​១០០​នាក់។​

មន្ត្រី​ប៉ូលីស​បាន​និយាយ​ថា​ ពួក​គេ​ត្រូវ​ការ​ពិនិត្យ​និង​ឆែកឆេរ​ទីតាំង​ជាង​ម៉ឺនកន្លែង​នៅ​ក្នុង​រាជធានី​ប្រទេស​ថៃ ដែល​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​ក្នុង​ការ​ស្វែង​រក​អ្នក​បំផ្ទុះ​គ្រាប់បែក​និង​អ្នក​ដទៃ​ទៀត​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ទុះ​ចុង​ក្រោយ​ដ៏​សាហាវ​កាល​ពី​ថ្ងៃ​ចន្ទនៅទី​សក្ការ Erawan។

ដំបូង​ឡើយ មន្ត្រី​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ការ​ផ្ដល់​ជំនួយ​ពិសេស​ពី​អ្នក​ជំនាញ​អន្តរជាតិ​ដើម្បី​ជួយ​ក្នុង​ការ​ស៊ើប​អង្កេត​នូវអ្វី​ដែល​ពួកគេ​កំពុង​ហៅ​ថា​ កា​បំផ្ទុះ​គ្រាប់​បែក​ដ៏​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ទីក្រុង​បាងកក។

រូប​ថត​ជន​សង្ស័យ​សំខាន់​ផ្តល់​ដោយ​ប៉ូលីស​ថៃ

ប៉ុន្តែ​ឥឡូវ​នេះ ប៉ូលិស​បាន​និយាយ​ថា​ពួកគេ​មិន​មាន​ឧបករណ៍​ទំនើប​ដែល​គេ​ប្រាថ្នា​ចង់​បាន​ទេ ហើយ​ «កិច្ច​សហ​ប្រតិបត្តិការ‍» ពី​បរទេស​នឹង​ត្រូវ​បាន​ស្វាគមន៍។

មេ​បញ្ជាការ​នគរបាល​ជាតិ​លោក​ឧត្ដមសេនីយ៍​ Somyot Poompunmuang បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ប្រទេស​ដទៃ «ប្រើ​ប្រព័ន្ធ​ជីវមាត្រ biometrics ដែល​អាច​ស្គាល់ស្នាម​ម្រាមដៃ​ មុខ​ និង​ប្រស្រីភ្នែក​ ដែល​បច្ចេកវិទ្យា​នេះ​ប្រទេស​ថៃ​មិនទាន់​មាន​នៅ​ពេល​នេះ»។

​លោក​ឧត្តមសេនីយ៍នេះ​ក៏​បាន​និយាយ​ថា ​ការ​ទទួល​ការ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ឲ្យ​បាន​ច្បាស់លាស់ត្រូវ​បាន​រារាំង​ដោយ​កាមេរ៉ា​សន្តិសុខ ​CCTV ដែល​បាន​ខូច​តាម​បណ្ដោយ​ផ្លូវ​រត់​គេច​របស់​ជន​សង្ស័យ​សំខាន់នៅ​កណ្ដាល​ក្រុង​បាងកក។

អាជ្ញាធរ​បាន​និយាយ​ជាន់​កែងខ្លួន​ឯងអំពី​ថា​តើ​ជន​សង្ស័យ​ដ៏​សំខាន់​នេះ​គឺទំនង​ជា​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ឡើយឬ​ទេ?

​គ្មាន​អង្គការ​ណា​មួយ​បាន​ធ្វើ​ការ​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទី​សក្ការ ​សាសនាដែល​មាន​ប្រជាប្រិយភាព​សម្រាប់​ភ្ញៀវ​ទេសចរ​អាស៊ី​នោះ​ទេ។

ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​នោះ​ មាន​មនុស្ស​បី​នាក់​ត្រូវ​បាន​ចាប់ខ្លួន​គឺ​ ពីរ​នាក់​ជាជនជាតិ​ថៃ​ ពី​បទ​ផ្សព្វផ្សាយព័ត៌មាន​ចចាម​អារាម​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​និង​ម្នាក់​ទៀតជា​អ្នក​ថត​រូប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ ដែល​បាន​ប៉ុនប៉ង​ដើម្បី​យក​អាវក្រោះ​ការពារ​រាងកាយ​និង​មួក​សុវត្ថិភាពឡើង​យន្តហោះត្រឡប់​ទៅ​ស្រុក​វិញ​បន្ទាប់​ពី​ធ្វើ​ការ​រាយការណ៍​អំពី​ផល​ប៉ះពាល់​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​បាងកកនេះ៕

ប្រែ​សម្រួល​ដោយ មាន​ ឥស្សរាយស