ស្ត្រី​ឆ្នើម​គណបក្ស​សង្គ្រោះ​ជាតិ​ប្តេជ្ញា​ដណ្តើម​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ

ក្រុម​ស្រ្តី​ក្រុម​ប្រឹក្សា​ឃុំ​នៃ​គណបក្ស​សង្រ្គោះជាតិ​មកពី​ខេត្ត​នានា​​ចូលរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នារាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

លោក​ថា​ចំនួន​តិច​នេះ​ដោយ​សារ​ស្រ្តី​នៅ​តែ​ត្រូវ​បាន​គេ​រើសអើង និង​មិន​ទាន់​ផ្តល់​ឱកាស​ឲ្យ​គ្រប់គ្រាន់ បើ​ទោះ​បី​ជា​ស្រ្តី​អាច​បំពេញ​ការងារ​ល្អ​ជាង​បុរស​ក៏​ដោយ។

ក្រុម​ស្រ្តី​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​រាជធានី​ខេត្ត​ បាន​ប្តេជ្ញា​ក្នុង​ការ​ដណ្តើម​តំណែង​ជា​ចៅ​សង្កាត់​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ។

ក្រុម​ស្រ្តី​ឆ្នើម​របស់​គណបក្ស​សង្គ្រោះ​ជាតិដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​ជា​បេក្ខភាព​ ឈរ​ឈ្មោះ​បោះឆ្នោត​អាណត្តិ​ថ្មី​ ប្តេជ្ញា​ថា​នឹង​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យធ្វើ​ជា​មេឃុំ​ចៅ​សង្កាត់​នៅ​ឆ្នាំ​២០១៧​ខាងមុខ។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ គណបក្ស​ប្រឆាំង​បាន​រៀបចំ​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ដែល​មាន​លោក កឹម សុខា​ប្រធាន​ស្តីទី​បក្ស​និង​ស្រ្តី​ឆ្នើម​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​២០រូប​ក្នុង​កម្មវិធី​រយ​ពាន់​ពន្លឺ​ដើម្បី​ស្រ្តី​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​របស់​ខ្លួន។

ចៅ​សង្កាត់​រង​ទី២​នៃ​សង្កាត់​អូរចា ក្រុង​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ប្រាប់ VOA ថា កញ្ញា​នឹង​ខិត​ខំ​ប្រកួត​ប្រជែង​ដើម្បី​ក្លាយ​ជា​ចៅសង្កាត់​ក្នុង​ពេល​ខាង​មុខ ដើម្បី​អភិវឌ្ឍ​ភូមិ​ឃុំ​ឲ្យ​មាន​ភាព​រីក​ចម្រើន។ កញ្ញា​បន្ត​ថា ស្រ្តី​គឺ​ជា​អ្នក​ដឹកនាំ​ដ៏​សំខាន់​ និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ឃុំ​សង្កាត់។

កញ្ញា​បន្ថែម​ថា៖

«ក្នុង​នាម​ស្រ្តី​ ក្នុង​នាម​ភាព​ជា​អ្នកដឹកនាំ មិន​ថា​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​ឃុំ​សង្កាត់​ក្តី​ ថ្នាក់​ដឹកនាំ​ជាតិ​ក្តី ស្រ្តី​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​សង្គម​ជាតិ​ទាំង​មូល ទី១​ស្រ្តី​ស្វែង​យល់​ពី​ទុក្ខ​លំបាក​របស់​ស្រ្តី​ដូចគ្នា ទី២​គឺ​ស្រ្តីយល់​ដឹង​និង​ស្វែងយល់​អំពី​ទុក្ខ​លំបាក​របស់​បុរស​ផង​ដែរ ហើយ​មួយ​វិញ​ទៀត​គឺ​សម្រាប់​ស្រ្តី​ក្នុង​ភាព​ដឹកនាំ​ក្នុង​មូលដ្ឋាន គឺ​ស្រ្តី​មាន​ភាព​ស្មោះត្រង់​ចំពោះ​ប្រជាពលរដ្ឋ កាល​ណា​ស្រ្តី​ក្លាយ​ជា​ថ្នាក់​ដឹកនាំ​ គឺ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ឃុំ​សង្កាត់ និងសង្គម​ជាតិ​គឺ​មាន​ការ​កាត់​បន្ថយ​យ៉ាង​ខ្លាំង»។

នាង​ស៊ិន ចាន់ពៅ​រ៉ូហ្ស៊េត ចៅ សង្កាត់រង​ទី​ពីរ​នៃ​សង្កាត់អូចារ​នៃ​គណបក្ស​សង្រ្គោះជាតិ​ខេត្ត បាត់ ដំបង​ ផ្ដល់​បទ សម្ភាសន៍​ជាមួយ​VOA​កំឡុង​ពេល​ចូលរួមរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នារាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា។ (រូបភាព៖ ឡេង ឡែន)

កញ្ញា​បន្ថែម​ថា តាម​រយៈ​សកម្មភាព​ការងារ​ជា​ចៅ​សង្កាត់​រងទី២​ក្នុង​ការ​ចុះ​ជួប​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ និង​ជួយ​ដោះ​ស្រាយ​បញ្ហា​នានាកន្លង​មក​ កញ្ញា​រំពឹង​ថា​ ប្រជា​ពលរដ្ឋ​នឹង​បោះ​ឆ្នោត​ឲ្យ​កញ្ញា​ធ្វើ​ជា​ចៅ​សង្កាត់ ដើម្បី​ជួយ​សម្រប​សម្រួល​បញ្ហា​របស់​បុរស និង​ស្រ្តី​ដោយ​មិន​រើស​អើង​គណបក្ស។

ចៅ​សង្កាត់​រង​ទី២នៃ​សង្កាត់​ឫស្សីកែវ អ្នកស្រី ច័ន្ទ សំណាង​ ប្រាប់ VOA ថា អ្នកស្រី​រំពឹង​ថា​នឹង​ជាប់​ឆ្នោត​ធ្វើជា​ចៅ​សង្កាត់​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ក្នុង​សង្កាត់​ និង​លើក​កម្ពស់​ស្រ្តី​ចូល​រួម​ក្នុង​ការងារ​សង្គម​ឲ្យ​បាន​កាន់​តែ​ច្រើន។

អ្នកស្រី​បន្ថែម​ថា៖

«នៅ​ក្នុង​សង្កាត់​នីមួយៗ ជា​ពិសេស​ដូច​នៅ​ក្នុង​សង្កាត់​នាង​ខ្ញុំ​ហ្នឹង ​គឺ​មាន​កិច្ច​ការ​ជា​ច្រើន ហើយ​កិច្ចការ​ជាច្រើន​ហ្នឹង​មាន​ន័យ​ថា​ មិន​ខ្វះ​ទេ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ចំពោះ​មុខ​ តាំង​ពី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ តាំង​ពី​ការ​អភិវឌ្ឍ​ផ្នែក​មិនមែន​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​យើង​ត្រូវ​ការ​មាន​ការ​អភិវឌ្ឍ តាំង​ពី​បញ្ហា​សុខភាព​ប្រជាពលរដ្ឋតាំង​ពី​បញ្ហា​ពាក់ព័ន្ធ​លើ​សេវា​សាធារណៈ ហ្នឹង​សុទ្ធ​តែ​ជា​បញ្ហា​ពាក់​ព័ន្ធ​ទាំងអស់​ជាមួយ​ហ្នឹង»។

ប្រធាន​ចលនា​ស្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី គុណ លំអង ប្រាប់​ VOA ថា ​ស្រ្តី​ឆ្នើម​ទាំង​២០​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹងជាប់​ធ្វើ​ជា​ចៅ​សង្កាត់ក្នុង​ឆ្នាំ​២០១៧ ​ប្រសិន​ជា​ការ​បោះឆ្នោត​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ។ លោកស្រី​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជំរុញ​ឲ្យ​ស្រ្តី​ចូលរួម​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ឃុំ​សង្កាត់​ឲ្យ​បាន​ច្រើន ដើម្បី​លើក​ស្ទួយ​និង​ពង្រឹង​សមត្ថភាព​ស្រ្តី​ក្នុង​ការដឹកនាំ។

លោកស្រី​មាន​ប្រសាសន៍​ប្រាប់ VOA ​ថា៖

«ដំបូង​គឺ​យើង​រៀប​រចនា​សម្ព័ន្ធ​ស្រ្តី​ពី​ថ្នាក់​មូលដ្ឋាន​មក ពី​ថ្នាក់​ភូមិ​ឃុំ​ស្រុក រហូត​ខេត្ត ​រហូតថ្នាក់​ជាតិ យើង​រៀប​រចនា​សម្ព័ន្ធ​បាន​ហើយ ​យើង​បើក​វគ្គ​បណ្តុះបណ្តាល វគ្គ​បណ្តុះ​បណ្តាល​ហ្នឹងគឺ​យើង​ទៅ​ដល់​ស្រុក ទៅ​ដល់​ខេត្ត បាន​ន័យ​ថា​ទៅ​ដល់​ភូមិ​ឃុំ​ដែលគាត់​រស់នៅ​តែ​ម្តង។ ក្នុង​វគ្គ​បណ្តុះបណ្តាល​ហ្នឹង​យើង​ពាំនាំ​យក​ព័ត៌មាន​យក​ចំណេះ​ដឹង​ធ្វើ​យ៉ាង​ណា ពង្រឹង​ពង្រីក​សមត្ថភាព​របស់​គាត់​ដើម្បី​ឲ្យ​គាត់​ត្រៀម​ខ្លួន»។

លោកស្រី​គុណ លំអង ប្រធាន​ចលនាស្រ្តី​នៃ​គណបក្សសង្គ្រោះ​ជាតិផ្ដល់បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​សិក្ខាសាលា​បណ្ដុះបណ្ដាល​ក្រុមអ្នក​តំណាង​ស្រ្តី​នៃ​គណបក្សសង្គ្រោះ​ជាតិ​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នា​រាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា។ (រូបភាព៖ ឡេង ឡែន)

មន្ត្រី​ច្បាប់​និង​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្វ្រែល លោក យឿង សុធារ៉ា មាន​ប្រសាសន៍​ថា សមាសភាព​ស្រ្តី​ក្នុង​ការ​ដឹកនាំ​ឃុំ​សង្កាត់​នៅ​កម្ពុជា​មាន​ចំនួន​តិច​នៅ​ឡើយ។ លោក​ថា​ចំនួន​តិច​នេះ​ដោយ​សារ​ស្រ្តី​នៅ​តែ​ត្រូវ​បាន​គេ​រើសអើង និង​មិន​ទាន់​ផ្តល់​ឱកាស​ឲ្យ​គ្រប់គ្រាន់ បើ​ទោះ​បី​ជា​ស្រ្តី​អាច​បំពេញ​ការងារ​ល្អ​ជាង​បុរស​ក៏​ដោយ។

លោក​បន្ថែម​ថា៖

«សម្រាប់​ការងារ​ផ្នែក​នយោបាយប្រើ​កម្លាំង​ប្រាជ្ញា​ប្រើ​បញ្ញា​ញាណ គឺ​ថា​ស្រ្តី​គាត់​ល្អិត​ល្អន់​ជាង​ គាត់​ធ្វើ​ការ​មួយៗ​គឺ​ថា​ច្បាស់​របស់​គាត់​ ហើយ​គាត់​ចេះ​ប្រើ​វិធីសាស្រ្ត​គេ​ហៅ soft skill (ទន់ភ្លន់) គាត់​ប្រើ​តិចនិក​ទន់ភ្លន់​ក្នុង​ការ​ចរចា ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​របស់​គាត់ ដូច​មាន​រឿង​មាន​អី ស្រ្តី​ហ្នឹង​ដោះ​ស្រាយ​តាម​បែប​ផែន​របស់​គាត់​គឺ​ថា ​ម៉ឺងម៉ាត់​ហើយ​ទន់ភ្លន់​ជាង​បុរស»។​

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៥​របស់​អង្គការ​ខុមហ្វ្រែល​ បង្ហាញ​ថា​ ស្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ​២០១៥​មាន​ចំនួន​១០៨​នាក់ លើស​ឆ្នាំ​២០១៤ ដែល​មាន​ចំនួន​តែ​៩៥​នាក់។ ​បើ​ទោះ​ជា​ចំនួន​ស្រ្តី​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៥ តែ​ស្ត្រី​នៅ​តែ​មាន​ចំនួន​តិច​ក្នុង​មុខ​តំណែង​សំខាន់​មួយ​នេះ៕