ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សង្គ្រោះ​ជាតិ​សុំ​ឲ្យ​គ.ជ.ប.​​សម្រួល​​ការចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​កម្មករ​ និង​ពលករ

  • ហ៊ាន សុជាតា

រូបឯកសារ៖ ស្រ្តី​​​ទាំង​នេះ ឈរ​តម្រៀប​ជួរ​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត។

លោក​សុន ឆ័យ​បាន​ឲ្យ​ដឹង​ថា​ គណបក្ស​ជំទាស់​បាន​​ស្នើ​សុំឲ្យ​​ក្រសួង​ការងារ​​ណែ​​នាំ​ឲ្យ​ថៅកែ​​រោងចក្រ​ ឬ ​គ្រឹះស្ថាន​នានា​​ផ្តល់​លទ្ធភាព​​ឲ្យ​បុគ្គលិក​ ឬ​ កម្មករ​​អាច​ទៅ​​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​អំឡុង​ពេល​ដែល​ គ.ជ.ប.​​បើក​ទទួល​ចុះ​ឈ្មោះ​នោះ។​

គណបក្ស​សង្គ្រោះ​ជាតិ ​នា​ថ្ងៃ​ពុធ​នេះ​ បាន​ស្នើ​សុំ​ទៅ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​គ.ជ.ប. និង​ក្រសួង​ការងារ​ជួយ​សម្រួល​ដល់​កម្មករ​ និង​ពលករ​ ​ទាំងក្នុង ​និង​ក្រៅ​ស្រុក​ ​ឲ្យមាន​លទ្ធភាព​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​កាន់​តែ​ច្រើន។​ នេះ​បើ​តាម​លោក ​សុន ឆ័យ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​នៅ​ទី​ស្នាក់​ការ​គណបក្សនៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។​ ​លោក​សុន ឆ័យ​បាន​ឲ្យ​ដឹង​ថា​ គណបក្ស​ជំទាស់​បានស្នើ​សុំឲ្យក្រសួង​ការងារណែនាំ​ឲ្យ​ថៅកែរោងចក្រ​ ឬ ​គ្រឹះស្ថាន​នានាផ្តល់​លទ្ធភាពឲ្យ​បុគ្គលិក​ ឬ​ កម្មករអាច​ទៅចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​អំឡុង​ពេល​ដែល​ គ.ជ.ប.បើក​ទទួល​ចុះ​ឈ្មោះ​នោះ។​ លោក​បន្ថែម​ថា​ គណបក្ស​ជំទាស់​ ក៏​បាន​សំណូមពរស្នើ​សុំឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ជួយ​សម្រួលឲ្យ​ពលករ​កម្ពុជា​ដែល​ធ្វើ​ការ​នៅ​បរទេស​ អាចត្រឡប់​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា​វិញ​ផង​ដែរ។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បានស្នើ​ឲ្យ​គ.ជ.ប. គិត​គូរ​បើក​ឲ្យមាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ​អំឡុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ​ជា​ពេលមួយ​ដែល​កម្មករ​ កម្មការិនី​ និង​ពលករ​ខ្មែរ​ភាគ​ច្រើន​ អាច​ឈប់​សម្រាក​រយៈ​ពេល​វែង និង​អាច​ឲ្យ​ពួកគេ​ទៅចុះ​ឈ្មោះ​បោះឆ្នោត​បាន។​

លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប.បាន​ឲ្យ​ដឹង​ថា​ គ.ជ.ប.​ នឹងពិចារណា​សំណើ​ទាំង​នោះ ក៏​ប៉ុន្តែការ​សម្រេច​យ៉ាង​ណា​នោះ​នឹង​ធ្វើ​ឡើង​តាម​លទ្ធភាព​ជាក់​ស្តែង។​

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ខែ​មិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ​ ​ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រនៅ​ឆ្នាំ​២០១៨។ ​ហើយ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាថ្មីសម្រាប់​អ្នក​បោះ​ឆ្នោត​ចំនួន​៩​លាន​នាក់​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១​ខែ​កញ្ញា​ដល់​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦នេះ៕

XS
SM
MD
LG