ធនាគារកណ្តាលសហរដ្ឋអាមេរិកបានព្រមានថា ផលប៉ះពាល់ដោយសារវិបត្តិបំណុលក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន អាចជះឥទ្ធិពលទៅលើទីផ្សារហិរញ្ញវត្ថុពិភពលោក និងធ្វើឲ្យខូចខាតកំណើនសេដ្ឋកិច្ច រួមទាំងកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកផងដែរ។
ការព្រមាននៅថ្ងៃចន្ទកន្លងទៅធ្វើឡើងនៅក្នុងរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ ដែលចេញផ្សាយ២ដងក្នុងមួយឆ្នាំ ដោយធនាគារកណ្តាលសហរដ្ឋអាមេរិក។ ច្បាប់មុននៃរបាយការណ៍នេះបានកត់សម្គាល់ការព្រួយបារម្ភអំពីកម្រិតបំណុលដ៏ខ្ពស់ក្នុងចំណោមក្រុមហ៊ុនចិន។
ប៉ុន្តែរបាយការណ៍ថ្មីបំផុតនេះបានលើកឡើងចំឈ្មោះក្រុមហ៊ុនចិន China Evergrande Group ដែលជាក្រុមហ៊ុនអចលនទ្រព្យចម្រុះជាប់បំណុលដ៏ច្រើន។ កាលពីល្ងាចថ្ងៃអង្គារ ក្រុមហ៊ុននេះហាក់ដូចជាបានរួចខ្លួនដោយប្រផិតប្រផើយពីអ្វីដែលអាចជាគ្រោះមហន្តរាយមូលប័ត្របំណុលរបស់អ្នកវិនិយោគអន្តរជាតិ។
ក្រុមហ៊ុន Evergrande នេះ បានក្លាយជាឧទាហរណ៍មួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិនបង្ខំឲ្យក្រុមហ៊ុនធំៗដោះស្រាយបន្ទុកបំណុលដ៏ធ្ងន់ធ្ងរ។ រដ្ឋាភិបាលចិនបានបង្កើតការរឹតបន្តឹងថ្មីៗ ដែលធ្វើឲ្យក្រុមហ៊ុនជាច្រើន ដូចជាក្រុមហ៊ុន Evergrande ជាដើម មានការលំបាកឬមិនអាចរកបំណុលថ្មីដោះស្រាយបំណុលចាស់នៅថ្ងៃកំណត់សងនោះទេ។ ជាលទ្ធផល ក្រុមហ៊ុនជាច្រើនបានព្យាយាមលក់ទ្រព្យសម្បត្តិដើម្បីដោះបំណុល។
ទោះបីជា គម្រោងសាងសង់រាប់សិបរបស់ក្រុមហ៊ុននេះនៅទូទាំងប្រទេសចិនត្រូវបានផ្អាក ដោយសារកម្មករ និងអ្នកផ្គត់ផ្គង់មិនទទួលបានប្រាក់ខែក៏ដោយ ក៏ក្រុមហ៊ុនEvergrande បានចេញមុខយ៉ាងក្លាហានចំពោះបញ្ហាដ៏លំបាករបស់ខ្លួន។ នៅក្នុងកំណត់សម្គាល់មួយទៅកាន់និយោជិតផ្សព្វផ្សាយនៅតាមWeChat អ្នកគ្រប់គ្រងបាននិយាយថា «បុគ្គលិកទាំងអស់របស់ក្រុមបានធានាថា គម្រោងសាងសង់នឹងធ្វើឱ្យបានដោយការតាំងចិត្តនិងប្រឹងប្រែងខ្ពស់បំផុតហើយសាងសងអចលនទ្រព្យប្រកបដោយគុណភាព និងបរិមាណខ្ពស់បំផុត»៕