តុលាការសហព័ន្ធមួយបានចេញបទបញ្ជាទប់ទល់បណ្តោះអាសន្នមួយប្រឆាំងនឹងការសាកល្បងលើកទីពីររបស់ប្រធានាធិបតី Donald Trump ក្នុងការប្រើប្រាស់បទបញ្ជានីតិប្រតិបត្តិមួយដើម្បីផ្អាកការទទួលពួកជនភៀសខ្លួនចូលក្នុងប្រទេសអាមេរិក និងហាមប្រាមការផ្តល់ទិដ្ឋាការថ្មីៗដល់ពួកមនុស្សមកពីប្រទេស៦។
កាលពីថ្ងៃពុធចៅក្រម Derick Watson បានរកឃើញថា ការជំទាស់តាមផ្លូវច្បាប់ធ្វើដោយរដ្ឋហាវ៉ៃទំនងជានឹងមានជោគជ័យដោយមានការជជែកបង្ហាញហេតុផលថាបទបញ្ជានីតិប្រតិបត្តិនេះរំលោភលើប្រការ Establishment នៃរដ្ឋធម្មនុញ្ញដែលតម្រូវឱ្យមានសកម្មភាពរបស់រដ្ឋាភិបាលមិនឱ្យមានគោលបំណងយកសាសនាជាធំដែលភាសាអង់គ្លេសហៅថា Secular Purpose ជាដំបូងសិន។
លោកចៅក្រម Derick Watson ចង្អុលបង្ហាញដល់សេចក្តីថ្លែងការណ៍របស់លោក Trump និងពួកសហការីរបស់លោកនៅមុន និងនៅក្រោយប្រធានាធិបតីរូបនេះបានជាប់ឆ្នោតកាលពីខែវិច្ឆិកា។ ពួកអ្នកឃោសនាបោះឆ្នោតឱ្យលោក Trump ធ្លាប់រួមបញ្ចូលការអំពាវនាវមួយឱ្យហាមប្រាមពួកអ្នកកាន់សាសនាឥស្លាមទាំងអស់មិនឱ្យចូលក្នុងស.រ.អា. ដែលជាគោលនយោបាយមួយនៅពេលបន្ទាប់មកបានត្រូវកែប្រែទៅជា «ការពិនិត្យយ៉ាងហ្មត់ចត់បំផុត» លើក្រុមមនុស្សមកពីពួកប្រទេសមានការភ្ជាប់ទំនាក់ទំនងជាមួយភេរវកម្ម។
លោកចៅក្រម Watson បាននិយាយថា ករណីនៅចំពោះមុខលោកមានរួមបញ្ចូល «ភស្តុតាងច្រើនក្រាស់ក្រែល និងមិនអាចច្រានចោលបាននៃអរិភាពខាងសាសនាដែលជំរុញឱ្យមានការប្រកាសឱ្យប្រើបទបញ្ជាប្រតិបត្តិនេះ និងបទបញ្ជាមុននេះដែលមានការទាក់ទងគ្នា»។
រដ្ឋបាលលោក Trump បាននិយាយថា ការហាមប្រាមនេះជាការចាំបាច់ដើម្បីការពារប្រទេសពីការគំរាមកំហែងភេរវកម្ម៕