តុលាការ​សហព័ន្ធ​បញ្ជា​ឲ្យ​ CDC ​បញ្ចេញ​គោលនយោបាយ​បណ្តាញ​ព័ត៌មាន​សម័យ​ប្រធានាធិបតី ​Trump

រូបឯកសារ៖ រូបថត​ផ្តល់​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ ​(CDC)​ដែល​បង្ហាញ​អគារ​ ពិសោធន៍​របស់​CDC កម្ពស់១១​ជាន់​ដែល​ទើប​សាងសង់រួច​នៅ​ទីក្រុង​ Atlanta កាលពីថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ២០០៥។ (Center for Disease Control and Prevention via AP)

បទបញ្ជា​របស់​តុលាការ​សហព័ន្ធ​ដែល​ជំរុញ​ឲ្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ ​(CDC)​ប្រគល់​គោល​នយោបាយ​សម័យ​លោកប្រធានាធិបតី ​Donald Trump ​អំពី​បណ្តាញ​ព័ត៌មាន​នេះ ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ជាលើក​ដំបូងដោយ​ពួក​អ្នក​ជំនាញ​ស្តីពី​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ មាត្រា​១​(First Amendment)។​

ការសម្រេច​នេះ​កើត​មាន​ឡើង​មួយ​ឆ្នាំ​បន្ទាប់ពី​វិទ្យាស្ថាន​ឈ្មោះ​ Knight First Amendment Institute ​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​បន្ទាប់ពី​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​នេះ​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​ស្តីពី​ច្បាប់​សេរីភាព​ព័ត៌មាន​ ឬ (FOIA)។ ​

អ្នកស្រី ​Anna Diakun ​មេធាវី​នៃ​វិទ្យាស្ថាន​នេះ​បាន​ប្រាប់​ VOA ​ថា​ «យើង​មាន​ការ​រំភើប​ចំពោះ​ការ​សម្រេច​នេះ​ ហើយ​យើង​គិត​ថា​ នឹង​មាន​លទ្ធផល​ត្រឹមត្រូវ។​ រដ្ឋាភិបាល​បាន​លាក់​ឯកសារ​ទាំង​អស់​នេះ​ដោយ​អះអាង​អំពី​ឯក​សិទ្ធិ​ដែល​មិន​បាន​ទទួល​ការគាំទ្រ​ ហើយ​តុលាការ​បាន​ទទួល​ស្គាល់​ថា ​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ហេតុផល​សមស្រប​ ​ហើយ​មិន​បាន​បង្ហាញ​ថា ​ខ្លួន​មាន​សិទ្ធិ​ត្រឹម​ត្រូវ​មិន​ប្រគល់​ឯកសារ​ទាំង​នោះ»។​

តុលាការ​កាលពី​ដំបូង​បាន​បញ្ជា​ឲ្យ​បញ្ចេញ​ឯកសារ​នោះ​នៅ​ត្រឹម​ថ្ងៃ​ទី២៤​ ខែ​កញ្ញា ​ក៏ប៉ុន្តែវា​ត្រូវ​បាន​អូសបន្លាយ​ដល់​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​មាន​ពេល​សម្រេច​ថា ​តើ​ខ្លួន​នឹង​ធ្វើ​ការប្តឹង​ឧទ្ធរណ៍​ឬ​អត់៕