ក្រុមហ៊ុនឱសថ Pfizer និង BioNTech បានឲ្យដឹងកាលពីថ្ងៃចន្ទថា វ៉ាក់សាំងកូវីដ១៩ កម្រិតខ្សោយចំនួនពីរដូស គឺមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់កុមារអាយុចន្លោះពី ៥ ដល់១១ឆ្នាំ។
ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ ដែលជាដៃគូ បានឲ្យដឹងថា ការសាកល្បងបង្ហាញថា វ៉ាក់សាំងនេះមិនខ្លាំង តែសកម្មក្នុងការបង្កើតការឆ្លើយតបនៃអង្គបដិប្រាណ ដោយប្រើកម្រិតដូសទាប ដែលចាំបាច់ចំពោះកុមារតូចៗ។
ក្រុមហ៊ុន Pfizer បាននិយាយថា ក្នុងពេលឆាប់ៗនេះ ខ្លួនមានគម្រោងសុំការអនុញ្ញាតឲ្យប្រើវ៉ាក់សាំងនេះសម្រាប់អ្នកជំងឺវ័យក្មេងនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ដែលអាចពង្រីកវិសាលភាពនៃកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង។ កុមារអាមេរិកប្រហែល ២៨លាននាក់ មានអាយុពី ៥ ដល់ ១១ឆ្នាំ ហើយមនុស្សពេញវ័យរាប់លាននាក់ នៅតែបដិសេធមិនចាក់វ៉ាក់សាំង។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា មនុស្សជាង ១៨១ លាននាក់ បានចាក់វ៉ាក់សាំងពេញលេញនៅក្នុងប្រទេស ប៉ុន្តែមនុស្ស ៧០ លាននាក់ទៀតដែលមានអាយុចាប់ពី ១២ ឆ្នាំឡើង មិនបានចាក់វ៉ាក់សាំងទេ។
ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនបានសិក្សាអំពីដូសកម្រិតខ្សោយ គឺមួយភាគបីនៃដូសរបស់មនុស្សពេញវ័យ នៅក្នុងការធ្វើតេស្តដែលមានសិស្សមត្តេយ្យ និងសិស្សសាលាបឋមសិក្សាជាង ២២០០ នាក់ចូលរួម។ កុមារពីរភាគបីត្រូវ បានចាក់វ៉ាក់សាំងហើយចំនួនដែលនៅសល់ត្រូវបានចាក់ថ្នាំទឹកប្រៃ។ ក្រុមហ៊ុនបាននិយាយថា កុមារដែលចាក់វ៉ាក់សំាងបានបង្កើតកម្រិតអង្គបដិប្រាណដែលរឹងមាំដូចអង្គបដិប្រាណក្នុងខ្លួនក្មេងជំទង់ និងមនុស្សពេញវ័យ ដែលបានចាក់វ៉ាក់សំាងរួចដែរ។
ឥឡូវនេះ នៅពេលដែលសិស្សបានចូលសាលារៀនវិញ ហើយវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) រីករាលដាលពាសពេញសហរដ្ឋអាមេរិកនោះ ឪពុកម្តាយជាច្រើនចង់ឲ្យមន្រ្តីសុខាភិបាលរដ្ឋាភិបាលអនុម័តវ៉ាក់សាំងសម្រាប់កូនតូចៗរបស់ពួកគេ។
បើប្រៀបធៀបជាមួយមនុស្សពេញវ័យ កុមារមានហានិភ័យទាបចំពោះការឈឺធ្ងន់ធ្ងរ ឬស្លាប់ដោយសារជំងឺកូវីដ១៩ ប៉ុន្តែកុមារជាង៥លាននាក់នៅអាមេរិកបានឆ្លងជំងឺនេះ ហើយយ៉ាងហោចណាស់កុមារ ៤៦០ នាក់បានស្លាប់។ នេះបើតាមបណ្ឌិត្យសភាអាមេរិកផ្នែកពេទ្យកុមារ (American Academy of Pediatrics)។
ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Moderna ក៏កំពុងសិក្សាអំពីថ្នាំរបស់ខ្លួនសម្រាប់កុមារតូចៗផងដែរ។ ទាំងក្រុមហ៊ុន Pfizer និង Moderna កំពុងសិក្សាពីការប្រើវ៉ាក់សាំងចំពោះទារកចាប់ពីអាយុ ៦ ខែ ដោយរំពឹងថា នឹងចេញលទ្ធផលនៅចុងឆ្នាំនេះ។
គិតត្រឹមថ្ងៃចន្ទ ការស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៦៧៥.៩៧៥ នាក់ហើយ៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Reuters។